ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ដោះ​មីន​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ត្រូវធ្វើ​រួម​គ្នា មិនមែន​ភាគី​ម្ខាង​ទៀត​ដោះ ហើយ​ម្ខាង​មក​ព័ទ្ធ​យក​ដី​ទេ

42 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា ការងារ​ដោះ​មីន​រវាង​កម្ពុជា​-​ថៃ​នៅ​តំបន់​អាទិភាព​តាម​បន្ទាត់​ព្រំដែន ត្រូវ​តែ​ធ្វើ​រួម​គ្នា មិនមែន​ភាគី​ម្ខាង​ទៀត​មក​ដោះ​ម្នាក់ឯង…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា ការងារ​ដោះ​មីន​រវាង​កម្ពុជា​-​ថៃ​នៅ​តំបន់​អាទិភាព​តាម​បន្ទាត់​ព្រំដែន ត្រូវ​តែ​ធ្វើ​រួម​គ្នា មិនមែន​ភាគី​ម្ខាង​ទៀត​មក​ដោះ​ម្នាក់ឯង ហើយ​យក​បន្លា​លួស​មក​រាយ​ព័ទ្ធ​យក​ដី​នោះ​ទេ ។

ក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស លើក​ទី​៣៣ ឆ្នាំ​២០២៥ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការងារ​ដោះ​មីន​មនុស្សធម៌​ដែល​មានការ​ព្រមព្រៀង​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​ថៃ​កាលពី​ពេល​កន្លង​មក ត្រូវ​គោរព​តាម​គោលការណ៍​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ដោយ​ម៉ឺងម៉ាត់ ព្រមទាំង​ឈរ​លើ​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ដោះ​មីន​ត្រូវ​ដោះ​រួម​គ្នា មិន​អាច​ដោះ​ម្នាក់ឯង ដោះ​ហើយ​រាយ​បន្លា​លួស​យក​ដី​ទេ​…​អត់​ទេ ។ ប្រធានាធិបតី​ត្រាំ ជាមួយ​ម៉ា​ណែ​ត បាន​និយាយ​គ្នា​ពី​រឿង​ហ្នឹង ។ ហើយ​ខាង​ហ្នុះ ដើរ​តាមតែ​ចិត្ត ដោះ​តាម​ចិត្ត​គឺ​អត់​បាន​ទេ ត្រូវ​មាន​ចំណុច​ថា ត្រូវ​ដោះ​កន្លែង​ណា ត្រូវ​ដោះ​រួម​គ្នា​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ផ្តាំ​ថា ដូច្នេះ អ្នក​នៅ​ក្រៅប្រទេស កុំ​មានការ​ភាន់ច្រឡំ​ថា កម្ពុជា​ដោះ​ដូរ​ដី​ជា​ថ្នូរ​ជាមួយ​សន្តិភាព ។ សូម​បញ្ជាក់​ថា បញ្ហា​ដោះ​មីន​ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ លើ​ការងារ​ដោះ​មីន​មនុស្សធម៌​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​នៃ​មជ្ឈ​មណ្ឌល​សកម្មភាពកំចាត់​មីន​កម្ពុជា (CMAC) និង​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ (TMAC) ហើយ​ក៏​បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន ។

តំបន់​អាទិភាព​នៅ​ព្រំដែន​នេះ ស្ថិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ​ឃុំ​ណូ​ន​ម៉ាក​ម៉ូ​ន ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះកែវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ