ខេត្តបាត់ដំបង ៖ ឧបនាយករដ្ឋមន្ទ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ឯកឧត្តមសន្ដិបណ្ឌិត
ស សុខា បានចាត់ទុកទង្វើដ៏ឃោរឃៅរបស់ក្រុមទាហានសៀម ដែលរំលោភបំពានផ្លូវភេទបូកទៅលើពលការិនីកម្ពុជាម្នាក់ថា ជាអំពើ«ស្មោគគ្រោក» ដែលយើងមិនអាចទទួលយកបានក្នុងនាមប្រជាពលរដ្ឋដូចគ្នា ។

ឯកឧត្តម ស សុខា បានថ្លែងបែបនេះ ទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ វិច្ឆិកា បន្ទាប់ពីឯកឧត្តមចាកចេញពីសួរសុខទុក្ខពលការិនីរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
ខ្លឹមសារនៃកិច្ចសម្ភាសន៍ លោកឧបនាយករដ្ឋមន្ត្រីបានផ្ដល់មតិឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅមូលដ្ឋាន (បាត់ដំបង) ។ លោកបានថ្លែងថា ក្រោយពេលជនរងគ្រោះដាក់ពាកបណ្ដឹង យើងកំពុងរួមគ្នាធ្វើការងារនេះឲ្យបានឆាប់រហ័ស ដើម្បីលាតបង្ហាញលើឆាកអន្តរជាតិឲ្យគេបានដឹងនូវអំពើដ៏«ស្មោគគ្រោក»មួយនេះ របស់ក្រុមទាហានថៃ ។

ដោយឡែក ចំពោះសុខភាពពលការនីរងគ្រោះវិញ បើតាមឯកឧត្តមសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា «នៅព្រឹកមិញនេះ យើងបានទៅជួបប្អូនស្រីឃើញថា នាងមានសុខភាពល្អប្រសើរជាងមុនបន្តិច ។ បើប្រៀបធៀបកាលពីម្សិលមិញ គឺគាត់បានបាត់ការចងចាំមួយចំនួន ។ ជាពិសេស គាត់មានភាពរវើរវាយច្រើន» ។ ពោល៖ គឺនារីរងគ្រោះហាក់មានសុខភាពប្រសើរ និងស្មារតីល្អឡើងវិញខ្លះៗហើយ ក្រោយការប្រឹងប្រែងជួយសង្គ្រោះរបស់ក្រុមគ្រួពេទ្យ ។
ពលការិនីអាយុ១៨ឆ្នាំ ដែលជាពលករធ្វើការនៅប្រទេសថៃ ហើយត្រូវបានក្រុមទាហានឈុតខ្មៅថៃយ៉ាងតិច០៧នាក់ បានចាប់នាងរំលោភបំពានផ្លូវភេទយ៉ាងសាហាវព្រៃផ្សៃបំផុត កាលពីយប់ថ្ងៃទី១៥ វិច្ឆិកា នៅក្នុងទឹកដី ខេត្តចាន់បុរី នៃប្រទេសថៃ ក្បែរព្រំដែនកម្ពុជា-ថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងគ្រាដែលនាង រួមជាមួយនឹងពលករខ្មែរ ប្រុស ស្រី ចំនួន១២នាក់ទៀត ធ្វើដំណើរតាមរថយន្តវិលត្រឡប់មកប្រទេសកំណើតខ្លួនវិញ ។

ក្រៅពីពីពួកទាហានថៃចាប់នាងរំលោភបំពានផ្លូវភេទ ពលករខ្មែរទាំងប្រុស-ស្រីទាំង១៣នាក់នោះ ក៏ត្រូវក្រុមទាហានថៃវាយធ្វើទារុណកម្មយ៉ាងឃោឃៅ រួចប្លន់យកលុយ និង ទូរស័ព្ទពួកគេអស់គ្មានសល់ មុនពេលដោះលែងពលករខ្មែរទាំង១៣នាក់ឱ្យធ្វើដណើរទាំងកណ្ដាលយប់ឆ្លងព្រំដែនចូលប្រទេសកំណើត ។
បើតាមរបាយការណ៍សមត្ថកិច្ច ក្រុមពលករខ្មែរទាំង១៣នាក់ បានឆ្លងអូរព្រំដែនតាមច្រករបៀងតូចមួយនៅក្បែរប៉ុស្ដិ៍នគរបាលការពារព្រំដែន «ស្វាយចេក» ដែលស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ដែលមានកម្លាំងនគរបាលប្រចាំប៉ុស្ដិ៍ស្វាយចេក និង កម្លាំងយោធាការពារព្រំដែននៅតំបន់នោះ រង់ចាំទទូលទាំងកណ្ដាលយប់ ។

ក្រោយពីបញ្ចប់ការសួរនាំបឋម និងធ្វើកំណត់ហេតុរួច កម្លាំងការពារព្រំដែន ក៏បានបញ្ជូនពលករខ្មែរទាំងនោះ ទៅកាន់ក្រុមការងារ «មណ្ឌលទទូលពលករប្រចាំស្រុកកំរៀង» ដើម្បីចាត់ការបន្ត និងពិនិត្យសុខភាព ។ ជាមួយនឹងការវិលត្រឡប់មកកាន់ប្រទេសកំណើតវិញរបស់ពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ និងចៀសវាងពីការធ្វើទុក្ខបុកម្នេញណាមួយពីពួកទាហានថៃ ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលត្រូវធ្វើដំណើរចាកចេញពីប្រទេសថៃវិលត្រឡប់ចូលមកស្រុកកំណើតវិញនាពេលខាងមុខ ត្រូវមានការប្រុងប្រយ័ត្នចំពោះទង្វើដ៏ «ស្មោគគ្រោក»របស់ពួកទាហានថៃនេះ ។

ជាមួយនឹងការអំពាវនាវ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ជាមតិដូច្នេះថា «បើបងប្អូនប្រជាពលរដ្ខ ឬពលករខ្មែរ ដែលត្រូវវិលត្រឡប់មកប្រទេសម្ពុជាវិញ សូមឲ្យមកជាក្រុម កុំឲ្យបែកគ្នា ។ ជាពិសេស ត្រូវផ្ដល់ព័ត៌មានឲ្យអ្នកផ្ទះបានដឹងមុនថា ខ្ញុំនឹងមកនៅថ្ងៃណា? ហើយបើមានព្រឹត្តិការណ៍ណាមួយមិនប្រក្រតី សូមឲ្យដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេស គឺប្ដឹងនៅក្នុងមូលដ្ឋានតែម្ដង»។

លោក ស សុខា បានលើកយកករណីពលការិនីរងគ្រោះខាងលើ ជាឧទាហរណ៍ស្រាប់។ លោកថា «ករណីប្អូនស្រីខាងលើនេះ បើបានដាក់បណ្ដឹងនៅខេត្តបាត់ដំបងហើយ យើងនឹងរហ័សដៃរហ័សជើង ដើម្បីធ្វើការងារនេះ ដើម្បីបង្ហាញដល់អន្តរជាតិឱ្យបានដឹងអំពើ«ស្មោគគ្រោក»របស់ពួកទាហានថៃ» ៕
ចែករំលែកព័តមាននេះ