៨ខែនៃឆ្នាំ២០២៥ អាជ្ញាធរវៀតណាមបានអះអាងថា ខ្លួនបានទទួលភ្ញៀវទេសចរបរទេសសរុបជិត១៤លាននាក់ ជាមួយនឹងកំណើន២១,៧ភាគរយ នៅក្នុងនោះភ្ញៀវទេសចរមកពីកម្ពុជាជាប់លំដាប់កំពូលនៅក្នុងបញ្ជីហើយ ។ នេះបើតាមសេចក្តីរាយការណ៍របស់របស់សារព័ត៌មាន Vietnam News ។
ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសនេះបានអះអាងថា ភ្ញៀវទេសចរបរទេសកំពូលគឺមាន ចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា រុស្ស៊ី អូស្ត្រាលី និងម៉ាឡេស៊ី។
ប្រភពដដែលមិនបានបញ្ជាក់អំពីចំនួនភ្ញៀវទេសចរកម្ពុជានិងប្រទេសនីមួយៗឡើយ ប៉ុន្តែសារព៍ត៌មាននេះលើកឡើងថា ភ្ញៀវទេសចរមកតាមអាកាសគឺប្រមាណជា ជិត១២ លាននាក់ ក្រៅពីនោះមាន ១,៩ លាននាក់គឺតាមផ្លូវគោក ហើយសមុទ្រវិញគឺមានតែ ជិត១៩ ម៉ឺននាក់ប៉ុណ្ណោះ ។
ផ្អែកតាមចំណុចនេះអ្នកវិភាគបានលើកឡើងថា ភ្ញៀវទេសចរដែលចូលទៅវៀតណាមតាមផ្លូវគោកមួយភាគធំគឺកម្ពុជា ក្រៅពីនោះអាចមានឡាវ និង ចិន ខ្លះ ។
អ្នកវិភាគរូបនោះបានឲ្យដឹងថា ក្រោយមានបញ្ហាព្រំដែនជាមួយថៃ ពលរដ្ឋកម្ពុជាដែលពីមុនធ្វើដំណើរទេសចរណ៍ទៅថៃ ឫ ស្វែងរកសេវាសុខភាពនៅថៃ នៅពេលនេះពួកគេមួយភាគធំអាចជ្រើសរើសទៅវៀតណាម ជាហេតុនាំឲ្យកំណើនភ្ញៀវទេសចរខ្មែរទៅវៀតណាមគឺមានខ្ពស់ជាពិសេសគឺចាប់ពីខែ មិថុនា ដល់សីហា កន្លងទៅនេះ ។
ចែករំលែកព័តមាននេះ