រាជធានីភ្នំពេញ ៖ ម៉ូតូកង់បីប្រើថាមពលអគ្គិសនីមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតទាំងស្រុង ខណៈពេលដែលម្ចាស់យកទៅជួសជុលនៅក្រុមហ៊ុន ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងម៉ូតូកង់បីនិងម៉ូតូអគ្គិសនីតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទោះបីជាយ៉ាងណា ភ្លើងពុំបានឆេះរាលដាលធ្ងន់ធ្ងរឡើយ គ្រាន់តែបំផ្លាញម៉ូតូកង់បីមួយគ្រឿងតែប៉ុណ្ណោះ ។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះម៉ូតូកង់បីដែលចតនៅកៀនឃ្លាំងក្រុមហ៊ុនផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនិងបុគ្គលិកនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។

នៅក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញពុំបណ្ដាឲ្យឆេះរាលដាលឡើយ ។ តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់បានយកម៉ូតូកង់បីប្រើថាមពលអគ្គិសនីរបស់ខ្លួនឆ្លងចរន្តទៅជួសជុលនៅក្រុមហ៊ុន ខណៈនោះមិនទាន់បានជួសជុលផងស្រាប់តែភ្លើងបានឆាបឆេះតែម្ដង។

តាមនគរបាលបានឲ្យដឹងថា ម៉ូតូកង់៣ប្រើអាគុយមួយគ្រឿងត្រូវភ្លើងឆាបឆេះរងការខូចខាតទាំងស្រុង ៕





ចែករំលែកព័តមាននេះ