ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពតបើកពិព័រណ៍ភូមិ១ផលិតផល១ ជំរុញស្មារតីជាតិនិយម គាំទ្រផលិតផលខ្មែរ និងគ្រោងចុះបញ្ជី ១៦មុខទៀតក្នុងឆ្នាំ២០២៥

15 ម៉ោង មុន

​ខេត្តកំពត៖ ​ខេត្តកំពតបើកពិព័រណ៍ភូមិ១ផលិតផល១ ជំរុញស្មារតីជាតិនិយម គាំទ្រផលិតផលខ្មែរ និងគ្រោងចុះបញ្ជី ១៦មុខទៀតក្នុងឆ្នាំ២០២៥ ខណៈកន្លងមកមានផលិតផល-សេវាកម្មចំនួន៥៧ បានបញ្ជីទទួលស្គាល់។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថាស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសប្រកាន់យកស្មារតីជាតិនិយម…

​ខេត្តកំពត៖ ​ខេត្តកំពតបើកពិព័រណ៍ភូមិ១ផលិតផល១ ជំរុញស្មារតីជាតិនិយម គាំទ្រផលិតផលខ្មែរ និងគ្រោងចុះបញ្ជី ១៦មុខទៀតក្នុងឆ្នាំ២០២៥ ខណៈកន្លងមកមានផលិតផល-សេវាកម្មចំនួន៥៧ បានបញ្ជីទទួលស្គាល់។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថាស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសប្រកាន់យកស្មារតីជាតិនិយម ពិសេសការងាកមកគាំទ្រពេញទំហឹងចំពោះផលិតផលខ្មែរ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពតបានបើកពិធីពិព័រណ៍ភូមិ១ផលិតផល១ដោយនាំយកផលិតផលក្នុងខេត្តកំពត និងពីបណ្តាខេត្តនានាមកដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវសម្រាប់រយ:ពេល៣ថ្ងៃ។

ក្នុងឱកាសនោះ លោក មឿង គង្គា អនុប្រធានគណ:កម្មាធិការជំរុញចលនាភូមិ១ផលិតផល១នៃរដ្ឋបាលខេត្តកំពតបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១មានគោលការណ៍លើកកម្ពស់ផលិតផលក្នុងស្រុកទាំងការផលិត ការដាំដុះ និងគុណភាព អនាម័យ ក៏ដូចជាការប្រើប្រាស់ផលិតផលខ្មែរជំនួសឲ្យការនាំចូលពីក្រៅប្រទេស។ ដោយឡែក គណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្តកំពតបានដាក់ចេញនូវផែនការសំខាន់ៗដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អ។

លោកអនុប្រធានគណៈកម្មាធិការបានបញ្ជាក់ថា មកទល់ពេលនេះ គណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្តកំពតបានចុះបញ្ជីទទួលស្គាល់ផលិតផល-សេវាកម្មចំនួន៥៧ រួមមាន វិស័យកសិកម្មចំនួន១៩ វិស័យឧស្សាហកម្ម-សិប្បកម្មចំនួន១៨ ផលិតផលវត្ថុអនុស្សាវរីយ-សិល្បៈ និងវត្ថុប្រើប្រាស់ចំនួន៦ សេវាកម្មចំនួន៧ និងវិស័យចំណីអាហារចំនួន៧។ គណៈកម្មាធិការកំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍផលិតផលមួយចំនួនជាប្រវត្តិរបស់ខេត្តកំពត ដូចជា ម្រេចកំពត (ម្រេច GI ដែលត្រូវបានទទួលស្គាល់ជាសកល) ទុរេនកំពត អំបិលកំពត ទឹកត្រីកំពត និងផលិតផលកសិកម្មដទៃទៀត។

លោក មឿង គង្គា បានបញ្ជាក់បន្ថែមថាលើនេះក៏មានផលិតផល១៦មុខផ្សេងទៀតគ្រោងនឹងដាក់ស្នើសុំចុះបញ្ជីក្នុងឆ្នាំ២០២៥នេះ។

​ថ្លែងបើកពិធីពិព័រណ៍ខាងលើ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានជំរុញចលនាជាតិភូមិ១ផលិតផល១បានមានប្រសាសន៍ថា ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងនាំគ្នាប្រកាន់យកស្មារតីជាតិនិយមដោយងាកមកគាំទ្រពេញទំហឹងចំពោះផលិតផលខ្មែរ សូមម្ចាស់ផលិតកម្មទាំងអស់បង្កើនការផលិតដើម្បីបញ្ចៀសឲ្យបានពីការប្រើប្រាស់ ឬរំពឹងតែលើទំនិញនាំចូលមកពីក្រៅប្រទេស។ ជាមួយនេះ បងប្អូនជាផលិតករក៏ត្រូវពង្រឹងទាំងគុណភាព អនាម័យ និងរក្សាតម្លៃផលិតផលដែលជាគន្លឹះសំខាន់ក្នុងការទាក់ទាញអតិថិជនឲ្យបន្តប្រើប្រាស់ផលិតផលខ្មែរជានិច្ចនរន្តរ៍៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ