រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ បានប្រកាសពីផែនការផលិតអាវក្រោះសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពកម្ពុជា ហើយនឹងនាំចេញទៅក្រៅប្រទេសថែមទៀត ប្រសិនមានការបញ្ជាទិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា អាវក្រោះដែលកម្ពុជាផលិតនេះ ម៉ាក «DSS» ហើយសម្តេច គឺជាថៅកែរោងចក្រផលិតអាវក្រោះនេះតែម្តង។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បន្តិចទៀតនឹងមានអាវក្រោះម៉ាក DSS សម្រាប់ផលិតបំពាក់ឱ្យកងទ័ព និងនាំចេញទៅផ្គត់ផ្គង់ឱ្យប្រទេសក្រៅទៀត បើសិនគេបញ្ជាទិញ ហើយម៉ាករបស់វា គឺ ឌី.អេស.អេស (DSS) ហើយខ្ញុំធ្វើថៅកែ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទទួលស្គាល់ពីការខ្វះចន្លោះរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អាវក្រោះ និងមួកសុវត្ថិភាពការពារសម្រាប់កងទ័ព នៅពេលមានការផ្ទុះអាវុធ នៅតាមព្រំដែនជាមួយភាគីថៃ ដោយសារគិតថា គ្មានសង្គ្រាមកើតឡើង ប៉ុន្តែនៅពេលនេះកងទ័ពកម្ពុជា សុទ្ធតែបានបំពាក់អាវក្រោះ និងសម្ភារគ្រប់គ្រាន់ហើយ ។
ចែករំលែកព័តមាននេះ