រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើអគារផ្ទះជួលជាន់ទី២ បណ្ដាលឲ្យស្លាប់ បន្ទាប់ពីផឹកស្រវឹងយកអង្រឹងទៅចងដេកនៅមុខបន្ទប់ហើយដើរទ្រេតទ្រោត និងតោងបង្កាន់ដៃ របូតដៃធ្លាក់ចុះមកក្រោម។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង ៣០នាទីយប់រំលងអាធ្រាត្រចូល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅ ត្រង់ចំណុចអាគារផ្ទះជួល លេខ១៣៥ ផ្លូវបេតុង ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញហើយបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ជនរងគ្រោះរូបនោះឈ្មោះ ក្រឹង រតនៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ស្នាក់នៅបន្ទប់ជួលលេខ៨០ ជាន់ទី២ កន្លែងកើតហេតុខាងលើ ។
តាមការបំភ្លឺពីមិត្តស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនរងគ្រោះ ព្រមទាំងមិត្តភក្តិចំនួន៣នាក់ទៀតបានជួលបន្ទប់ស្នាក់នៅជាមួយគ្នា, កន្លងមកជនរងគ្រោះតែងតែយកអង្រឹងចងដេកមុខបន្ទប់។ នៅវេលាម៉ោងប្រហែល១១និង៥៥នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានត្រឡប់មកពីផឹកដោយអាការៈស្រវឹងស្រាខ្លាំងដើរទ្រេតទ្រោត រួចក៏យកអង្រឹងទៅចងដេកមុខបន្ទប់ដូចសព្វដង ។ មួយសន្ទុះក្រោយស្រាប់តែឮសម្លេងលាន់ស័ង្កសី ដោយពុំចាប់អារម្មណ៍ឡើយស្មានតែឆ្មារលោត ។ លុះព្រឹកឡើងស្រាប់តែមានការភ្ញាក់ផ្អើលប្រទះឃើញសាកសពជនរងគ្រោះស្លាប់នៅជាន់ក្រោមតែម្តង។
តាមកាមេរ៉ាសុវត្ថិភាពបានអោយដឹង ថា នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ គេឃើញជនរងគ្រោះបានឈរនោមនៅពីខាងមុខបន្ទប់នៅជាន់ទី២ រួចក៏មានអាការៈដើរទ្រេតទ្រោត ហើយក៏ដើរទៅតោងបង្កាន់ដៃឡើងផ្លោះទៅម្ខាង ហើយបានរបូតជើង របូត ដៃធ្លាក់ចុះទៅក្រោមតែម្តង។
តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (ធ្លាក់ពីលើបង្កាន់ដៃអាគារជាន់ទី២)។
បច្ចុប្បន្ននេះ សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ