ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​គ្រួសារ​ខ្មែរ​ជួបជុំ​នៅ​ទឹកដី​ពិសិដ្ឋ ៖ រមណីយដ្ឋាន​អង្គរ​ទទួល​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​យ៉ាង​កក់ក្តៅ

30 វិនាទី មុន

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ គឺ​មាន​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​រាប់​ម៉ឺន​នាក់ ។ ចំណោម​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​តំបន់​អង្គរ ដែល​ហាក់ដូចជា មានការ​ណាត់​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​នៅ​លើ​ទឹកដី​ពិសិដ្ឋ​នេះ គឺ​មាន​ខ្លះ ទើបតែ​បាន​មក​ទស្សនា​លើក​ដំបូង នៅ​ក្នុង​ឆាកជីវិត​របស់​ពួក​គេ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ ។

យុវជន​ម្នាក់​មក​ពី​ខេត្តកំពង់ស្ពឺ ដែល​ទើបតែ​មក​ទស្សនា​អង្គរ​លើក​ដំបូង ក្នុង​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​នៃ​ថ្ងៃ​បុណ្យ​ជាតិ​បាន​បង្ហាញ​អារម្មណ៍​រំភើប​នៅ​ពេល​ឃើញ​សំណង់​ប្រាសាទបុរាណ​ដ៏​អច្ឆរិយៈ និង​ទេសភាព​វាលស្មៅ​ព្រមទាំង​រុក្ខជាតិ​ពណ៌​បៃតង ដ៏​ស្រស់បំព្រង​យ៉ាង​ស្រស់​ស្អាត ។

លោក ឃី សុខ ដែល​មក​ទស្សនា​តំបន់​អង្គរ ម្នាក់​ទៀត​ក៏​មាន​អារម្មណ៍​រំភើប​នៅ​ពេល​ឃើញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ មក​លេង​អង្គរ​នៅ​ថ្ងៃ​ឈប់​សម្រាក រយៈពេល​៣​ថ្ងៃនេះ​ដែរ ។

ដោយសារ​តែ​រយៈ​នៃ​ថ្ងៃ​បុណ្យ​ប្រពៃ​ជាតិ​នេះ មាន​មនុស្ស​ជា​ច្រើន​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ចូល​ទៅ​ទស្សនា​តំបន់​អង្គរ គឺ​លោក ឃី សុខ ក៏​សូម​ឱ្យ​អ្នក​ដែល​មក​ទស្សនា​អង្គរ​ទាំងអស់​ត្រូវ​ចេះ​យោគយល់ និង​អធ្យាស្រ័យ​ដល់​គ្នា ព្រមទាំង​ថែរក្សា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដោយ​ប្រុង​ប្រយ័ត្ន ឬ​ដើរ​ប្រជ្រៀត​គ្នា​នៅ​តាម​ចំណុច ឬ​ទីតាំង​ណា​ដែល​មាន​មនុស្ស​កកកុញ​ខ្លាំង ។

ចំណែក​លោកយាយ ផុ​ន រ៉េ​ត អាយុ​៧៤​ឆ្នាំ ជា​ពលរដ្ឋ​មក​ពី​ខេត្តកណ្តាល ប្រសាសន៍​ថា គាត់​ធ្លាប់​បាន​មក​ទស្សនា​អង្គរ​ចំនួន​បួន​លើក​មក​ហើយ ។ លោកយាយ​បន្ថែម​ថា ពេល​មក​ទស្សនា​អង្គរ​លើក​នេះ ឃើញ​ថា​ទេសភាព​វាលស្មៅ ព្រៃឈើ ព្រមទាំង​ផ្លូវ​ដើរ​ថ្មើ​ជើង​កាន់តែ​មាន​ភាព​ស្រស់​ស្អាត មាន​របៀបរៀបរយ ស្រួល​ធ្វើ​ដំណើរ​ទស្សនា​ជាង​មុន ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​មានការ​រៀបចំ​កែ​លំអ​បាន​យ៉ាង​ល្អ ។

លោកយាយ បញ្ជាក់​ទៀត​ថា នេះ​ជា​លើក​ទី​១ ការ​ដែល​មក​ទស្សនា​អង្គរ​ចំ​ពេល​ថ្ងៃ​បុណ្យ មាន​មនុស្ស​ច្រើន​កុះករ​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​សប្បាយ​រីករាយ​ប្លែក​ខុស​ពី​ពេល​មុន​ៗ ។ លោកយាយ ក៏​បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​មក​ទស្សនា​អង្គរ​ក្នុង​ពិធីបុណ្យ​ឆ្នាំ​នេះ​ជួយ​ថែរក្សា​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ ព្រោះ​ប្រាង្គ​ប្រាសាទ​ជាទី​សក្ការៈ ។

គ្រូបង្រៀន​ម្នាក់​ទៀត ដែល​មក​ពីសា​លា​ប៊ែ​ល​ធី នៃ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា គាត់​ទើបតែ​បាន​មក​ឃើញ​អង្គរវត្ត​ជា​លើក​ដំបូង​នៃ​ជីវិត ។ លោក​បាន​បង្ហាញ​អារម្មណ៍​រីករាយ និង​ត្រេកអរ​ព្រមទាំង​ស្ញប់ស្ញែង​ជាង​ខ្លាំង​នៅ​ពេល​ឃើញ​ប្រាង្គ​ប្រាសាទបុរាណ​ដ៏​អស្ចារ្យ ព្រមទាំង​នៅ​តំបន់​អង្គរ​មាន​បរិស្ថាន​ស្រស់​ស្អាត ដែល​ស័ក្តិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ ទេសចរ​រូប​នេះ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជា ទេសចរ​គ្រប់​រូប​ជួយ​ចូលរួម​ថែរក្សា​បរិស្ថាន រក្សា​សណ្តាប់ធ្នាប់ ដោយ​ចោល​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​បំណង​រួម​គ្នា​ជួយ​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​នៃ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ