ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយចំនួនពលរដ្ឋដែលស្វែងរកការព្យាបាលនៅក្រៅប្រទេស ដោយប្រែក្លាយកោះបាលីទៅជាចំណុចកណ្តាលនៃទេសចរណ៍វេជ្ជសាស្ត្រឈានមុខគេរបស់អាស៊ី។ នេះបើតាមប្រភពពីសារព័ត៌មាន CNA និង VNA ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ចំណុចកណ្តាលនៃការជំរុញនេះ គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុខភាព Sanur (SEZ) ដែលជាការអភិវឌ្ឍថ្មីមួយមានទីតាំងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះបាលី។ តំបន់នេះលាតសន្ធឹងលើផ្ទៃដីជាង ៤១ ហិកតា ហើយត្រូវបានបង្កើតឡើងដើម្បីក្លាយជាគោលដៅទេសចរណ៍សុខភាពរួមបញ្ចូលគ្នាដំបូងគេរបស់ឥណ្ឌូណេស៊ី។
តំបន់សេដ្ឋកិច្ចពិសេសសុខភាព Sanur ដែលជាគម្រោងយុទ្ធសាស្ត្រជាតិ មានគោលបំណងទាក់ទាញអ្នកជំងឺក្នុងស្រុក និងបរទេស ដោយរួមបញ្ចូលគ្នានូវសេវាថែទាំសុខភាព សុខុមាលភាព និងបដិសណ្ឋារកិច្ចក្នុងតំបន់តែមួយ។ ចំណុចកណ្តាលនៃការអភិវឌ្ឍគឺ ផ្តោតលើមន្ទីរពេទ្យអន្តរជាតិបាលី ដែលជាមន្ទីរពេទ្យតែមួយគត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ មន្ទីរពេទ្យនេះគ្របដណ្តប់លើផ្ទៃដីជាង ៦៧ ០០០ម៉ែត្រការ៉េ ផ្តល់សេវាឯកទេសជំងឺបេះដូង ជំងឺមហារីក ប្រព័ន្ធប្រសាទ ក្រពះពោះវៀន ថ្លើម និងឆ្អឹង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូមកពីប្រទេសអូស្ត្រាលី ជប៉ុន និងសិង្ហបុរី។
ការអភិវឌ្ឍក៏នឹងផ្តោតលើសណ្ឋាគារសំខាន់ៗចំនួន ២ ផងដែរ គឺសណ្ឋាគារប្រវត្តិសាស្ត្រ Bali Beach ដែលជាសណ្ឋាគារផ្កាយប្រាំដំបូងគេរបស់កោះបាលី និងបានបើកដំណើរការនៅឆ្នាំ ១៩៦៦ ព្រមទាំងសណ្ឋាគារ Meru Sanur ដែលជារមណីយដ្ឋានផ្កាយប្រាំដូចគ្នា។
ប្រជាជនឥណ្ឌូណេស៊ីប្រហែល ២ លាននាក់ បានធ្វើដំណើរទៅក្រៅប្រទេសជារៀងរាល់ឆ្នាំ សម្រាប់ការថែទាំសុខភាព ដោយ ៧៤% ជ្រើសរើសប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ការចំណាយទៅក្រៅប្រទេសមានចំនួនសរុបប្រមាណជាង ១៥០ទ្រីលានរូពី ឬ ៩ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ រដ្ឋាភិបាលឥណ្ឌូណេស៊ីសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសសុខភាព Sanur នឹងជួយកាត់បន្ថយលំហូរចេញនោះដោយផ្តល់ជូននូវការថែទាំលំដាប់ពិភពលោកនៅក្នុងស្រុក។
ដោយសារឥណ្ឌូណេស៊ីកំពុងប្រឈមនឹងកង្វះខាតគ្រូពេទ្យឯកទេសប្រហែល ៧ម៉ឺននាក់ អាជ្ញាធរសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសសុខភាព Sanur ក៏អាចជួយបំពេញចន្លោះប្រហោងនេះ និងទាក់ទាញសមាជិកគ្រូពេទ្យឯកទេសមានជំនាញខ្ពស់នៅក្រៅប្រទេសវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ៕

ចែករំលែកព័តមាននេះ