ទីក្រុងគូឡាឡាំពួ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា លោកបានភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីវិធីល្អបំផុតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។
នៅក្នុងការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ លោក Anwar Ibrahim បានឱ្យដឹងដូច្នេះថា «ខ្ញុំមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីវិធីល្អបំផុតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ដែលបានកើតឡើងរវាងប្រទេសទាំងពីរ»។
«ខ្ញុំសូមបញ្ជាក់ជាថ្មីអំពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃក្នុងការប្រកាន់ខ្ជាប់នូវស្មារតីនៃការសន្ទនា ប្រាជ្ញា និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបន្ថែមចុងក្រោយថា «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក (ថ្ងៃទី២២ ខែធ្នូ) គឺជាវេទិកាសមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសទាំងពីរអាចចរចាដោយបើកចំហ ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង»៕
ចែករំលែកព័តមាននេះ