សង្គ្រាមអ៊ុយក្រែន ៖ ក្រោយការប្រកាសរបស់ប្រមុខសន្តិសុខជាតិពីការរីកចម្រើនក្នុងការចរចា ប្រធានាធិបតីរអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីថ្លែងថា អ៊ុយក្រែនខិតខំឲ្យមានការដោះដូរឈ្លើយគ្នាថ្មីៗទៀតជាមួយរុស្ស៊ី ដែលអាចឲ្យមានការវិលត្រឡប់របស់ឈ្លើយសឹកអ៊ុយក្រែន១២០០នាក់ថ្មីទៀត។
តាមបណ្ដាញសង្គមX លោកហ្សេឡេនស្គីសរសេរថា យើងចង់ឲ្យមានការដោះដូរឈ្លើយសឹកគ្នាជាថ្មី។ កិច្ចប្រជុំ ការចរចានិងការអំពាវនាវជាច្រើនត្រូវបានធ្វើក្នុងគោលដៅនេះ។ លោករូសេមអ៊ូមីរ៉ូវលេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន ថ្លែងនាថ្ងៃ១៥វិច្ឆិកាថា បានពិគ្រោះពិភាក្សាក្រោមការជួយជ្រោមជ្រែងរបស់តួកគីនិងអេមីរ៉ាត់អារ៉ាប់រួម អំពីការដោះដូរឈ្លើយសឹកគ្នាជាថ្មី ។
លោកគូសបញ្ជាក់ថា បណ្ដាដៃគូបានព្រមព្រៀងគ្នា ដើម្បីជម្រុញឡើងវិញកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹកគ្នា ដែលចុះហត្ថលេខានៅក្រុងអ៊ីស្ដង់ប៊ុល ដើម្បីដោះលែងឈ្លើយសឹកអ៊ុយក្រែន១២០០នាក់ទៀត។ ចំពោះការលើកឡើងនេះរុស្សុីមិនទាន់មានប្រតិកម្មនៅឡើយក្នុងពេលភ្លាមៗ។
ម្យ៉ាងវិញទៀតការវាយប្រហារនានា ដោយដ្រូនរុស្ស៊ី បណ្ដាលឲ្យខូចខាតបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពល កាលពីយប់ថ្ងៃទី១៦ មក ១៧វិច្ឆិកា ក្នុងតំបន់អូដេសា។ មជ្ឈមណ្ឌលអគ្គិសនីសូឡាមួយកន្លែង ស្ថិតក្នុងចំណោមទីតាំងវាយប្រហារ។ អ៊ុយក្រែនប៉ុនប៉ងមិនសម្រេចក្នុងការរុញច្រាន ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីមិនឈប់ឈរ បណ្ដាលឲ្យមានការដាច់ភ្លើងក្នុងប្រទេស ពេលរដូវរងាជិតមកដល់ ។
ការវាយប្រហាររួមគ្នាដោយដ្រូន និងមីស៊ីលរុស្ស៊ីប្រឆាំងបណ្ដាញអគ្គិសនី ធ្វើឡើងជួនពេលគ្នានឹងការខិតខំប្រឹងប្រែនរបស់អ៊ុយក្រែន ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីនៅលើទីលាន សំដៅដណ្ដើមយកទីក្រុងប៉ូក្រូវស្ក៍ទីតាំងយុទ្ធសាស្ត្រនៅភាគខាងកើតប្រទេស ។
រុស្ស៊ីបានបញ្ជូនដ្រូនសរុប១៧៦គ្រឿង និងបាញ់មីស៊ីល១គ្រាប់នាយប់ថ្ងៃទី១៦ មក១៧
វិច្ឆិកា ដោយកងទ័ពអាកាសអ៊ុយក្រែនអះអាងថា បានបាញ់ទម្លាក់ដ្រូនរុស្ស៊ី១៣៩
គ្រឿង។
ចំណែកកងទ័ពអ៊ុយក្រែនវិញបានវាយប្រហាររោងចក្រចម្រាញ់ប្រេងកាតមួយក្នុងតំបន់
សាម៉ារ៉ារុស្ស៊ី ព្រមទាំងឃ្លាំងដ្រូនមួយរបស់កងឯកភាពពិសេសរូប៊ីកុន ក្នុងតំបន់ដូណេតស្ក៍។ អាជ្ញាធររុស្ស៊ីមិនទាន់លើកឡើងភ្លាមៗពីការវាយប្រហារទាំងនេះនៅឡើយ ។ ក្រសួងការពារប្រទេសរុស្ស៊ីថ្លែងនាថ្ងៃទី១៦ វិច្ឆិកា ថា កងទ័ពខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន៥៧គ្រឿងនាពេលយប់ ។
រុស្ស៊ីបន្តដាក់សម្ពាធលើអ៊ុយក្រែន ដោយនាថ្ងៃទី១៥ វិច្ឆិកា បានវាយប្រហារដោយដ្រូន និងមីស៊ីលប្រឆាំងទីតាំងយ៉ាងតិច១៣កន្លែង។ តុល្យការនៃការវាយប្រហារទាំងនោះក្នុងប្រទេសអ៊ុយក្រែន បើតាមអាជ្ញាធរមូលដ្ឋានតំបន់នានាថា មានមនុស្សស្លាប់ច្រើននាក់។ ម្យ៉ាងវិញទៀតក្រសួងការពារប្រទេសរុស្ស៊ីអះអាងពីការវាយដណ្ដើមយកបានមូលដ្ឋានយ៉ាប្លូកូវ៉ូ ក្នុងតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា ។
ចំណែកអាជ្ញាធរអ៊ុយក្រែនឲ្យដឹងកាលពីថ្ងៃទី១៤ វិច្ឆិកា ថា ការវាយប្រហាររបស់រុស្ស៊ីស្ទើរលើគ្រប់សង្កាត់ទាំងអស់នៃទីក្រុងគៀវនាពេលយប់ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៦នាក់ ហើយអគារស្នាក់នៅជាច្រើនរងការប៉ះពាល់។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីបរិហារថា រុស្ស៊ីបន្តបំភ័យប្រជាជនក្នុងទីក្រុងអ៊ុយក្រែនជាច្រើន ហើយគោលដៅវាយប្រហារសំខាន់របស់រុស្ស៊ី សំដៅលើតំបន់ប្រជាជនរស់នៅនៃទីក្រុងគៀវនិងបណ្ដាទីតាំងថាមពល។ រុស្ស៊ីលើកឡើងថា បានវាយប្រហារបណ្ដាទីតាំងឧស្សាហកម្មយោធានិងថាមពលរបស់អ៊ុយក្រែន ។
យោងតាមរដ្ឋាភិបាលអ៊ុយក្រែនថា នោះជាការវាយប្រហារដ៏អាក្រក់មួយលើរដ្ឋធានីអ៊ុយក្រែន បើគិតពីចំនួនគ្រាប់មីស៊ីលដែលរុស្ស៊ីបាញ់ ៕
ចែករំលែកព័តមាននេះ