ទីក្រុងតូក្យូ៖ សារនយោបាយតែប៉ុន្មានម៉ាត់របស់នាយករដ្ឋមន្ត្រីជប៉ុនកាលពីប៉ុន្មានថ្ងៃមុននេះពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់អាចធ្វើឱ្យប្រទេសជាតិខាតបង់ច្រើន។ ថ្ងៃនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទេសចរណ៍ និងលក់ទំនិញរបស់ជប៉ុនដាំក្បាលចុះយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិនអំពាវនាវឱ្យប្រជាជនខ្លួនកុំធ្វើដំណើរកម្សាន្តនៅជប៉ុនព្រោះហេតុផលសុវត្ថិភាព និងសន្តិសុខ។

គ្រាន់តែចាប់ផ្ដើមបើកដំណើរជួញដូរភាគហ៊ុនកាលពីព្រឹកមិញ ក្រុមហ៊ុនធំៗរបស់ជប៉ុនដែលធ្លាប់តែរកស៊ីកាក់កបជាមួយក្រុមអ្នកទេសចរចិនចាប់ផ្ដើមដាំក្បាលចុះ។ ក្នុងនោះមានដូចជា៖
– ក្រុមហ៊ុនគ្រឿងសំអាងស៊ីសេដូ (Shiseido) ធ្លាក់ចុះ៩%
– ក្រុមហ៊ុនលក់ទំនិញតាកាស៊ីម៉ាយ៉ា (Takashimaya) ធ្លាក់ចុះ៥%
– ក្រុមហ៊ុនលក់ទំនិញហ្វាស់ រីថេលលីង (Fast Retailing) ធ្លាក់ចុះជិត៦%
– ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែឡាញ (Japan Airlines) ធ្លាក់ចុះ៣,៩%
– អ៊ីសេតាន មីតស៊ូកូស៊ី (Isetan Mitsukoshi) ជាហាងលក់ទំនិញដាច់សម្រាប់អ្នកទេសចរចិនធ្លាក់ចុះ១១,៤%
– ក្រុមហ៊ុនតូក្យូ ឌីសស្នីលេន (Tokyo Disneyland) ធ្លាក់ចុះ៥,១%
– ក្រុមហ៊ុនមូជិ (Muji) ធ្លាក់ចុះ៩,៤%

ក្រុមហ៊ុនទាំងប៉ុន្មានខាងលើនេះមានទំនាក់ទំនងជិតស្និទ្ធនឹងវិស័យទេសចរណ៍របស់ចិន។ មានន័យថាពួកគេអាចរកស៊ីបានកាក់កបជាមួយអ្នកទេសចរជនជាតិចិនដែលធ្វើដំណើរទៅប្រទេសជប៉ុនច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក។ សូមរំលឹកថាកាលពីថ្ងៃទី៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ បានថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាថាបើសិនកងទ័ពចិនវាយប្រហារតៃវ៉ាន់ដែលស្ថិតនៅចម្ងាយ១រយគីឡូម៉ែត្រពីដែនសមុទ្រជប៉ុន ពេលនោះ ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា។

ប្រទេសទាំង២ជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយគ្នា។ ប៉ុន្តែស្រមោលខ្មៅពីអតីតកាលនៅតែតាមលងបន្លាច និងរំខានមិនឱ្យប្រទេសទាំង២មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាបានឡើយ ហើយក៏មានចំណុចមិនទុកចិត្តគ្នាផងដែរ។ ជាពិសេស ទំនាស់បូរណភាពទឹកដី និងការចំណាយលើវិស័យការពារជាតិ។ ក្រោយការថ្លែងរបស់លោកស្រីតាកាអ៊ីឈិ គេឃើញថាប្រទេសចិនបញ្ចេញប្រតិកម្មពីគ្រប់ច្រកតាំងពីក្រសួងការបរទេស ក្រសួងការពារជាតិ អគ្គកុងស៊ុលចិនប្រចាំទីក្រុងអូសាកា។ល។

ដូច្នេះដើម្បីកែសម្រួលស្ថានការណ៍នេះឡើងវិញ ជប៉ុនបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅទីក្រុងប៉េកាំងកាលពីព្រឹកមិញ។ នៅក្នុងគម្រោងជួបគ្នាជាមួយភាគីចិននៅថ្ងៃអង្គារស្អែកនេះ គេរំពឹងថាលោកម៉ាសាអាគិ កាណាអ៊ិ (Masaaki Kanai) ដែលជាប្រធានការិយាល័យទទួលបន្ទុកខាងកិច្ចការអាស៊ី និងអូសេអានី នឹងបញ្ជាក់ប្រាប់ភាគីចិនថាពាក្យសម្ដីរបស់លោកស្រីតាកាអ៊ីឈិមិនមែនជាការផ្លាស់ប្ដូរជំហររបស់ជប៉ុនស្ដីពីបញ្ហាចិនតែមួយដូចដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមចិន-ជប៉ុនឆ្នាំ១៩៧២នោះទេ។ នេះបើយោងតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងក្យូដូ (Kyodo)៕
ចែករំលែកព័តមាននេះ