ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋរាប់រយនាក់ ទាំងក្មេង ចាស់ ប្រុស ស្រី បាននាំគ្នាសម្រុកទៅដងប្រេងដែលកំពប់ធ្លាយចេញពីស៊ីទែនប្រេងភ្លូកទឹកភ្លូកដី នៅចំណុចភូមិដើមជ្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រមាណ៦ទៀបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា រថភ្លើងដឹកប្រេងនេះ ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង លុះមកដល់កន្លែងកើតហេតុខាងលិចវត្តបឹងខ្នារ ស្ថិតក្នុងភូមិដើមជ្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ផ្លូវដែកបានស្រុតដីដោយសារភ្លៀងពីយប់ បណ្ដាលឲ្យក្រឡាប់៣ទូ ដែលជាស៊ីទែនប្រេងក៏បានហូរចាក់ចូលដីស្រែអណ្ដែតត្រាពាសពេញ ។

ប្រេងទាំង៣ស៊ីទែននេះ គឺជាប្រេងម៉ាស៊ូតដែលក្នុងមួយ១ស៊ីទែនចំណុះ៣០.០០០លីត្រ សរុប៩០.០០០លីត្រ ។ ករណីរថភ្លើងដឹកប្រេងក្រឡាប់នេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់ស្លាប់ឬរងរបួសនោះទេ ។ មហាជនបាននិយាយថា ផ្លូវដែកសព្វថ្ងៃនេះ ហាក់បីដូចជាមិនសូវមានគុណភាពដូចមុននោះទេ ព្រោះវាទ្រុឌទ្រោមជួបបញ្ហាស្រុតក្រឡាប់ជាញឹកញាប់ ។

ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ផងដែរ ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋពីឧបទ្ទវហេតុក្រឡាប់ទូរថភ្លើងបានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូស៊ីទែនរថភ្លើង ដែលដឹកតាមខ្សែរថចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូម៉ែត្រលេខ ១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់រវាងឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជំហានដំបូង ក្រុមការងាររកឃើញទូរថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅចំនួន២ទូស៊ីទែន ។

ក្រុមការងារជំនាញ បាននិងកំពុងចុះពិនិត្យមើលទំហំនៃការលេចធ្លាយ មានបរិមាណសំណល់ប្រេងអណ្តែតលើទឹកក្នុងស្រែក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ ។

សូមបញ្ជាក់ថា ក្រោយមានឧបទ្ទវហេតុ ប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងនាំគ្នាពពាក់ពពូនស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ