រាជធានីភ្នំពេញ ៖ មានករណីអគ្គីភ័យឆាបឆេះម៉ូតូទុកនៅផ្ទះជួលជាន់ក្រោមយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកជួលរស់នៅបន្ទប់ជួលជាន់ទី២ភ័យស្លន់ស្លោនាំគ្នាលោតចុះមកក្រោម បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៥ នៅចំនុចបន្ទប់ជួល ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ចាន់ គា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ នៅសាលាឯកជន ស្នាក់នៅបន្ទប់ជួលជាន់ទី២ ផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងប្តីរងរបួសស្រាល ។
តាមការបំភ្លឺពីឈ្មោះ ស ជីវ័ន្ដ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាន់៣ ទីតាំងកើតហេតុខាងលើ បានឲ្យដឹង នៅវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ពេលកំពុងនៅក្នុងបន្ទប់ជួល ស្រាប់តែឮសម្លេងផ្ទុះ២-៣ដង ហើយក៏មានផ្សែងហុយពីក្រោមឡើងមកលើ ទើបគាត់ចេញទៅស្រែកហៅឲ្យគេជួយ មួយសន្ទុះក្រោយក៏មានសមត្ថកិច្ចចូលមកជួយ និងមនុស្ស៣នាក់ទៀតចេញទៅក្រៅ ពេលមកដល់ខាងក្រៅគាត់ឃើញស្ត្រីរងគ្រោះដែលស្លាប់នៅលើផ្លូវ ហើយក៏សួរនាំគេទៅទើបដឹងថាជនរងគ្រោះលោតចេញពីជាន់ទី២មកក្រោមស្លាប់។
អ្នករងរបួសមានចំនួន៣នាក់ ១-ឈ្មោះ សាវឿន សាវួន ភេទស្រី អាយុ២២ឆ្នាំ (របួសបាក់ភ្លៅទាំងសងខាង) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ២-ឈ្មោះ សាវឿន សាលី ភេទស្រី អាយុ២៤ឆ្នាំ (របួសបាក់ឆ្អឹងប្រអប់ជើង) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង៣-ឈ្មោះ តី សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្ដីជនរងគ្រោះ (របួសបាក់ឆ្អឹងប្រអប់ជើងខាងស្ដាំ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ឆេះខូចខាតម៉ូតូចំនួន៤គ្រឿងទាំងស្រុង (ប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធរក្សាទុក)។ ខ្សែភ្លើងម៉ាញ៉េតូរបស់ម៉ូតូម៉ាកScoopy ដែលឆេះ មានស្នាមឆេះឡើងដុំពក (កន្លែងទុស្សេ) ។
តាមប្រភពព័ត៌មានបានអោយដឹងថា ផ្ទះកើតហេតុ បានធ្វើជាបន្ទប់ជួល ដោយមានកំពស់២ជាន់ លុះនៅវេលាម៉ោងកើតហេតុ មិនដឹងថាជាមានរឿងអ្វីកើតឡើងនោះទេ ក៍ស្រាប់តែមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅហុយផ្សែងខ្មួលខ្មាញ់ ចេញពីជាន់ខាងក្រោមបង្អស់ដែលជាកន្លែងទុកម៉ូតូផងដែរ ។ ដោយសារតែឃើញមានភ្លើងនិងផ្សែងខ្មួលខ្មាញ់ ឡើងទៅដល់ជាន់ខាងលើ ដែលធ្វើឲ្យអ្នករស់នៅទីនោះមានការភ័យស្លន់ស្លោ ក៍មានមនុស្សប្រុសស្រី៤នាក់ ក្នុងនោះប្រុសម្នាក់ បាននាំគ្នីគ្នាលោតទំលាក់ខ្លួន មកដល់ជាន់ក្រោម បណ្ដាលឲ្យស្ត្រីម្នាក់ បោក.ក្បាលហូរឈា.មស្លា.ប់នៅកន្លែងកើតហេតុ ចំនែកមនុស្សប្រុសស្រី៣នាក់ទៀត រួមទាំងប្តីស្ត្រីរងគ្រោះដែលស្លាប់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យច្បារអំពៅដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ ។
ករណីអគ្គីភ័យនេះមានរថយន្តពន្លត់អគ្គីភ័យរបស់ខាងបុរីប៉េងហួតមួយគ្រឿងបានជួយអន្តរាគមន៍បាញ់ពន្លត់អស់ទឹក១រថយន្តទំនើបធ្វើឲ្យភ្លើងរលត់ទៅវិញ ១០និង៣០នាទីយប់ថ្ងៃដដែល ។ ពាក់ហេតុការណ៍នេះ មិនបង្ករឲ្យមានការរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋណានោះទេ គ្រាន់តែខូចខាតអស់ម៉ូតូចំនួន៤គ្រឿង និងឆេះរោលរាល ជញ្ជាំងអស់១ចំនួន ព្រមទាំងធ្វើឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ និងស្លាប់ស្ត្រីម្នាក់ ។ ចំពោះមូលហេតុ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋសង្ស័យឆ្លងចរន្តឆេះចេញពីម៉ូតូទើបបណ្ដាលឲ្យកើតជាអគ្គិភ័យបែបនេះ ចំពោះមូលហេតុផ្សេងៗសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងសាច់ញាតិអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕















ចែករំលែកព័តមាននេះ