ប្រទេសឥណ្ឌា ៖ បណ្តាក្រុមហ៊ុននាំចេញផលិតផលកសិកម្មរបស់ប្រទេសឥណ្ឌា បានសាទរចំពោះការលើកលែងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់ផលិតផលអាហារជាង ២០០ មុខ ខណៈក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា អាចជួយស្តារតម្រូវការដែលបាត់បង់ឡើងវិញ អំឡុងការអនុវត្តពន្ធគយបដិការអាមេរិកកន្លងមក។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ត្រាំ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ បានសម្រេចលុបចោលពន្ធសកលដែលលោកបានដាក់លើផលិតផលអាហារជាង ២០០ មុខ រួមទាំងផលិតផលអាហារសំខាន់ៗដូចជា កាហ្វេ សាច់គោ ចេក ប៉េងប៉ោះ និងទឹកក្រូច ជាដើម ចំពេលមានប្រតិកម្មខ្លាំងៗពីបណ្តាអ្នកប្រើប្រាស់អាមេរិក ចំពោះការកើនឡើងតម្លៃគ្រឿងទេសខ្ពស់។
មិនដូចក្រុមហ៊ុនផ្គត់ផ្គង់នៅសហភាពអឺរ៉ុប និងវៀតណាម ដែលប្រឈមមុខនឹងពន្ធ ១៥ ទៅ ២០% នោះទេ បណ្តាក្រុមហ៊ុននាំចេញ តែ កាហ្វេ គ្រឿងទេស និងគ្រាប់ស្វាយចន្ទីរបស់ប្រទេសឥណ្ឌាបានរងផលប៉ះពាល់កាន់តែខ្លាំង បន្ទាប់ពីលោក ត្រាំ បានដំឡើងពន្ធទ្វេដងរហូតដល់ ៥០% លើការនាំចូលទំនិញឥណ្ឌាមួយចំនួន ដោយនៅក្នុងនោះ ២៥% គឺជាទណ្ឌកម្មលើឥណ្ឌាដែលបន្តទិញប្រេងរបស់ប្រទេសរុស្ស៊ី។

លោក Ajay Sahai អគ្គនាយកសហព័ន្ធអង្គការនាំចេញរបស់ឥណ្ឌា (FIEO) បានថ្លែងថា តម្លៃនៃការនាំចេញចន្លោះពី ២,៥ពាន់លានដុល្លារ ទៅ ៣ពាន់លានដុល្លារ នឹងទទួលបានអត្ថប្រយោជន៍ពីការលើកលែងពន្ធថ្មីនេះ។ ការផ្លាស់ប្តូរថ្មីនេះ ក៏បើកឱកាសសម្រាប់ផលិតផលលំដាប់ខ្ពស់ ផលិតផលពិសេស និងផលិតផលដែលមានតម្លៃបន្ថែមរបស់ឥណ្ឌាផងដែរ តាមរយៈការទាញយកអត្ថប្រយោជន៍ពីតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើង។
មន្ត្រីពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្ម និងការនាំចេញកសិផលបានលើកឡើងថា ការលើកលែងពន្ធនេះ ក៏ជាសញ្ញាវិជ្ជមានសម្រាប់ការចរចាពាណិជ្ជកម្មរវាងអាមេរិក និងឥណ្ឌា ដែលកំពុងដំណើរការ ហើយអាចបន្ធូរបន្ថយសម្ពាធនាំចេញបង្កឡើងដោយការដំឡើងពន្ធនៅឆ្នាំនេះ។
សូមជម្រាបថា ការនាំចេញទំនិញឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះជិត ១២% គិតត្រឹមខែកញ្ញា នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន មកនៅត្រឹមចំនួន ៥,៤៣ពាន់លានដុល្លារ បន្ទាប់ពីពន្ធត្រូវបានដំឡើង។ មន្ត្រីជាន់ខ្ពស់ក្នុងលក្ខខណ្ឌមិនបញ្ចេញម្នាក់ ដែលពាក់ព័ន្ធនឹងគោលនយោបាយនាំចេញកសិផលឥណ្ឌាបាននិយាយថា ការផ្លាស់ប្តូរថ្មីនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់បណ្តាកសិករឥណ្ឌា និងក្រុមហ៊ុននាំចេញតែ កាហ្វេ គ្រាប់ស្វាយចន្ទី ផ្លែឈើ និងបន្លែរបស់ប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ៕
ចែករំលែកព័តមាននេះ