ខេត្តក្រចេះ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥ រយៈពេលចំនួន ២១ថ្ងៃ។
យោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេលចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
ឯកសារនោះ បានណែនាំដល់ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាល ក្រុង-ស្រុក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ