ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនឈានដល់ខួប៨០ឆ្នាំនៃការបញ្ចប់សង្គ្រា.ម លោកលើកទី២ រុស្ស៊ីអះអាងថា មិនឱ្យមានសង្គ្រា.មលោកកើតជាថ្មីទេ!

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក អាណា​តូ​លី បូ​រូ​វី​ក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា…

រាជធានី​ភ្នំពេញ ៖ លោក អាណា​តូ​លី បូ​រូ​វី​ក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ប្រទេស​រុ​ស្ស៊ី​នឹង​មិន​អនុញ្ញាត​ឱ្យ​សង្គ្រាមលោក​លើក​ទី​២ ដែល​បាន​បញ្ចប់​ទៅ​កាលពី​៨០​ឆ្នាំ​មុន កើតឡើង​មក​វិញ​ម្តងទៀត​បាន​ទេ ដោយ​លោក​សង្កត់ធ្ងន់​ថា រុ​ស្សី​នឹង​ប្រឹងប្រែង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង ក្នុង​ការ​ការពារ​កុំឱ្យ​សោកនាដកម្ម​កើតឡើង​សារ​ជា​ថ្មី ដើម្បី​ធានា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ដល់​មនុស្សជាតិ ។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី បាន​ថ្លែង​បែប​នេះ ប្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា បន្ទាប់​ពី​រូប​លោក និង​ភរិយា បាន​ដឹកនាំ​ប្រារព្ធ​ពិធី​ដើរ​ក្បួន​ដង្ហែ​មួយ​ដែល​មានឈ្មោះ​ថា «​កងវរសេនាធំ​អមតៈ​» ដែល​ជា​ពិធី​មួយ ដើម្បី​បង្ហាញ​ពី​ការ​គោរព​ទៅ​ដល់​វិញ្ញាណក្ខន្ធ​ទាហាន​សូ​វៀត​ស្នេហា​ជាតិ ដែល​បាន​ពលី​នៅ​ក្នុង​កំឡុង​សង្គ្រាមលោក​លើក​ទី​២​ពី​ឆ្នាំ​១៩៤១ ដល់​១៩៤៥ មុន​នឹង​ឈាន​ដល់​ការ​ប្រារព្ធ​ខួប​៨០​ឆ្នាំ នៃ​ការ​ផ្ដួលរំលំ​របប​ហ្វា​ស៊ី​ស​ហ៊ី​ត្លែរ ៩ ឧសភា ១៩៤៥-៩ ឧសភា ២០២៥ ដែល​ឈ្មោះ​ថា​«​ទិវា​ជ័យជម្នះ​នៃ​មហាសង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ​» កម្មវិធី​ដង្ហែ​ក្បួន «​កងវរសេនាធំ​អមតៈ​» បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​ប្រជាជន​រុ​ស្ស៊ី ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា មន្ត្រី​អ្នកមុខអ្នកការ​រុ​ស្ស៊ី​ជា​ច្រើន​រូប​មក​ជួបជុំ​គ្នា គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​ដើរ​ក្បួន​ដង្ហែ ដោយ​កាន់​ថតរូប​ភាព​របស់​ឪពុក​ម្តាយ ជីដូន​ជីតា និង​វីរបុរស​រុ​ស្ស៊ី​គេ ដើម្បី​បង្ហាញ​ពី​ការ​ឧ​ទិ​ស្ទ​ដឹងគុណ និង​រំលឹក​ដល់​ស្នាដៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​បុព្វបុរស ដែល​នាំ​មក​នូវ​ជ័យជម្នះ​ដ៏​អស្ចារ្យ ក្នុង​ការ​បញ្ចប់សង្គ្រាម​បង្ហូរឈាម​ជួយ​សង្គ្រោះ​ពិភពលោក ដោយ​នាំ​មក​នូវ​សេរីភាព និង​សន្តិភាព ។

សូម​ជម្រាប​ថា ក្បួ​ង​ដង្ហែរ​«​កងវរសេនាធំ​អមតៈ​» ត្រូវ​បាន​ផ្តួចផ្តើម​ធ្វើ​ឡើងជា​លើក​ដំបូង កាលពី​ឆ្នាំ​២០១២ នៅ​ទីក្រុង Tomsk ហើយ​រយៈពេល​១៣​ឆ្នាំ​មកនេះ ពិធី​ជា​ប្រពៃណី​មួយ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ទូ​ទាំង​ប្រទេស​រុ​ស្ស៊ី និង​មានការ​ចូលរួម​ពី​ប្រជាជន​រុ​ស្ស៊ី​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក អាណា​តូ​លី បាន​បន្ថែម​ថា នៅ​ថ្ងៃ​ទី​៩ ខែឧសភា យើង​នឹង​ប្រារព្ធ​ខួប​លើក​ទី​៨០ នៃ​ទិវា​ជ័យជម្នះ​នៃ​មហាសង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ពិធីបុណ្យ​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ប្រជាជន​រុ​ស្ស៊ី​គ្រប់​ៗ​រូប ។ លោក អាណា​តូ​លី បាន​រំលឹក​ថា សហភាព​សូ​វៀតបាន​លះបង់​ធំធេង​ណាស់ សម្រាប់​ជ័យជម្នះ កាលពី​៨០​ឆ្នាំ​មុន ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​សូ​វៀត​ជាង​២៦​លាន​៦​សែន​នាក់ បាន​បាត់បង់​ជីវិត ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ត្រូវ​បាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់ ។

លោក​បន្ត​ថា សង្គ្រាមលោក​ពោរពេញ​ទៅ ដោយ​ការ​ឈ្លានពាន កា​.​ប់ស​ម្លា​.​ប់ និង​អំពើ​ប្រល័យពូជសាសន៍ នៅ​តែ​បន្ត​លង​បន្លាច​ដល់​មនុស្ស​ជា​ច្រើន​ជំនាន់ ។ លោក អាណា​តូ​លី ក៏​បាន​បង្ហាញ​ការ​សោកស្ដាយ​ដែល​សម្ព័ន្ធមិត្ត​របស់​រុ​ស្ស៊ី​ដែល​ធ្លាប់​ប្រកៀក​ស្មា​គ្នា​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ប្រយុទ្ធ​ជាមួយ​ពួក​ណា​ស៊ី​ស បែរជា​បច្ចុប្បន្ន​ព្យាយាម​លុប​បំបាត់​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ ដោយ​ការ​បំភ្លេច​គុណ​របស់​ទាហាន​សូ​វៀត ដែល​នាំ​មក​នូវ​សេរីភាព និង​រំដោះ​អឺរ៉ុប​ចេញពី​គ្រោះកាច ហើយ​ពួក​គេ​មិន​ត្រឹមតែ​មិនដឹង​គុណ​ទេ តែ​ពួក​គេ​ថែម​ទាំង​គាំទ្រ​ទីក្រុង​គៀវ​ទៅ​វិញ ។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី សង្កត់ធ្ងន់​ថា ការ​ពលី​របស់​បុព្វបុរស​សូ​វៀត ទាំង​ជាង​២៦​លាន​នាក់ គឺ​បាន​ជួយ​រំដោះ​អឺរ៉ុប​ចេញពី​របប​ណា​ស៊ី ដូចនេះ​យើង​គ្រប់​គ្នា គួរតែ​ចង​ចាំ​ថា សន្ដិភាព​ដែល​យើង​មាន​៨០​មកនេះ​បាន​មក​ពី​ការ​ពលី​សាច់​ស្រស់​ឈា​.​ម​ស្រស់​របស់​វីរបុរស​សូ​វៀត ។

លោក អាណា​តូ​លី បូ​រូ​វី​ក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា បាន​ផ្ញើ​សារ​ជា​ចុង​ក្រោយ​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​អនុញ្ញាត​ឱ្យ​សង្គ្រាម​ដែល​បាន​បញ្ចប់​កាលពី​៨០​ឆ្នាំ​មុន​កើតឡើង​ម្តងទៀត​នោះ​ទេ ។ រុ​ស្សី​ប្រឹងប្រែង​បង្កើត​ប្រព័ន្ធ​សន្តិសុខ ដែល​មិន​អាច​បំបែក​បាន​សម្រាប់​រដ្ឋ​ទាំងអស់ ដើម្បី​ការពារ​កុំឱ្យ​សោកនាដកម្ម​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​កើតឡើង​សារ​ជា​ថ្មី ដើម្បី​ធានា សន្តិភាព ស្ថិរភាព និង​វិបុលភាព​ដល់​មនុស្សជាតិ ៕

កែសម្រួលដោយ