ខេត្តបាត់ដំបង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ចាត់ស្នងការនគរបាលខេត្តបាត់ដំបងចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន៣០០០ដុល្លារ និងផ្លែឈើ១កន្ត្រកប្រគល់ជូននារីពលកររងគ្រោះក្នុងអំពើរំលោភបំពានលើរាងកាយពីសំណាក់ទាហានឈុតខ្មៅថៃ ។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ វិច្ឆិកា ២០២៥ ។ សូមរំលឹកថា៖ ទាហានសៀម១ក្រុមពិតជាព្រៃផ្សៃមែន ស្ត្រីខ្មែរម្នាក់ត្រូវទាហានឈុតខ្មៅសៀម៧នាក់ចាប់រំលោ.ភបូកពេលត្រឡប់មកដល់ជិតព្រំដែន

ដោយអនុវត្តតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិចំនួន៣.០០០ដុល្លារ និងផ្លែឈើ១កន្ត្រក ប្រគល់ជូននារីជាពលកររងគ្រោះ ក្នុងអំពើរំលោភបំពានលើរាងកាយពីសំណាក់ទាហានឈុតខ្មៅថៃ
ខណៈនារីរងគ្រោះ និងពលករប្រុសស្រីជាង១០នាក់ ធ្វើដំណើរចេញពីប្រទេសថៃ វិលចូលមកប្រទេសកម្ពុជា តាមច្រកស្វាយចេក នៃស្រុកកំរៀង ខេត្តបាត់ដំបង ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២៖១០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្វាយចេក និងកម្លាំងផ្នែកស៊ើបការ សហការជាមួយកម្លាំងយោធាវរៈ៥៣៤ និងផ្នែកសឹករងស្រុកកំរៀង បានទទួលពលករវិលត្រឡប់មកពីប្រទេសថៃវិញ ចំនួន១៣នាក់(ស្រី៦នាក់ កុមារ១នាក់) នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

បើតាមលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា តាមការសាកសួរពីពលករទាំងអស់ខាងលើ បានឱ្យដឹងថា ពេលពួកគាត់មកដល់ព្រំដែនត្រូវបានទាហានឈុតខ្មៅថៃធ្វើបាប និងប្រមូលយកលុយអស់ចំនួន៦,៥០០បាត ទូរស័ព្ទចំនួន៤គ្រឿង ដោយពលករប្រុសៗទាហានថៃ បានធ្វើបាបវ៉ៃទាត់ធាក់ និងអុកស្វាយកាំភ្លើង រីឯពលករនារីម្នាក់ក្នុងចំណោមនោះ ត្រូវបានទាហានឈុតខ្មៅថៃចាប់យកទៅធ្វើការរំលោភបំពានលើរាងកាយរួច ទើបបញ្ជូនឱ្យឆ្លងដែនមកប្រទេសកម្ពុជា តាមតាមច្រកស្វាយចេក ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បន្តថា ដោយមើលឃើញពីអំពើអមនុស្សធម៌ពីសំណាក់ទាហានឈុតខ្មៅថៃមកលើនារីរងគ្រោះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់រូបលោកនាំយកថវិកាចំនួន៣០០០ដុល្លារ និងផ្លែឈើ១កន្ត្រក ទៅសួរសុខទុក្ខនារីរងគ្រោះដែលកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តបាត់បង ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នការនគរបាលជាតិ ជូនដល់នារីរងគ្រោះ និងសូមឱ្យនាររងគ្រោះថែរក្សាសុខភាព និងពង្រឹងស្មារីផ្លូវចិត្តឱ្យបានល្អ៕
ចែករំលែកព័តមាននេះ