ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​​ឃើញ​រោងចក្រ​ថ្មី​មួយទៀត​ហើយ ដែល​បាន​បញ្ចេញ​​សំណល់​រាវ​បំពុ.ល​ទឹក​សាធារណៈ ក្នុងស្រុក​ភ្នំស្រួច

15 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុមហ៊ុន​កែ​ច្នៃ​ស្វាយ​យីហោ Zhongbao (Cambodia) Food Science & Technology Co., Ltd…

ខេត្តកំពង់ស្ពឺ​៖ ក្រុមហ៊ុន​កែ​ច្នៃ​ស្វាយ​យីហោ Zhongbao (Cambodia) Food Science & Technology Co., Ltd ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​វាល​ធំ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ក្រុមការងារ​ក្រសួងបរិស្ថាន ដែល​ដឹកនាំ​ដោយ លោក ជូ មុនី​ដា​រិ​ន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ បាន​រក​ឃើញ​ថា​ក្រុមហ៊ុន​ខាងលើ បាន​បញ្ចេញ​សំណល់​រាវ​បំពុល​ទឹកចូលក្នុង​អូរ​ចោត ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ចាប់ពី​ទីតាំង​ក្រុមហ៊ុន រហូត​ដល់​ទំនប់​អូរ​កូន​ត្រុំ​។

បើ​យោង​តាម​ការ​អះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ខ្សែទឹក ខាង ក្រោយ​ទីតាំង​ក្រុមហ៊ុន បញ្ជាក់​ថា​បាន​រង​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ ដូច​ជា​ទឹក​បង្ក​ឱ្យ​មាន​អាកា​រៈ​រមាស់ មាន​ត្រី​ងាប់ និង​មិន​អាច​ប្រើប្រាស់​ទឹក សម្រាប់​ស្រោចស្រព​ដំណាំ​បាន​ផង​ដែរ បណ្តាល​មក​ពី​ក្រុមហ៊ុន​ខាងលើ​បាន បង្ហូរ​សំណល់​រាវ ប្រមាណ​២​ឆ្នាំ​កន្លង​មក​ហើយ​។ ប្រជាពលរដ្ឋ ត្រូវ​បង្ខំចិត្ត​ជីក​ស្រះ​ដើម្បី​បាន​ទឹក​ឬ​ត្រូវ​ទិញ​ទឹក​គេ​បូម​លក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

តាម​រយៈ​ការ​វិភាគ​គុណភាព​ទឹក​បឋម​នៅ​ទីតាំង​ផ្ទាល់ ប្រព័ន្ធ​អូរ​ធម្មជាតិ ដែល​រង​ការ​បំពុល​នេះ មាន​កម្រិត pH និង DO ធ្លាក់​ទាប​ខ្លាំង មិន​អនុលោម​កម្រិត​កំណត់​ស្តង់ដារ នៃ​ការ​បញ្ចេញ​សំណល់​រាវ និង​អភិរក្ស​ជីវៈចម្រុះ​នោះ​ទេ​។ ក្រុមការងារ​បាន​យក​សំណាក​ទឹក ចំនួន​៤​ទីតាំង មក​វិភាគ​និង​អនុវត្ត​នីតិវិធី​ច្បាប់​បន្ត​។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​បាន​ទទួលស្គាល់​ថា ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ផ្ទុយ​នឹង​ច្បាប់ ដោយ​បាន​បំពុល​អូរ​ធម្មជាតិ ដូចដែល​ក្រុមការងារ​ជំនាញ​បរិស្ថាន បាន​រក​ឃើញ និង​សន្យា​ទទួលយក ការ​កែ​លម្អ​បច្ចេកទេស ឱ្យ​បាន​ល្អ​ប្រសើរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក្រុមការងារ​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល និង​អ្នក​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ករណី​បំពុល​ទឹក អូរ​ធម្មជាតិ ដោយ​ក្រុមហ៊ុន​កែ​ច្នៃ​ស្វាយ​យីហោ Zhongbao (Cambodia) Food Science & Technology Co., Ltd.​។ ចំពោះ​ករណី​នេះ ក្រុមការងារ​បាន​អនុវត្ត​វិធានការ​ច្បាប់ ដូច​តទៅ​ ៖

១- យោង​តាម​មាត្រា ២៩០ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ រោងចក្រ​ត្រូវ​បញ្ឈប់​ការ​បញ្ចេញ សំណល់​រាវ​ចេញពី​សង្វា​ក់​ផលិតកម្ម​ជា​បន្ទាន់​។ ក្នុង​ករណី​នៅ​បន្ត ត្រូវ​បាន​ដកហូត​រាល់​លិខិតអនុញ្ញាត ដែល​ចេញ​ដោយ​ក្រសួងបរិស្ថាន​។
២- ត្រូវ​ទទួល​រង​ការ​ពិន័យ​អន្ដរការណ៍​យោង​តាម មាត្រា​១៥៩ មាត្រា​១៦០ មាត្រា​២៨៧ និង​មាត្រា​៨២៩ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ

៣-​ត្រូវ​ផ្ដល់​សំណង​ខូចខាត និង​ផល​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​សាធារណៈ ទៅ​តាម​ការ​គណនា​របស់​ក្រុមការងារ​ជំនាញ យោង​តាម​មាត្រា​  ១៦២ នៃ​ក្រម​បរិស្ថាន​និង​ធនធាន​ធ​ម្ន​ជាតិ
៤- ត្រូវ​ស្ដារ​បរិស្ថាន​ឡើង​វិញ ស្តារ​ភក់ និង​សំណល់​រាវ​ក្នុង​អូរ​ចោត​ឱ្យ​បាន​ល្អ​ប្រសើរ ចៀសវាង​បង្ក​ការ​បំពុល​ជា​បន្ដ​ទៀត​យោង​តាម​មាត្រា ៧២៤ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ

៥- ត្រូវ​ដំណើរការ​អាង​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ឆ្លើយ​តប​នឹង​ស្ដង់ដារ​កំណត់​ឱ្យ​បញ្ចេញ និង​ត្រូវ​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ ការ​បញ្ចេញ​សំណល់​រាវ យោង​តាម​មាត្រា ២៨៧ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ
៦- ត្រូវ​រៀបចំ​រោង​សម្រាប់​ស្ដុក​សំណល់​ភក់ និង​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន ដែល​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួងបរិស្ថាន ក្នុង​ការ​ដឹក​សំណល់​ភក់​ចេញពី​ទីតាំង​ក្រុមហ៊ុន​។

៧- ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន ដែល​មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ដឹក​ជញ្ជូន​សំណល់​សំបក និង​គ្រាប់ស្វាយ ចេញពី​ទីតាំង​ក្រុមហ៊ុន និង​ស្នើ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ តាមដាន​ការ​អនុវត្ត​ការងារ​នេះ​។
៨- ត្រូវ​រៀបចំ​របាយការណ៍​អង្កេត​តាមដាន​បរិស្ថាន​រៀង​រាល់ ០៦​ខែ​ម្ដង និង​ស្នើ​សុំ​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់ ពី​ក្រសួងបរិស្ថាន​និង ត្រូវ​បង់​មូលនិធិ​បរិស្ថាន និង​សង្គម និង​មូលនិធិ​ទាយ​ជ្ជ​ទាន​បរិស្ថាន​ឱ្យ​បាន​ទៀងទាត់​។

ចាប់ពី​ឆ្នាំ​២០២៤ រហូត​ដល់​ពេល​នេះ ក្រុមការងារ​ក្រសួងបរិស្ថាន បាន​រក​ឃើញ​រោងចក្រ​និង​ក្រុមហ៊ុន ចំនួន​២៩​ទីតាំង នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពត​និង​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​បញ្ចេញ​សំណល់​រាវ​លើស​កម្រិតកំណត់​ស្ដង់ដារ និង​បាន​បង្ក​ឱ្យ​មានការ​បំពុល​ទឹក​សាធារណៈ​។ ជា​លទ្ធផល មាន​រោងចក្រ និង​ក្រុមហ៊ុន ចំនួន​៧ ទីតាំង បាន​អនុវត្ត​វិធានការ​ច្បាប់ និង​វិធាន​ការណ៍​បច្ចេកទេស​រួចរាល់​។​ 

ជាមួយ​គ្ន​នេះ​ដែរ រោងចក្រ និង​ក្រុមហ៊ុន ចំនួន​១៦ ទីតាំង កំពុង​អនុវត្ត​វិធានការ​ច្បាប់ និង​វិធានការ​បច្ចេកទេស ឱ្យ​បាន​ត្រឹម​ម​ត្រូវ និង​មាន​រោងចក្រ​ចំនួន​៦ ផ្សេង​ទៀត ទើប​រក​ឃើញ​ថ្មី​ៗ​កន្លង​មកនេះ ហើយ​ក្រសួងបរិស្ថាន កំពុង​រៀបចំ​នីតិវិធី ដើម្បី​ចាត់វិធានការ​ច្បាប់​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ