ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ រំដោះ​ចិញ្ចើម​ផ្លូវ​ដើម្បី​កែ​លំអ​ដងផ្លូវ

17 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ចាប់ផ្ដើម​រំដោះ​ចិញ្ចើម​ផ្លូវ​របស់​អាជ្ញាធរ​ក្រុង​បាត់ដំបង តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ចម្រុះ​ចុះ​រុះរើ​ផ្ទាល់​លើ​សំណង់​គ្មាន​ច្បាប់ ដែល​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ឧសភា គឺជា​ចាប់ផ្ដើម​លើក​ដំបូង ដើម្បី​រំដោះ​ដី​ចំណី​ផ្លូវ​សាធារណៈ ពី​កណ្ដាប់ដៃ​មនុស្ស​មួយ​ចំនួន…

ខេត្តបាត់ដំបង ៖ ការ​ចាប់ផ្ដើម​រំដោះ​ចិញ្ចើម​ផ្លូវ​របស់​អាជ្ញាធរ​ក្រុង​បាត់ដំបង តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ចម្រុះ​ចុះ​រុះរើ​ផ្ទាល់​លើ​សំណង់​គ្មាន​ច្បាប់ ដែល​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ឧសភា គឺជា​ចាប់ផ្ដើម​លើក​ដំបូង ដើម្បី​រំដោះ​ដី​ចំណី​ផ្លូវ​សាធារណៈ ពី​កណ្ដាប់ដៃ​មនុស្ស​មួយ​ចំនួន ដែល​លោភលន់​សាងសង់​សំណង់​រំលោភ​បំពាន​លើ​ចិញ្ចើម​ផ្លូវ មិន​ព្រម​អនុវត្ត​តាម​ការ​ជូនដំណឹង​ជា​បន្តបន្ទាប់​របស់​អាជ្ញាធរ​ក្រុង​បាត់ដំបង​កន្លង​មកនេះ ។

អភិបាលក្រុង​បាត់ដំបង លោក លាង វាសនា ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​សំណង់​គ្មាន​ច្បាប់ កាលពី​ម្សិលមិញ​បាន​និយាយ​ថា យើង​បាន​ចាប់ផ្ដើម​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ ដែល​សាងសង់​រំលោភ​បំពាន​លើ​ដី​ចំណី​ផ្លូវ​នានា​ហើយ ។ លោក​បាន​បន្ត​ថា ល្មម​ដល់​ពេល​យើង​រំដោះ​ចំណី​ផ្លូវ​នានា នៅ​ក្នុង​ក្រុង​ហើយ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​កែ​លំអ​ចិញ្ចើមថ្នល់ និង​រៀបចំ​ឲ្យ​មាន​ផ្លូវ​សម្រាប់​អ្នកដំណើ​ថ្មើរជើង និង​អ្នក​ជិះ​កង់ ។

លោក​អភិបាលក្រុង​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋបាល​ក្រុង​បាត់ដំបង ធ្លាប់​បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង ស្ដី​ពី​«​ការ​ស្នើ​សុំ​ឲ្យ​រុះរើ​តូប សំ​យ៉ាប ឬ របង​ផ្ទះ​» ដែល​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​នេះ ជា​បន្តបន្ទាប់​ច្រើន​ឆ្នាំ​កន្លង​មក តែ​ពុំ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ ភ្ញាក់រលឹក​ចុះ​រុះរើ​ដោយ​ខ្លួន​ឯ​ឯ​ទេ ទើប​មក​ដល់​ថ្ងៃនេះ លោក​ត្រូវ​សម្រេច​ប្រើប្រាស់​កម្លាំង​ចុះ​រុះរើ​ផ្ទាល់​តែ​ម្ដង ។

លោក លាង វាសនា បាន​បញ្ជាក់​ដែរ​ថា ការ​ចុះ​រុះរើ​សំណង់​គ្មាន​ច្បាប់ លើក​ដំបូង​នេះ នៅ​ត្រង់​ចំណុច​ជាប់​នឹង​របង «​វត្ត​កណ្ដាល​»​ចុងស្ពាន​ថ្ម សម្ដេច​ក្រឡាហោម ស ខេ​ង ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

សូម​រំលឹក​ថា រដ្ឋបាល​ក្រុង​បាត់ដំបង ធ្លាប់​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី «​ការ​រុះរើ​សំណង់​អ​នា​ធិ​បតេ​យ្យ ដែល​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​» នេះ ជា​បន្តបន្ទាប់ និង​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ​កែ​លំអ​សោភ័ណ​ភាព​តាម​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង ។

សេចក្ដីជូនដំណឹង​នេះ បាន​សំដៅ​ជា​ពិសេស ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដែល​ឆ្លងកាត់​ក្រុង​បាត់ដំបង ដែល​បាន​សាងសង់​តូប សំ​យ៉ាប​តូប ឬ​ផ្ទះ និង​ធ្វើ​របង​រំលោភ​លើ​ដី​ចំណី​ថ្នល់​យ៉ាង​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់ ។ រាល់​សេចក្ដីជូនដំណឹង​អាជ្ញាធរ​បាន​ស្នើ​សុំ​ឲ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ចៀសវាង​ការ​ខូចខាត​នៅ​ពេល​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​ចុះ​រុះរើ​ផ្ទាល់ ។

ប៉ុន្តែ​រាប់​ឆ្នាំ​កន្លង​មកនេះ ការ​ជូនដំណឹង​របស់​អាជ្ញាធរ ហាក់​សាប​ដូច​ទឹកទន្លេ មិន​ត្រូវ​បាន​គេ​អើពើ ធ្វើ​តាម​ឡើយ ។ ដូច្នេះ​ហើយ​ទើប​ពេល​នេះ លោក​ចៅហ្វាយ​ក្រុង ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​ផ្ទាល់​តែ​ម្ដង ព្រោះ​ដល់​ពេលវេលា​ដែល​អស់​ការ​អត់ធ្មត់ ។

លោក លាង វាសនា អភិបាលក្រុង​បាត់ដំបង​បាន​ប្រាប់​ដែរ​ថា ការ​ចាប់​ផ្ដើ​ប​ប្រើប្រាស់​កម្លាំង​ចម្រុះ​ចុះ​រុះរើ​ជា​លើក​ដំបូង​នេះ គឺ​យើង​រុះរើ​សំណង់​គ្មាន​ច្បាប់​នៅ​ក្បែរ​របង «​វត្ត​កណ្ដាល​» ដែល​មាន​ចំនួន​២២​ខ្នង​ផ្ទះ​ឬ​តូប ដើម្បី​រំដោះ​ចំណី​ថ្នល់ ។ លោក​និយាយ​ថា ដំបូង​នេះ យើង​ត្រូវ​រំដោះ​ចំណី​ផ្លូវ​មួយ​ខ្សែ​នេះ​សិន ចាប់ពី​ចុងស្ពាន​ថ្ម​សម្ដេច​ក្រឡាហោម (​ម្ដុំ​សណ្ឋាគារ​ក្លា​ស៊ី​) រហូត​ដល់​ភ្លើងស្ដុប​«​ច្រមុះជ្រូក​» គឺ​រំដោះ​ទាំង​សងខាង​ថ្នល់ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​រៀបចំ​ផ្លូវ​សម្រាប់​អ្នកដំណើរ​ថ្មើ​ជើង និង​សម្រាប់​អ្នក​ជិះ​កង់​។ ប៉ុន្តែ​យ៉ាងណា បើ​តាម​លោក​អភិបាលក្រុង​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​កម្លាំង​របស់​លោក​ចុះ​រុះរើ​ជាក់ស្ដែង​បែប​នេះ ម្ចាស់​សំណង់​ក៏​បាន​ចូលរួម​សហការ​ផង​ដែរ ។

ថ្ងៃ​ដំបូង​នេះ យើង​រុះរើ​បាន​ចំនួន​០៤​ខ្នង តែ​យើង​នឹង​ចុះ​ធ្វើ​ការងារ​នេះ​បន្ត​រហូត ទាល់តែ​រំដោះ​បាន​ដី​ចំណី​ផ្លូវ​ទាំងស្រុង និង​ទាំង​សងខាង ដើម្បី​សំអាត​ដី​ចំណី​ផ្លូវ ។ ហើយនឹង​បន្ត​ចាត់​វិធា​ការ​លើ​ដងផ្លូវ​នានា នៅ​ក្រុង​បាត់ដំបង ជា​បន្ត​បន្តា​ប់​ទៀត ។ ពីព្រោះ​រដ្ឋបាល​ក្រុង​របស់​លោក ធ្លាប់​បាន​ចេញ​សេចក្ដីជូនដំណឹង​ច្រើន​លើក និង​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ស្នើ​ឲ្យ​ម្ចាស់​សំណង់​នានា ធ្វើការ​រុះរើ​សំណង់​ខុសច្បាប់ ដោយ​ខ្លួនឯង ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​សាងសង់​រំលោភ​បំពាន​លើ​ដី​ចំណី​ផ្លូវ ។

រដ្ឋបាល​ក្រុងមាន​គោលដៅ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ​នានា​គ្រង់​ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ក្រុង ដើម្បី​លើកកម្ពស់​ទីក្រុង​ស្អាត ដើម្បី​ឈាន​ដល់​ការ​ទាក់ទាញ​លើ​គ្រប់​វិស័យ ។ ជា​ពិសេស វិស័យ​ទេសចរណ៍​នេះ​ឲ្យ​កាន់តែ​សំបូរ​បែប ។

ដូច្នេះ តាម​រយៈ​កោះសន្តិភាព លោក​អភិបាលក្រុង​បាត់ដំបង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ទាំងអស់ ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​ដងផ្លូវ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង មេត្តា​ចូលរួម​អនុវត្ត​នូវ​សេចក្ដីជូនដំណឹង​ជា​បន្តបន្ទាប់​របស់​រដ្ឋបាល​ក្រុង​ស្ដី​ពី «​ការ​រុះរើ​សំណង់​គ្មាន​ច្បាប់​នានា ដែល​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​» ដើម្បី​ចូលរួម​អភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​មួយ​នេះ ឲ្យ​ក្លាយជា​ទីក្រុង ដ៏​ស្រស់​ស្អាត មាន​សោ​ភ័​ណ្ឌ​ភាពល្អ ស្រស់បំព្រង​គ្រប់​រដូវ​កាល និង​កាន់តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ