បរទេស ៖ តម្លៃមាសអន្តរជាតិបានបន្តដំណើរបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ពោលគឺខ្វះត្រឹមតែ១សេនប៉ុណ្ណោះ ដើម្បីឈានដល់តម្លៃ ៣ ៦០០ដុល្លារក្នុង១អោន ឬ ៤ ៣៣៧ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ តាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា កត្តាជំរុញតម្លៃមាសកើនឡើងឥតឈប់ឈរ ដោយសារទិន្នន័យការងាររបស់សហរដ្ឋអាមេរិកបង្ហាញភាពទន់ខ្សោយ បានបង្កើនការរំពឹងទុកសម្រាប់វិនិយោគិនលើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) នៅក្នុងខែនេះ។
តម្លៃមាសអន្តរជាតិបានកើនឡើងដល់ខ្ពស់បំផុតមិនធ្លាប់មានពីមុន ៣ ៥៩៩ដុល្លារក្នុង១អោន ឬ ៤ ៣៣៦ដុល្លារក្នុង១តម្លឹងក្នុងការជួញដូរកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ មុនពេលរក្សាតម្លៃនៅត្រឹម ៣ ៥៨៦ដុល្លារក្នុង១អោន ឬ ៤ ៣២០ដុល្លារ១តម្លឹង គិតត្រឹមម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។
ទិន្នន័យផ្លូវការបានបង្ហាញថា កំណើនការងាររបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែសីហាកន្លងទៅ ខណៈអត្រាគ្មានការងារធ្វើបានកើនឡើងដល់ ៤,៣% ដែលនេះបានបញ្ជាក់ថា លក្ខខណ្ឌទីផ្សារការងារកំពុងធ្លាក់ចុះ។ បច្ចុប្បន្នវិនិយោគិនកំពុងតែបង្ហាញក្តីរំពឹងខ្ពស់ដល់ ៩០% ថា ធនាគារកណ្តាលអាមេរិក អាចនឹងកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋាន ២៥ ពិន្ទុ នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ដែលនឹងជំរុញឱ្យមានការទិញមាសដុំទុក។
លោក Brian Lan អ្នកជំនាញពីក្រុមហ៊ុន GoldSilver Central ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅ បានលើកឡើងថា ការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់ និងក្តីព្រួយបារម្ភពីឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក នឹងជះឥទ្ធិពលបន្ថែមទៀតលើតម្រូវការមាស។ អ្នកជំនាញរូបនេះបន្តថា គ្រប់គ្នានឹងមិនភ្ញាក់ផ្អើលនោះទេ បើទោះបីជាតម្លៃមាសហក់ឡើងដល់ ៣ ៨០០ដុល្លារក្នុង១អោន (៤ ៥៧៨ដុល្លារក្នុង១តម្លឹង) ឬខ្ពស់ជាងនេះក្នុងរយៈពេលដ៏ខ្លីខាងមុខ៕ ប្រភព ៖ Reuters

ចែករំលែកព័តមាននេះ