ទីក្រុងហាណូយ ៖ យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ដោយស្រង់របាយការណ៍របស់ការិយាល័យស្ថិតិជាតិក្រោមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មសរុបចំនួន ១៣,៩៩ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំនេះ។
នៅក្នុងរបាយការណ៍បានបង្ហាញថា អំឡុងខែមករាដល់ខែសីហា តម្លៃពាណិជ្ជកម្មសរុបរបស់ប្រទេសវៀតណាមបានឈានដល់ ៥៩៧,៩៣ពាន់លានដុល្លារ ពោលកើនឡើង ១៦.៣% បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានោះ ការនាំចេញបានកើនឡើង ១៤.៨% ដល់ចំនួន ៣០៥,៩៦ពាន់លានដុល្លារ ខណៈការនាំចូលក៏បានកើនឡើង ១៧,៩% ដល់ចំនួន ២៩១,៩៧ពាន់លានដុល្លារ។ គិតតែនៅក្នុងខែសីហា ការនាំចេញរបស់វៀតណាមបានកើនឡើងដល់ ៤៣,៣៩ពាន់លានដុល្លារ ឬ ២.៦% បើធៀបនឹងខែកក្កដាកន្លងទៅ និង ១៤,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
សម្រាប់រយៈពេល៨ខែដំបូងនៃឆ្នាំនេះ លំហូរនៃការវិនិយោគបរទេស រួមទាំងប្រេងឆៅបានកើនឡើង ១៩,៣% ដល់ចំនួន ២២៩,២៧ពាន់លានដុល្លារ និងតំណាងជិត ៧៥% នៃការនាំចេញសរុប។ ចំណែកវិស័យក្នុងស្រុកបានរួមចំណែក ៧៦,៦៩ពាន់លានដុល្លារ ពោលកើនឡើង ៣,២% ។
កត្តាជំរុញសំខាន់ៗផ្សេងទៀត រួមមាន ទំនិញផលិត និងកែច្នៃ ដែលបង្កើតបានទំហំទឹកប្រាក់ចំនួន ២៧១,០៦ពាន់លានដុល្លារ ឬជិត ៨៩% នៃការនាំចេញសរុប។ ផលិតផលកសិកម្ម និងព្រៃឈើរកចំណូលបាន ២៥,៩២ពាន់លានដុល្លារ ខណៈអាហារសមុទ្ររកបាន ៧,១៥ពាន់លានដុល្លារ។ រីឯការនាំចេញប្រេងឥន្ធនៈ និងរ៉ែមានចំនួន ១,៨៣ ពាន់លានដុល្លារ។
ជាការគួរកត់សម្គាល់ ទំនិញនាំចេញចំនួន ២៩ ប្រភេទ មានតម្លៃលើសពី ១ពាន់លានដុល្លារ ដែលស្មើនឹងជាង ៩២% នៃការនាំចេញសរុប ដោយក្នុងចំណោមនោះ រួមមានទាំង ទូរសព្ទ គ្រឿងអេឡិចត្រូនិក និងសម្លៀកបំពាក់ ដែលនីមួយៗមានតម្លៃលើស ១០ពាន់លានដុល្លារ។ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ទំនិញនាំចូលចំនួន ៣៨ ប្រភេទ មានតម្លៃលើសពី១ពាន់លានដុល្លារ ក្នុងនោះរួមមានពីប្រភេទ ៖ កុំព្យូទ័រ/ផលិតផលអេឡិចត្រូនិក និងគ្រឿងម៉ាស៊ីន ដែលនីមួយៗមានតម្លៃ ១០ពាន់លានដុល្លារ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ជាមួយនឹងការនាំចេញមានតម្លៃ ៩៩,១ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ប្រទេសចិនបានបន្តក្លាយជាប្រភពនាំចូលដ៏ធំបំផុតពីប្រទេសវៀតណាម ដែលមានចំនួន ១១៧,៩ពាន់លានដុល្លារ៕
ចែករំលែកព័តមាននេះ