ទីក្រុងវៀងចន្ទន៍ ៖ ប្រទេសឡាវកំពុងដាក់ឱ្យដំណើរការគម្រោងដាំដុះដំណាំទុរេនថ្មីរបស់ខ្លួន ដែលមានគោលបំណងជំរុញការនាំចេញទៅកាន់ប្រទេសចិន ដោយផ្តោតលើការកែលម្អទាំងគុណភាព និងទិន្នផល។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានវៀតណាម Znews កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។
យោងតាមកាសែត Laotian Times របស់ឡាវបានឱ្យដឹងថា គំនិតផ្តួចផ្តើមដាំដុះទុរេនថ្មីនៅក្នុងប្រទេសឡាវ ត្រូវបានជំរុញដោយតម្រូវការខ្លាំងពីប្រទេសចិន ស្របពេលក៏បង្កើតការងារមានស្ថេរភាពសម្រាប់កសិករក្នុងស្រុកផងដែរ។
គម្រោងនេះ នឹងមានរយៈពេល២៥ឆ្នាំ ដោយជួយពង្រីកផលិតកម្មទុរេន បម្រើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ នេះក៏ជាផែនការមួយមានគោលបំណងអនុវត្តបច្ចេកទេសកសិកម្មវិទ្យាសាស្ត្រ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់ទុរេនឡាវនៅក្នុងទីផ្សារអន្តរជាតិផងដែរ។
ដំណាក់កាលសាកល្បងនៃគម្រោងនេះ នឹងត្រូវបានអនុវត្តលើផ្ទៃដី ៦ ហិកតានៅក្នុងភូមិហួយ ខាំ (Huay Kham) ស្រុកសាងថង (Sangthong) ទីក្រុងវៀងចន្ទន៍។ លើសពីនេះ រដ្ឋាភិបាលមូលដ្ឋានក៏នឹងសាងសង់កសិដ្ឋានឯកទេសមួយដើម្បីដាំដុះ និងផ្សព្វផ្សាយពូជទុរេនមានគុណភាពខ្ពស់ផងដែរ។ ជាមួយការធ្វើកសិកម្មរួមគ្នា កសិករក្នុងស្រុកនឹងចូលរួមដាំដុះទុរេន និងចែករំលែកប្រាក់ចំណេញនាពេលអនាគត ជួយកែលម្អជីវភាពរស់នៅពួកគេ ចំពេលកំពុងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពយូរអង្វែងជាងមុន។
គម្រោងនេះ ជាកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងព្រៃឈើឡាវ (NAFRI) និងក្រុមហ៊ុន EK Farmland ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងបច្ចេកទេសកសិកម្មទំនើប។
នាពេលខាងមុខ ប្រទេសឡាវមានគោលបំណងនាំចេញទុរេនស្តង់ដារខ្ពស់ចំនួន ៤០០ តោន នៅឆ្នាំក្រោយ ដោយកំណត់ប្រទេសចិនជាទីផ្សារសំខាន់របស់ខ្លួន។ ទាំងនេះ ត្រូវអរគុណដល់ផ្លូវដែក «ចិន-ឡាវ» ដោយពេលវេលាដឹកជញ្ជូនទៅកាន់ចិនឥឡូវនេះតិចជាងពីរថ្ងៃ ដែលកាត់បន្ថយថ្លៃដឹកជញ្ជូនយ៉ាងច្រើន និងរក្សាភាពស្រស់នៃផ្លែទុរេន។
នៅឆ្នាំនេះ ផ្លូវដែក «ចិន-ឡាវ» បានដឹកជញ្ជូនផ្លែទុរេនចំនួន ១៥ម៉ឺនតោន ដែលជាកើនឡើង ៩១% បើធៀបនឹងឆ្នាំមុន។ ការពង្រីកប្រព័ន្ធដឹកជញ្ជូន អនុញ្ញាតឱ្យផ្លែទុរេនឡាវទៅដល់ខេត្ត និងទីក្រុងកាន់តែច្រើនក្នុងប្រទេសចិន ដោយបើកឱកាសយ៉ាធំធេងសម្រាប់ទុរេនឡាវ នៅក្នុងទីផ្សារដែលមានប្រជាជនរាប់ពាន់លាននាក់មួយនេះ។ ជាមួយគម្រោងដាំដុះថ្មីៗ និងប្រព័ន្ធដឹកជញ្ជូនកាន់តែប្រសើរឡើង ប្រទេសឡាវកំពុងតែអះអាងតួនាទីរបស់ខ្លួន គឺជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងខ្សែសង្វាក់ពាណិជ្ជកម្មទុរេនក្នុងតំបន់។
យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រទេសចិនបាននាំចូលផលិតផលទុរេនរហូតដល់ ៩៥% ពីប្រទេសដទៃ។ ជាពិសេស កាលពីឆ្នាំមុន ប្រទេសចិនបានចំណាយប្រាក់ដល់ ៦,៧ពាន់លានដុល្លារ ដើម្បីនាំចូលទុរេនពីអាស៊ីអាគ្នេយ៍ ដែលច្រើនជាង ១២ ដង បើធៀបនឹងឆ្នាំ២០១៧៕ ប្រភព ៖ Znews
ចែករំលែកព័តមាននេះ