រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងនាង នី មុន្នីនាថ បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលស្ងាត់ៗនាងបានបង្ហាញរូបភាពមួយសន្លឹកក្នុងទិដ្ឋភាពកំពុងរៀបមង្គលការបង្ហោះតាមបណ្តាញសង្គម ។

តារារូបនេះ បានបញ្ចេញរូបភាពមួយសន្លឹក បង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយគ្រងសម្លៀកបំពាក់ជាកូនក្រមុំ ដោយអមជាមួយការរៀបចំផ្ទាំងខាងក្រោយ មានឈ្មោះនាងយ៉ាងច្បាស់ ជាមួយនឹងសំណេរថា «នៅសុខៗការប្ដីទៀតហើយ ខណៈពេលដែលពិធីនោះ បានធ្វើឡើងកាលពីថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២៥ ។

តាមរយៈរូបភាពមួយសន្លឹកនេះបានធ្វើឲ្យមហាជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងជាច្រើនរូបបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលស្ងាត់គេបែរជាឃើញ នី មុន្នីនាថ ចូលរោងការបែបនេះ ។

យ៉ាងណា តាមរយៈរូបភាពមួយសន្លឹកដែលបានបង្ហោះពី នី មុន្នីនាថ នាពេលនេះ ក្រៅពីមានការចូលរួមអបអរ និងជូនពរនោះ គេក៏ឃើញមានមហាជនមួយចំនួនទៀត ហាក់មិនទាន់ជឿជាក់នៅឡើយទេ ក្នុងពេលដែលពួកគេចាត់ទុកថា នោះគ្រាន់តែជាការលេងសើចពីតារារូបនេះប៉ុណ្ណោះ ។

មិនជឿជាក់ដោយសារពួកគេយល់ឃើញថា នី មុន្នីនាថ ជាតារាសម្តែងដែលមានឈ្មោះល្បីមួយរូប នៅមិនពេលដែលនាងរៀបការពិតប្រាកដនោះ គឺទំនងជាមិនអាចរៀបចំបែបសាមញ្ញពេកនោះឡើយ ហើយប្រសិននាងពិតជារៀបការមែននោះប្រាកដណាស់នឹងមានអ្នកសិល្បៈជាច្រើនចូលរួមជាមិនខាន ។

ពួកគេយល់ថា រូបភាពដែលបង្ហាញដោយ នី មុន្នីនាថ នាពេលនេះ គ្រាន់តែជាការសម្តែងភាពយន្ត ឬក៏ជាការថត MV ប៉ុណ្ណោះ ពោលមិនមែនជាការរៀបការពិតប្រាកដនោះឡើយ បើទោះបីជាភ្លាមៗតារាសម្តែងរូបនេះ មិនបានឆ្លើយតបដោយជាក់លាក់តាមរយៈការខមមិនពីក្រោមរូបភាពដែលបង្ហោះនោះក៏ដោយ ។

ទោះជាយ៉ាងណា រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នេះ នី មុន្នីនាថ ក៏បានបញ្ចេញនូវរូបភាពថ្មីមួយសន្លឹកទៀត ប៉ុន្តែស្ថិតក្នុងទិដ្ឋភាពដដែលបង្ហោះលើបណ្តាញសង្គម ដោយនៅក្នុងនោះនាងបានបញ្ជាក់តាមរយៈសំណេរភ្ជាប់ថា ថតទេបងប្អូន ។

តាមរយៈការបញ្ជាក់ខាងលើនេះ បានធ្វើឲ្យមហាជន និងបណ្តាអ្នកគាំទ្រជាច្រើនរូបអស់ចម្ងល់ និងលែងមានការសង្ស័យ ដ្បិតតារាស្រីរូបនេះនៅមិនទាន់បានចូលរោងការជាមួយបុរសរូបណាម្នាក់នៅឡើយទេ ។

គួរបញ្ជាក់ថា រហូតមកទល់នាពេលនេះ តារាសម្ដែងដែលធ្លាប់ច្បាមភាពលេចធ្លោក្នុងភាពយន្ត នាង នី មុន្នីនាថ នៅមិនទាន់ពើបប្រទះគូស្នេហ៍ថ្មីនៅឡើយទេ បន្ទាប់ពីចែកផ្លូវគ្នាជាមួយគូដណ្ដឹង ដែលជាអាណិកជនអាមេរិកអស់ជាច្រើនឆ្នាំមកនេះ ។

យ៉ាងណា ថ្វីដ្បិតមិនទាន់បានបង្ហាញមុខមាត់ស្នេហ៍ថ្មីរបស់ខ្លួនក្តី ប៉ុន្តែកន្លងមក នី មុន្នីនាថ ធ្លាប់បានទទួលស្គាល់ថា ពេលនេះ មានបុរសជាច្រើននាក់ដែលនាងកំពុងពិចារណា និងមើលចិត្តថ្លើមគ្នា ហើយប្រសិនបើមើលឃើញថា បុរសរូបនោះអាចឱ្យនាងផ្ញើវាសនាបាន នាងនឹងប្រកាសរៀបការភ្លាម ដោយមិនទុកយូរដូចជាស្នេហាដំបូងនោះទេ ៕



ចែករំលែកព័តមាននេះ