ខេត្តកណ្តាល ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកអង្គស្នួល បានឆ្មក់បង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតឡូតូអនឡាញ៨៨៨៨) ឃាត់ខ្លួនបានស្ត្រីម្នាក់ ចំណែកអ្នកលេងរត់ចែកគ្នាអស់ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង៤០នាទីរសៀល ចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើយោងតាមប្រភពព័ត៌មាន ពីអាជ្ញាធរ បានឱ្យដឹងថា ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅទីតាំងកើតហេតុខាងលើមានការលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតឡូតូអនឡាញ៨៨៨៨ លេងតាមទូរសព្ទដៃ)។ ភ្លាមៗ កម្លាំងគណៈបញ្ជាការឯកភាពស្រុកអង្គស្នួល សហការជាមួយនគរបាលរដ្ឋបាលពើក បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតយកវត្ថុតាងមួយចំនួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំបន្តតាមនីតិវិធី ។
ដោយក្នុងនោះ សមត្ថកិច្ចដកហូត វត្ថុតាងចាប់យករួមមាន ៖ ទូរសព្ទដៃ មួយគ្រឿង ម៉ាក ViVo ពណ៌ខ្មៅ សម្រាប់ប្រើកម្មវិធីឡូតូឲ្យភ្ញៀវលេង, កង្ហាមួយគ្រឿង ពណ៌ខៀវ នឹងខ្សែរភ្លើងមួយ និងប្រាក់រៀលចំនួន ៦០,០០០៛ ។
ចំពោះមុខសមត្ថកិច្ច ស្រ្តីសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានបើកល្បែងស៊ី (ឆ្នោតឡូតូអនឡាញ៨៨៨៨) រយៈពេល០៧ខែមកហើយ ដោយក្នុងមួយថ្ងៃ មានភ្ញៀវមកចាក់បានលុយចំណេញបានប្រាក់ ចំនួន១០០.០០០៛ ទៅ ២០០.០០០៛ ហើយទីតាំងកន្លែងលេង ក៏មិនជួលគេដែរ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ