ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្ទង់​មតិ​បង្ហាញ​ថា ភ្ញៀវ​បរទេស​ត្អូ.ញត្អែរ​ពី​កង្វះ​ធុងសំរាម​សាធារណៈ​នៅ​ក្នុង​ប្រទេស​ជប៉ុន

5 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ការ​ស្ទង់​មតិ​របស់​រដ្ឋាភិបាល​ជប៉ុន​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​លើក​ឡើង ក៏​ដូច​ជា​ត្អូញត្អែរ​អំពី​កង្វះ​ធុងសំរាម​នៅ​តាម​ទី​សាធារណៈ រួម​ទាំង​នៅ​ស្ថានីយ៍​រថភ្លើង ដែល​បង្កើត​ផលវិបាក​ដល់​ពួក​គេ​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តង​ៗ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ក្យូ​ដូ​ជប៉ុន (Kyodo News)…

ប្រទេស​ជប៉ុន ៖ ការ​ស្ទង់​មតិ​របស់​រដ្ឋាភិបាល​ជប៉ុន​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​លើក​ឡើង ក៏​ដូច​ជា​ត្អូញត្អែរ​អំពី​កង្វះ​ធុងសំរាម​នៅ​តាម​ទី​សាធារណៈ រួម​ទាំង​នៅ​ស្ថានីយ៍​រថភ្លើង ដែល​បង្កើត​ផលវិបាក​ដល់​ពួក​គេ​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តង​ៗ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ក្យូ​ដូ​ជប៉ុន (Kyodo News) បាន​ចេញផ្សាយ​។

យោង​តាម​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​បាន​បង្ហាញ​ថា បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ភ្ញៀវ​ទេសចរ​បរទេស​ជាង​៤​ពាន់​នាក់ ឬ​ស្មើ ២១,៩% នៃ​ការ​ស្ទង់​មតិ​កាលពី​ថ្មី​ៗ​នេះ នៅ​ឯអាកាស​យានដ្ឋាន​ធំ​ៗ​ចំនួន ៥ នៅ​ក្នុង​ប្រទេស​ជប៉ុន​ថា គឺជា​កង្វល់​ចម្បង​របស់​ពួក​គេ​តែ​ម្តង​។ ការ​ស្ទង់​មតិ ត្រូវ​បាន​ធ្វើ​ឡើង​លើ​អ្នកឆ្លើយ​សំណួរ មុន​ពេល​ចាក​ចេញពី​អាកាសយានដ្ឋាន New Chitose, Narita, Haneda, Kansai និង Fukuoka នៅ​ចន្លោះ​ខែធ្នូ ឆ្នាំ​២០២៤ និង​ខែមករា ឆ្នាំ​២០២៥​។

ទោះ​យ៉ាងណា​ក៏​ដោយ​តួលេខ​នេះ បាន​ប្រសើរ​ឡើង​ប្រហែល ៨% បើ​ធៀប​នឹង​ស្ទង់​មតិ​ពី​មុន​។ បណ្តា​អ្នកឆ្លើយ​សំណួរ​លើក​ឡើង​ថា ពួក​គេ​ពិបាក​រក​ធុងសំរាម​នៅ​ទី​សាធារណៈ ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​តែ​យក​សំរាម​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ​វិញ​។

ប្រទេស​ជប៉ុន​កន្លង​មក​ធ្លាប់​មាន​ធុងសំរាម​សាធារណៈ​ច្រើន ប៉ុន្តែ​ចំនួន​ជា​ច្រើន​ត្រូវ​បាន​ដក​ចេញ​វិញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដោយ​ផ្នែក​មួយ​ព្រោះតែ​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​ដូច​ជា ការ​វាយប្រហារ​ដោយ​ឧស្ម័ន​ពុល Sarin នៅ​កន្លែង​រថភ្លើង​ក្រោម​ដី​ទីក្រុង​តូ​ក្យូ​ឆ្នាំ​១៩៩៥ ហើយ​ក៏​ឃើញ​មាន​កើតឡើង​នៅ​ក្រៅប្រទេស​ផង​ដែរ​។

ប្រការ​នេះ​ហើយ ទើប​បានជា​ការ​ទុកដាក់​សំរាម​នៅ​តាម​កន្លែង​ទេសចរណ៍​បាន​ក្លាយជា​ក្តី​កង្វល់​ដ៏​ធំ​របស់​សាធារណជន​។ លោក Yohei Takemura នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Forcetec Inc. ដែល​ដំឡើង​ធុងសំរាម​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​បាន​លើក​ឡើង​ថា គោលដៅ​ទេសចរណ៍​ពេញ​និយម​កំពូល​ដូច​ជា ទីក្រុង​ញូ​វ​យ៉​ក និង​ប៉ា​រី​ស សុទ្ធតែ​មាន​ធុងសំរាម​សាធារណៈ​ប្រហែល​៣​ម៉ឺន​ធុង​។ ខណៈ​ពេល​ដែល​ធុងសំរាម​ដែល​បាន​ដំឡើង និង​ថែទាំ​ដោយ​រដ្ឋ​ត្រូវ​បាន​ដក​ចេញ​នៅ​ទីក្រុង​តូ​ក្យូ ជំនួស​មក​វិញ​នូវ​ធុងសំរាម និង​ការ​ថែទាំ​ដោយ​ផ្នែក​ឯកជន​។

ក្រៅពី​ការ​ត្អូញត្អែរ​អំពី​កង្វះ​ធុងសំរាម​សាធារណៈ​ហើយ បញ្ហា​រអាក់រអួល​ដែល​បាន​លើក​ឡើង​ដោយ​ភ្ញៀវ​ទេសចរ​បរទេស​ផ្សេង​ទៀត​គឺ ១៥,២% បាន​រាយការណ៍​ពី​បញ្ហា​ទាក់ទង​ដូច​ជា អសមត្ថភាព​របស់​បុគ្គលិក​ភោជនីយដ្ឋាន និង​កន្លែង​ផ្សេង​ទៀត​ពិបាក​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស ខណៈ​ដែល ១៣,១% បាន​ចង្អុលបង្ហាញ​ពី​បញ្ហា​ចង្អៀត​ដោយ​មនុស្ស​កកកុញ​នៅ​កន្លែង​ជា​ច្រើន​ដូច​ជា កន្លែង​ទេសចរណ៍​ជាដើម​។ អ្នកឆ្លើយ​សំណួរ​ខ្លះ​ទៀត​ក៏​លើក​ឡើង​ពី​នីតិវិធី​អន្តោប្រវេសន៍​ផង​ដែរ ដោយ​ពួក​គេ​ត្អូញត្អែរ​អំពី​ការ​រង់ចាំ​យូរ​នៅ​ឯ​ព្រ​លាន​យន្តហោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ