ធ្លាក់កម្ទេចផ្កាភ្លើងផ្សាដំបូលសំយ៉ាបឃ្លាំងស្តុកប្រេងនិងគ្រឿងបន្លាស់ឡានរាលដល់ផ្ទះអ្នកលក់ទូរស័ព្ទ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ធ្លាក់កម្ទេចផ្កាភ្លើងផ្សាដែលដំបូលសំយ៉ាបឃ្លាំងស្តុកប្រេង ស្តុកសំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្តរាលដល់ផ្ទះលក់ទូរស័ព្ទមួយទៀត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ហើយអាជ្ញាធរ និងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅបាញ់ពន្លត់ ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័តមានបឋមពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ឃ្លាំងខាងលើបានតសំយ៉ាបមកខាងមុខបន្ថែមទៀត ហើយកម្ទេចផ្កាភ្លើងធូបផ្សាដែកបានធ្លាក់លើប្រេងដែលហៀរនៅក្នុងឃ្លាំងនោះ ។ ជាហេតុបង្កឲ្យមានការឆាបឆេះឡើងតែម្ដង ហើយភ្លាមៗនោះជាងផ្សាដែកបាននាំគ្នាពន្លត់ដែរ ប៉ុន្តែពន្លត់អត់ឈ្នះ ហើយភ្លើងបានឆេះរាលពេញក្នុងឃ្លាំងទាំងមូល ព្រមទាំងឆេះរាលដល់ផ្ទះលក់ទូរស័ព្ទនៅជាប់នោះ១ខ្នងទៀតផងដែរ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅបាញ់ពន្លត់រយៈពេលជាង១ម៉ោងក្រោយមកទើបរលត់ទៅវិញទាំងស្រុង ។

ទោះបីជាបែបណា នៅមិនទាន់ដឹងថា ទំហំនៃការខួចខាតដោយគ្រោះអគ្គិភ័យខាងលើនេះគិតជាទឹកប្រាក់ប៉ុន្មាននៅឡើយទេ ហើយមិនមានមនុស្សណាម្នាក់ស្លាប់ ឬរបួសនៅក្នុងហេតុការណ៍នេះឡើយ ៕













ចែករំលែកព័តមាននេះ