ខេត្តសៀមរាប ៖ ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃសង្គ្រាម និងការចាកចេញពីផ្ទះសម្បែងមកស្នាក់នៅបណ្ដោះអាសន្នក៏ដោយ ក៏ពន្លឺនៃចំណេះដឹងមិនត្រូវបានរលត់ទៅតាមសូរសំឡេងផ្ទុះអាវុធនោះឡើយ ។

ជាក់ស្តែង រដ្ឋបាលខេត្តសៀមរាប បានប្រកាសនៅលើបណ្តាញសង្គម នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ក្រាបលូន ដើម្បីចំណេះ ទោះមិនបានរៀននៅសាលា ក៏ប្អូនៗសិស្សានុសិស្សដែលកំពុងភៀសសឹក បានបន្តរៀនទាំងយប់ នៅទីតាំងស្នាក់នៅវត្តមុនធ្យាន រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម ។

រដ្ឋបាលខេត្តសៀមរាប បានបន្តថា ទោះក្រាបសរសេរ ក៏ស្ម័គ្រចិត្ត និងប្រឹងរៀន ដើម្បីអនាគត នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ធម្មតាថ្ងៃអាទិត្យជាថ្ងៃសម្រាក ប៉ុន្តែប្អូនដែលបានភៀសសឹកនៅបន្តសិក្សារៀនសូត្រ ទោះបីស្នាក់នៅវត្តមុនធ្យាន គ្មានកន្លែងសមរម្យ និងក្រាបសរសេរ ក៏ប្រឹងសិក្សា ទោះចាកចេញពីផ្ទះសម្បែង ចាកចេញឆ្ងាយពីសាលា ប្អូនសិស្សានុសិស្សដោយមិនបោះបង់ចោលការសិក្សាឡើយ ។
សកម្មភាពដ៏អង់អាចនេះ បានក្លាយជាកម្លាំងចិត្តយ៉ាងធំធេងដល់មហាជន និងបង្ហាញពីតម្លៃមិនអាចកាត់ថ្លៃបាននៃចំណេះដឹង ទោះក្នុងកាលៈទេសៈណាក៏ដោយ ៕



ចែករំលែកព័តមាននេះ