ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ប្រាប់​គ្រូពេទ្យ​ឱ្យ​បង្កើន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺមហារីក

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រាប់​ក្រុម​គ្រូពេទ្យ​ឲ្យ​យកចិត្តទុកដាក់​លើ​ការ​ព្យាបាល​ជំងឺមហារីក ដោយ​សង្កត់ធ្ងន់​ថា ការ​វះកាត់​ជា​ស្នូល​មួយ​នៃ​ការ​ព្យាបាល​បានជា​ដាច់​ស្រឡះ​ពី​ជំងឺមហារីក ហើយ​ក៏​ជា​ដំណើរ​សង្គ្រោះ​ជីវិត​មនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព…


រាជធានី​ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រាប់​ក្រុម​គ្រូពេទ្យ​ឲ្យ​យកចិត្តទុកដាក់​លើ​ការ​ព្យាបាល​ជំងឺមហារីក ដោយ​សង្កត់ធ្ងន់​ថា ការ​វះកាត់​ជា​ស្នូល​មួយ​នៃ​ការ​ព្យាបាល​បានជា​ដាច់​ស្រឡះ​ពី​ជំងឺមហារីក ហើយ​ក៏​ជា​ដំណើរ​សង្គ្រោះ​ជីវិត​មនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព ។

ថ្លែង​នៅ​ក្នុង​ពេល​បើក​សន្និសីទ​ស​ល្យ​សាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​៣០ ក្រោម​ប្រធានបទ«​ភាព​​ប្រឈម​នៃ​ការ​វះកាត់​ជំងឺមហារីក​» កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ឈាង រ៉ា បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ការ​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺមហារីក ។

លោក​បាន​អះអាង​ថា វេជ្ជបណ្ឌិត​និង​ក្រុម​គ្រូពេទ្យ យកចិត្តទុកដាក់​ខ្ពស់​លើ​សេវា​ផ្នែក​មហារីក​នេះ ប្រកបដោយ​ឧត្តមគតិ សមធម៌ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​ក៏​ត្រូវ​ពង្រឹង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍​សម្ភារ​ទំនើប ការ​បញ្ជូនចំ​គោលដៅ និង​ទាន់​ពេលវេលា ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល​បាន​ត្រឹមត្រូវ ។

លោក ឈាង រ៉ា បាន​បន្ត​ទៀត​ថា គុណភាព និង​សុវត្ថិភាព នៃ​ការ​ព្យាបាល​ក៏​ត្រូវ​មានស្តង់​ដា​ត្រឹមត្រូវ ហើយ​ត្រូវ​ពង្រីក​ការ​ព្យាបាល​តាម​មន្ទីរពេទ្យ​គ្រប់​កម្រិត និង​ពង្រឹង​ការបណ្តុះបណ្តាល​ប្រព័ន្ធ​ការ​កត់ត្រា​ព័ត៌មាន ។

លោក​បាន​លើក​ឡើង​ថា គ្រូពេទ្យ​វះកាត់​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ ហ្វឹកហាត់​ការងារ​ជាប់​ជា​ប្រចាំ និង​មាន​សាមគ្គីភាព និង​សហការ​គ្នា ។ លោក​បាន​បញ្ជាក់​ថា «​ជោគជ័យ​នៃ​ការ​វះកាត់ គឺ​លទ្ធផល​ចុង​ក្រោយ ដែល​អ្នកជំងឺ​ជា​សះស្បើយ​តាម​ពេលវេលា​សម​ស្រប​ជាមួយ​សុវត្ថិភាព គុណភាព​នៃ​ជីវិត​ល្អ​ប្រសើរ ។ ដូច្នេះ ត្រូវ​គិតគូ​ឱ្យ​បាន​សព្វគ្រប់​ទាំង មុន​ពេល​វះកាត់ ពេល​កំពុង​វះកាត់ និង​ក្រោយ​ពេល​វះកាត់ ។

លោក​បាន​បន្ថែម​ថា ការ​វះកាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​សម​ស្រប គឺជាគោល​នយោ​បាយ​មួយ​សំខាន់​របស់​WHO និង​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​។ សុវត្ថិភាព និង​តម្លៃ​សម​ស្រប ដោយ​មិន​មានការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ គឺជា​ការ​ចូលរួម​សម្រេច​បាន​នូវ​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សាកល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ