រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនពិភពដឹកជញ្ជូនមួយគ្រឿង បានបើកបុករថយន្តប្រភេទយីឌុបដឹកស្កសរមួយគ្រឿងបតឆ្លងផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរទាំងពីររងរបួស ហើយរថយន្តទាំងពីរគ្រឿងរងការខូចខាតនៅកណ្ដាលផ្លូវ កកស្ទះចរាចរណ៍ជាច្រើនម៉ោង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងភូមិស្រែតេជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តដែលកើតមានគ្រោះថ្នាក់ចរាចរណ៍មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខកំពត៣A.០៨៦៣ ជារថយន្តរបស់ក្រុមហ៊ុនពិភពដឹកជញ្ជូន CT.B.៦២ អ្នកបើកបរបានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះ និងមួយគ្រឿងទៀត ដែលបើកឆ្លងផ្លូវម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌សលាយត្រួយចេកជាប្រភេទរថយន្តយីឌុបដឹកស្ករពាក់ស្លាកលេខភ្នំពេញ ៣C.៤៣៧៥ របស់ក្រុមហ៊ុន LOGISTIC CO.LTD អ្នកបើកបរបានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ ។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តរបស់ក្រុមហ៊ុន ពិភពដឹកជញ្ជូនធ្វើដំណើរ តាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជើង ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានបុករថយន្តប្រភេទយីឌុប ដឹកស្ករដែលបើកចេញពីឃ្លាំងបតឆ្លងផ្លូវពេញទំហឹង ។ នៅក្នុងគ្រោះថ្នាក់នោះរថយន្តបានបុកចំទ្វារបណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាត និងបង្កឲ្យអ្នកបើកបរទាំងពីររងរបួសទាំងសងខាង ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបរត្រូវបានបញ្ជូនទៅសង្គ្រោះ ។ ដោយឡែករថយន្តនៅទទឹងផ្លូវ បង្កឲ្យមានការកក់ផ្ទះចរាចរណ៍ជាច្រើនម៉ោង ។ នៅរសៀលនោះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅសម្រួលចរាចរណ៍រហូតដល់វេលាយប់ ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា ការដោះស្រាយខាងណាសងការខូចខាតខាងណានោះទេ៕

ចែករំលែកព័តមាននេះ