ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​ ៖ ​ចៅក្រម​២២​នាក់ ត្រូវ​បាន​ដាក់​ពិន័យ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ អគ្គលេខាធិការ​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម បាន​គូសបញ្ជាក់​ថា ​ចៅក្រម​២២​នាក់​ ត្រូវ​បាន​ដាក់​ពិន័យ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លើក​ទី​៣៩…

រាជធានី​ភ្នំពេញ​ ៖ អគ្គលេខាធិការ​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម បាន​គូសបញ្ជាក់​ថា ​ចៅក្រម​២២​នាក់​ ត្រូវ​បាន​ដាក់​ពិន័យ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លើក​ទី​៣៩ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​។

អគ្គលេខាធិការ ​នៃ​អគ្គលេខាធិការដ្ឋាន ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម​ បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង១០​និង​០០​នាទី​ព្រឹក ឧត្ដម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម បាន​បើក​សម័យប្រជុំ​លើក​ទី​៣៩ នៅ​ក្នុង​ព្រះ​បរមរាជវាំង ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក​កម្ពុជា ព្រះប្រធាន​ឧត្តម​ក្រុមប្រឹក្សា ​នៃ​អង្គចៅក្រម ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​ពិនិត្យ​សម្រេច និង​ពិគ្រោះ​យោបល់ លើ​របៀបវារៈ​ ចំនួន​១០ ដោយ​ទទួល​បាន​នូវ​លទ្ធផល ដូច​ខាងក្រោម ​៖

របៀបវារៈ​ទី​១ ៖ ពិនិត្យ និង​សម្រេច លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​ នៃ​ឧត្តម​ក្រុមប្រឹក្សា ​នៃ​អង្គចៅក្រម ពាក់ព័ន្ធ​ករណី​ចៅក្រម ។ សម្រាប់​សម័យប្រជុំ​លើក​ទី​៣៩ នេះ អង្គប្រជុំ​បាន​សម្រេច​យល់ព្រម​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​ នៃ​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ពាក់ព័ន្ធ​ករណី​ចៅក្រម​ចំនួន ២២​រូប ដោយ​បាន​សម្រេច​ដាក់​វិន័យ​ដូច​តទៅ​ ៖

១-​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី​១៖
-​ការ​ស្តីបន្ទោស​ដោយ​ផ្ទាល់មាត់ មាន​ចំនួន​៣ រូប
-​ការ​ស្តីបន្ទោស​ដោយ​ចុះ​ក្នុង​សំណុំ​លិខិត​ផ្ទាល់ខ្លួន មាន​ចំនួន ៩ រូប​។
-​ការ​ផ្អាក​មិន​ឱ្យ​ចុះ​ឈ្មោះ​ក្នុង​តារាង​ដំឡើង​ថ្នាក់​។
ឬ​ឋានន្តរស័ក្ដិ ក្នុង​រយៈពេល ២​ឆ្នាំ មាន​ចំនួន​០១ រូប។

២-​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី​២៖
-​ការ​ផ្លាស់​ដោយ​បង្ខំ មាន​ចំនួន ៣រូប
-​ការ​ផ្លាស់​ដោយ​បង្ខំ តម្រូវ​ឱ្យ​ទទួល​ការ​បណ្ដុះបណ្ដាល​បន្ថែម​មាន​ចំនួន ១រូប
-​ការ​បន្ថយ​មួយ​ថា្ន​ក់ នៃ​ឋានន្តរស័ក្តិ មាន​ចំនួន ៥ រូប​។

របៀបវារៈ​ទី​២៖ ពិនិត្យ និង​សម្រេច លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ពាក់ព័ន្ធ​ករណី​ព្រះរាជអាជ្ញា​៖ អង្គប្រជុំ​ នៃ​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ក៏​បាន​សម្រេច​យល់ព្រម​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ដែល​ពាក់ព័ន្ធ​នឹង​ព្រះរាជអាជ្ញា​រង​ចំនួន ៣​រូប ដោយ​បាន​សម្រេច​ដាក់​វិន័យ​ដូច​តទៅ ​៖

១-​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី​១៖
-​ការ​ស្តីបន្ទោស​ដោយ​ផ្ទាល់មាត់ មាន​ចំនួន ១​រូប
-​ការ​ផ្អាក​មិន​ឱ្យ​ចុះ​ឈ្មោះ​ក្នុង​តារាង​ដំឡើង​ថ្នាក់
ឬ​ឋានន្តរស័ក្ដិ ក្នុង​រយៈពេល ២​ឆ្នាំ មាន​ចំនួន ១ រូប​។

២-​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី​២៖
-​ការ​ផ្លាស់​ដោយ​បង្ខំ តម្រូវ​ឱ្យ​ទទួល​ការ​បណ្តុះបណ្តាល​បន្ថែម​និង​បន្ថយ​មួយ​ថ្នាក់ នៃ​ឋានន្តរស័ក្តិ មាន​ចំនួន​១ រូប​។

ជាមួយ​គ្នា​នេះ ក្នុង​ចន្លោះ​សម័យប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម លើក​ទី​៣៨ និង​លើក​ទី​៣៩, ឧត្ដម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម​ ក៏​បាន​សម្រេច​យល់ព្រម​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​ នៃ​ឧត្តម​ក្រុមប្រឹក្សា ​នៃ​អង្គចៅក្រម ទាក់ទង​នឹង​វិន័យ​ការងារ​របស់​ព្រះរាជអាជ្ញា​ចំនួន ២​រូប ដោយ​ក្នុង​នោះ​បាន​សម្រេច​ដាក់​វិន័យ​ព្រះរាជអាជ្ញា ១​រូប ដោយបណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង ១​រូប​ទៀត ដាក់​វិន័យព្យួរ​ពី​ការងារ​មិន​ឱ្យ​មាន​បៀវត្ស​ក្នុង​រយៈពេល ១​ឆ្នាំ ផង​ដែរ ​។

របៀបវារៈ​ទី​៣៖ ពិនិត្យ និង​សម្រេច អំពី​ការ​ផ្ទេរ និង​តែងតាំង ចៅក្រម មួយ​ចំនួន​៖ អង្គប្រជុំ​បានសម្រេច​យល់ព្រម​លើ​ការ​ស្នើ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង ប្រធាន អនុប្រធាន និង​ចៅក្រម នៃ​សាលាជម្រះក្តី​មួយ​ចំនួន ​ដែល​ដល់​វេន​ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ និង​ដោយ​យោង​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង សរុប​មាន​ចំនួន៨៩​រូប ក្នុង​នោះ​រួម​មាន ថ្នាក់​តុលាការ​កំពូល​ចំនួន ២​រូប​, ថ្នាក់​សាលាឧទ្ធរណ៍​ចំនួន ១៧​រូប និង​ថ្នាក់​សាលាដំបូងរាជធានី​-​ខេត្ត​ចំនួន ៧០​រូប ​។

របៀបវារៈ​ទី​៤៖ ពិគ្រោះ​យោបល់ លើ​សំណើ​ផ្ទេរ និង​តែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រងមួយ​ចំនួន តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៖ អង្គប្រជុំ​បាន​ផ្តល់​យោបល់​យល់ព្រម​លើ​សំណើ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង អគ្គ​ព្រះរាជអាជ្ញា​រង ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង សរុប​មាន​ចំនួន ៥៦​រូប ក្នុង​នោះ​រួម​មាន នៅ​ថ្នាក់​មហាអយ្យការ​អម​តុលាការ​កំពូល​ចំនួន ៣​រូប និង​នៅ​ថ្នាក់​អយ្យការ​អម​សាលាដំបូង​រាជធានី​-ខេត្ត​ចំនួន ៥៣​រូប​ ។

របៀបវារៈ​ទី​៥៖ ពិនិត្យ និង​ផ្តល់​យោបល់ អំពី​ការ​ស្នើ​ដំឡើង​ថ្នាក់ ឋានន្តរស័ក្តិ តាម​វេន​អតីតភាព​តាម​កម្រិត​សញ្ញាបត្រ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​៖ សម្រាប់​សម័យប្រជុំ​លើក​នេះ អង្គប្រជុំ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​ផ្តល់​យោបល់​យល់ព្រម​ចំពោះ​សំណើសុំ​ដំឡើង​ថ្នាក់ ឋានន្តរស័ក្តិ តាម​វេន​អតីតភាពតាម​កម្រិត​សញ្ញាបត្រ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា សម្រាប់​ឆ្នាំ​២០២៥ សរុប​ទាំងអស់​មាន​ចំនួន ១៧០​រូប ក្នុង​នោះ​មាន​ចំនួន ១២៩​រូប ត្រូវ​ស្នើ​តាម​វេន​អតីតភាព និង​ចំនួន ៤១​រូប ត្រូវ​ស្នើ​តាម​កម្រិត​សញ្ញាបត្រ​។

របៀបវារៈ​ទី​៦៖ ពិនិត្យ និង​សម្រេច អំពី​សំណើសុំ​លាឈប់​ពីមុខ​តំណែង និង​ក្រប​ខណ្ឌ​ចៅក្រម​របស់​ចៅក្រម ១​រូប នៃ​សាលាដំបូង​ខេត្តកណ្តាល តាម​សំណើ​របស់​សាមីខ្លួន​៖ សម្រាប់​សម័យប្រជុំ​លើក​នេះ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​សម្រេច​យល់ព្រម​អនុញ្ញាត​ឱ្យ​លោកស្រី អ៊ុំ ម៉ា​ណូ​កា ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល លាឈប់​ពីមុខ​តំណែង និង​ក្រប​ខណ្ឌ​ចៅក្រម គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥​តាម​សំណើ​របស់​សាមីខ្លួន​។

របៀបវារៈ​ទី​៧៖ ពិនិត្យ និង​សម្រេច​លើ​សំណើសុំ​ដាក់​ឱ្យ​នៅ​ទំនេរ​គ្មាន​បៀវត្ស រយៈពេល ២​ឆ្នាំ​របស់​ចៅក្រម ១​រូប នៃ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​៖ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​សម្រេច​យល់ព្រម​អនុញ្ញាត​ឱ្យ​លោកស្រី រស់ បូ​ផា​ណា ចៅក្រម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បាន​ឈប់​សម្រាក​ពី​ការងារ រយៈពេល ២(​ពីរ​)​ឆ្នាំ​បន្ត​ទៀត ដោយ​រក្សា​កប​ខណ្ឌ និង​គ្មាន​បៀវត្ស​។

របៀបវារៈ​ទី​៨៖ ពិគ្រោះ​យោបល់ លើ​សំណើសុំ​ដាក់​ឱ្យ​នៅ​ទំនេរ​គ្មាន​បៀវត្ស​រយៈពេល ២​ឆ្នាំ របស់​ព្រះរាជអាជ្ញា​រង ១​រូប នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​៖ សម្រាប់​សម័យប្រជុំ​លើក​នេះ អង្គប្រជុំ​បាន​ផ្តល់​យោបល់​យល់ព្រម​អនុញ្ញាត​ឱ្យ​លោក ហាក់ សៀ​ក​លី​ម ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ឈប់​សម្រាក​ដោយ​គ្មាន​បៀវត្ស​រយៈពេល ២(​ពីរ​)​ឆ្នាំ​។

របៀបវារៈ​ទី​៩៖ ពិគ្រោះ​យោបល់ លើ​សំណើសុំ​លាឈប់​ពីមុខ​តំណែង និង​ក្រប​ខណ្ឌ​ព្រះរាជអាជ្ញា​របស់​ព្រះរាជអាជ្ញា ១​រូប នៅក្រសួងយុត្តិធម៌ តាម​សំណើ​របស់​សាមីខ្លួន​៖ សម្រាប់​សម័យប្រជុំ​លើក​នេះ អង្គប្រជុំ​បាន​ផ្តល់​យោបល់​យល់ព្រម​អនុញ្ញាត​ឱ្យ​លោកស្រី ទុ​ត វែ​ន​ណា ព្រះរាជអាជ្ញា​នៅ​ក្រសួងយុត្តិធម៌ លាឈប់​ពីមុខ​តំណែង​និង​ក្រប​ខណ្ឌ​ព្រះរាជអាជ្ញា ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ តាម​សំណើ​របស់​សាមីខ្លួន​។

របៀបវារៈ​ទី​១០៖ បញ្ហា​ផ្សេង​ៗ៖ ចំពោះ​របៀបវារៈ​នេះ អង្គប្រជុំ​មិន​មាន​បញ្ហា​អ្វី​លើក​ឡើង​ទេ​។

ជាទី​បញ្ចប់​នៃ​កិច្ចប្រជុំ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​ការ​ខិតខំ​យកចិត្តទុកដាក់​បំពេញការងារ របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

ព្រះករុណា​ព្រះប្រធាន ព្រះ​អង្គ​បាន​ប្រកាស​បិទ​សម័យប្រជុំ​លើក​ទី​៣៩ របស់​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ប្រកបដោយ​ជោគជ័យ និង​បរិយាកាស​ល្អ​ប្រសើរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ