ទីក្រុងដាកា៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រីហាស៊ីណា ត្រូវតុលាការផ្ដន្ទាទោសប្រហារជីវិត (ជាលក្ខណៈកំបាំងមុខព្រោះលោកស្រីមិនស្ថិតនៅបង់ក្លាដែសទេ) ពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាលលោកស្រីនៅកាន់អំណាច។ សំណុំរឿងនេះពាក់ព័ន្ធនឹងការបង្ក្រាបបាតុកម្មដែលដឹកនាំដោយក្រុមនិស្សិតកាលពីឆ្នាំ២០២៤ដែលទាមទារឱ្យលោកស្រីចុះចេញពីតំណែង។

អង្គជំនុំជម្រះដែលមានចៅក្រមបីរូបរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលបង្កើតនៅក្នុងប្រទេសបង់ក្លាដែសផ្ទាល់តែម្ដងបានសម្រេចក្ដីនៅថ្ងៃនេះថាលោកស្រីហាស៊ីណាជាអ្នកទទួលសុខត្រូវចំពោះការញុះញង់ឱ្យសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។ លោកស្រីសេក ហាស៊ីណា បានប្រព្រឹត្តអំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិព្រោះលោកស្រីបាននិយាយញុះញង់ឱ្យមានសម្លាប់, បញ្ជាឱ្យសម្លាប់ និងមិនព្រមទប់ស្កាត់ការសម្លាប់។ ខាងលើនេះជាការថ្លែងរបស់ចៅក្រមម្នាក់។

ចៅក្រមរូបនេះថ្លែងបន្តទៀតថាបញ្ហានេះច្បាស់ដូចថ្ងៃអីចឹងគឺថាលោកស្រី (ហាស៊ីណា) ពិតជាបានប្រើភាសាញុះញង់នៅក្នុងពិធីជួបជុំជាមួយមន្ត្រីរបស់គណបក្សលោកស្រី។ ជាងនេះទៅទៀត លោកស្រីបញ្ជាក់ច្បាស់ណាស់ថាលោកស្រីជាអ្នកបញ្ជាឱ្យសម្លាប់ និងកម្ទេចក្រុមនិស្សិតដែលហែបាតុកម្ម។

សូមរំលឹកថាចលនាបាតុកម្មនេះមុនដំបូងប្រព្រឹត្តទៅដោយសន្តិវិធី។ ពួកគេតវ៉ាចំពោះការកំណត់កូតាមន្ត្រីចូលបម្រើការនៅតាមស្ថាប័នរបស់រដ្ឋ។ ប៉ុន្តែហែបាតុកម្មចុះឡើងៗក៏ឈានដល់ការទាមទារឱ្យលោកស្រីហាស៊ីណាចុះពីតំណែង។ កាលានុភាពនៃព្រឹត្តិការណ៍នៅក្នុងគ្រានោះគឺការបង្ក្រាបក្រុមបាតុករដែលបណ្ដាលឱ្យស្លាប់មនុស្សប្រហែល១៤០០នាក់។ នេះបើយោងតាមប្រភពពីការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ តុលាការបង់ក្លាដែសថ្លែងថាមនុស្ស២,៥ម៉ឺននាក់រងរបួសនៅក្នុងពេលនោះ។

សព្វថ្ងៃនេះ លោកស្រីហាស៊ីណារងការចោទប្រកាន់ចំនួន៥ករណីពាក់ព័ន្ធនឹងការញុះញង់ឱ្យសម្លាប់បាតុករ, បញ្ជាឱ្យចាប់ក្រុមបាតុករព្យួរក និងបញ្ជាឱ្យប្រើប្រាស់អាវុធពិឃាត ដ្រូន និងឧទ្ធម្ភាគចក្រដើម្បីបង្ក្រាបចលនាបះបោរ។ រាល់ការចោទប្រកាន់ទាំងនេះត្រូវលោកស្រីបដិសេធយ៉ាងដាច់អហង្ការ។ បង់ក្លាដែសត្រៀមរៀបចំការបោះឆ្នោតនៅខែកម្ភៈ ឆ្នាំ២០២៦។

លោកស្រីហាស៊ីណារស់នៅនិរទេសខ្លួននៅរដ្ឋធានីញូដេលី ប្រទេសឥណ្ឌាចាប់តាំងពីខែសីហា ឆ្នាំ២០២៤។ នៅពេលតុលាការប្រកាសសេចក្ដីសម្រេចប្រហារជីវិតនោះ លោកស្រីមិនបានចូលរួមសវនាការទេ។ មេធាវីរបស់លោកស្រីបាននិយាយរិះគន់ការកាត់ទោសនេះ។ មេធាវីកាលពីសប្ដាហ៍មុនបានបញ្ជូនឯកសារជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដើម្បីតវ៉ាចំពោះការចោទប្រកាន់ថាកូនក្ដីរបស់ខ្លួនពាក់ព័ន្ធនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។

តាំងពីមុននេះ មេធាវីរបស់លោកស្រីហាស៊ីណាបារម្ភថាដំណើរការកាត់ទោសកូនក្ដីរបស់ខ្លួនប្រហែលជាគ្មានយុត្តិធម៌ទេ។ រដ្ឋាភិបាលបណ្ដោះអាសន្ននៅបង់ក្លាដែសស្នើសុំឱ្យឥណ្ឌាធ្វើបត្យាប័នលោកស្រីហាស៊ីណា (ទៅបង់ក្លាដែស)។ ប៉ុន្តែរហូតមកដល់ពេលនេះ ឥណ្ឌារក្សាភាពស្ងៀមស្ងាត់ជារៀងរហូត។ នេះបើតាមការផ្សាយរបស់ស៊ីអឹនអឹន (CNN) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ