បង្ក្រាបសាច់បង្កកថៃ ដែលឈ្មួញលួចដឹកតាមឡានក្រុង
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ពោធិ៍សាត់ សហការជាមួយមន្ត្រី(ក.ប.ប)ខេត្ត ដោយបានការសម្របសម្រួលពីឯកឧត្តម កូយ…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ពោធិ៍សាត់ សហការជាមួយមន្ត្រី(ក.ប.ប)ខេត្ត ដោយបានការសម្របសម្រួលពីឯកឧត្តម កូយ…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ពោធិ៍សាត់ សហការជាមួយមន្ត្រី(ក.ប.ប)ខេត្ត ដោយបានការសម្របសម្រួលពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបបានផលិតផលកែច្នៃពីត្រីសមុទ្របង្កក មានប្រហិតត្រី និងប្រហិតក្តាម សង្ស័យគ្មានសុវត្ថិភាព បង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដែលដឹកតាមរថយន្តដឹកជញ្ជូនអ្នកដំណើរមានចំនួន៦៨កេស លើ២មុខ ស្មើនឹងទម្ងន់១តោន៦០គីឡូក្រាម ដើម្បីយកទៅដុតបំផ្លាញចោល ។

លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក មានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពនាំចូលពីថៃ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ត្រី(ក.ប.ប)ខេត្ត ឃាត់បាននាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
លោកស្នងការរងបន្តថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កកនេះ ដឹកតាមរថយន្តមួយគ្រឿងរបស់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ម៉ាក KIA GRANBIRD ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ ៣E-២០៥០ មានទិសដៅពីប្ញស្សីកែវ រាជធានីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ភុំ ផៃឌឿន បញ្ជាក់ថា ក្រោយត្រួតពិនិត្យ និងបង្ក្រាបបាន កម្លាំងរបស់លោកបានធ្វើកំណត់ហេតុដកហូតរថយន្ត និងទំនិញជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី និងបានដឹកយកមកដុតបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
លោក អ៊ូ ម៉ានរិន ប្រធានសាខា(ក.ប.ប)ខេត្តពោធិ៍សាត់ឱ្យដឹងថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក មានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ គឺជាទំនិញរបស់ប្រទេសសៀម គ្មានប្រភព គ្មានឯកសារច្បាស់លាស់ មួយវិញទៀត គឺគ្មានការវេចខ្ចប់រក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ ដែលអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូបអាហារ ។

សម្រាប់បញ្ញើដឹកតាមរថយន្តខាងលើ គ្មានប្រភពម្ចាស់ទំនិញច្បាស់លាស់ផងដែរ ។ ដូច្នេះហើយ ផលិតផលនេះ សង្ស័យខូចគុណភាពទាំងអស់ ដាច់ខាតត្រូវដកហូត និងត្រូវយកទៅដុតកម្ទេចចោល ដើម្បីជាការព្រមានឱ្យបញ្ឈប់ការនាំចូលសាច់បង្កកពីប្រទេសថៃមកបន្តទៀត ៕


ចែករំលែកព័តមាននេះ