ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ធ្វើ​ដំណើរ​មក​ពី​ថៃ​ជួប​បញ្ហា​រលាក​ខ្នែងពោះវៀន និង​ស្ត្រី​គ្រប់​ខែ​ឈឺពោះ​តាម​ផ្លូវត្រូវ​ទទួល​បានការ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ

2 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ថៃ​មាន​បញ្ហា​ចម្រូងចម្រាស់​ជាមួយនឹង​រាជរ​ដ្ឋាភិ​បាល​​កម្ពុជា រហូត​ឈាន​ដល់​បិទ​ច្រក​ទ្វារ​ព្រំដែន​គ្រប់​ទីកន្លែង​ជា​ឯកតោភាគី​រួច​មក ធ្វើ​ឱ្យ​ពលករ​ជា​ច្រើន​នាក់​បង្ខំចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទាំង​មាន​ភាព​តក់ក្រហល់ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញ​មក​ពី​ប្រទេស​ថៃ​ជា​បន្តបន្ទាប់ ស្រាប់តែ​មាន​បុរស​ម្នាក់​ឈឺ​ចុក​ឆ្អល់ពោះ​ខ្លាំង ទ្រាំ​ស្ទើរ​មិន​បាន​ដោយសារ​រលាក​ខ្នែងពោះវៀន​។ រីឯ​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ក៏​ឈឺ​ចុកពោះ​ខ្លាំង ដោយសារ​តែ​ដល់​ថ្ងៃ​គ្រប់​ខែ ត្រូវ​សម្រាលកូន​លើក​ទី​២​។…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ថៃ​មាន​បញ្ហា​ចម្រូងចម្រាស់​ជាមួយនឹង​រាជរ​ដ្ឋាភិ​បាល​​កម្ពុជា រហូត​ឈាន​ដល់​បិទ​ច្រក​ទ្វារ​ព្រំដែន​គ្រប់​ទីកន្លែង​ជា​ឯកតោភាគី​រួច​មក ធ្វើ​ឱ្យ​ពលករ​ជា​ច្រើន​នាក់​បង្ខំចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទាំង​មាន​ភាព​តក់ក្រហល់ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញ​មក​ពី​ប្រទេស​ថៃ​ជា​បន្តបន្ទាប់ ស្រាប់តែ​មាន​បុរស​ម្នាក់​ឈឺ​ចុក​ឆ្អល់ពោះ​ខ្លាំង ទ្រាំ​ស្ទើរ​មិន​បាន​ដោយសារ​រលាក​ខ្នែងពោះវៀន​។ រីឯ​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ក៏​ឈឺ​ចុកពោះ​ខ្លាំង ដោយសារ​តែ​ដល់​ថ្ងៃ​គ្រប់​ខែ ត្រូវ​សម្រាលកូន​លើក​ទី​២​។

គ្រាន់តែ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ឱ្យ​ក្រុម​គ្រូពេទ្យ​ប្រញាប់​យក​រថយន្ត​សង្គ្រោះ​នៃ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ ដឹក​យក​ទៅ​សង្គ្រោះ ធ្វើការ​វះកាត់ និង​ជួយ​សម្ភព​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាន់​ពេលវេលា​។ ហេតុការណ៍​នេះ បាន​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី 25 ខែមិថុនា ឆ្នាំ​2025 ស្ថិត​ព្រំដែន​កម្ពុជា​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ស្ត្រី​ពលករ​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឈឺ​សម្រាលកូន​ទី​២ មានឈ្មោះ និ​ត ស្រី​នាង អាយុ​19​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អង្គ្រង ឃុំ​ជ្រី ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ដោយ​មាន​អាការ​:​ឈឺពោះ​សំរាលកូន (​ផ្ទៃពោះ​កូន​ទី​2 ធ្លាប់​វះកាត់​ពេល​សម្រាលកូន​ទី​១​ម្តង​រួច​ហើយ​)​។ ចំណែកឯ​អ្នកជម្ងឺ​ម្នាក់​ទៀត​ឈ្មោះ សេន មក​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សារិកាកែវ ឃុំ​ជើង​រស់ ស្រុក​មុន្នី​ជ័យ ខេត្តកំពង់ស្ពឺ ដោយ​បាន​ទទួល​ការ​វះកាត់​រលាក​ខ្នែងពោះវៀន​រួចរាល់​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្តាយ​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាលកូន​ទី​២​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​បាន​ធ្វើ​ដំណើរ​តាម​ប្តី​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ពោល​គឺ​ចេញ​ទៅ​ទាំង​គ្រួសារ តាំងពី​កំណើត​កូន​ទី​១​រួច​មក​ម្លេះ ដោយ​បាន​ធ្វើ​លិខិតឆ្លងដែន​ទៅ​ស្នាក់​នៅ​ស៊ីឈ្នួល​ធ្វើការ​ឱ្យ​ថៅកែ​ថៃ​ម្នាក់ ។ ក្រោយមក កូនស្រី​របស់​គាត់ ក៏​មាន​ផ្ទៃពោះ​កូន​ទី​២​បន្ត​ទៀត ដោយ​ចង់​ធ្វើ​ដំណើរ​មក​សម្រាលកូន​នៅ​ប្រទេស​ខ្មែរ​ឱ្យ​បាន​ទាន់​ពេលវេលា​ដែរ តែ​ដោយសារ​នាង និង​ប្តី​រវល់​ធ្វើ​ការងារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជាប់​ជា​និច្ច គ្មាន​ថ្ងៃ​ឈប់​សម្រាក ហើយ​ក៏​ភ្លេច​គិត​ពី​ថ្ងៃ​ត្រូវ​សម្រាលកូន ដោយ​ពន្យារពេល​រហូត​ទាល់តែ​គ្រប់​ខែ និង​ឈឺពោះ​សម្រាល​បែប​នេះ​តែ​ម្តង​។

ប្រភព​បន្ត​ទៀត​ថា ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ​វិញ ស្រាប់តែ​កូន​របស់​គាត់​ចាប់ផ្តើម​ឈឺ​ចុកពោះ​ខ្លាំង​ឡើង​ៗ ដោយ​ដើរ​ឆ្លង​ដែន​ស្ទើរ​មិនកើត ហើយ​ត្រូវ​បាន​ក្រុមការងារ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ជួយ​ទាន់​ពេល​។ ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា ពួក​គាត់​ជា​ពលករ ដែល​កំពុង​ជួប​បញ្ហា​ទាំងនេះ ពិតជា​រំភើប​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ដែល​ទទួល​បានការ​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ជា​ពិសេស គឺ​លោក​ជំទាវ បាន ស្រី​មុំ ដែល​បាន​ចាត់​ឱ្យ​ក្រុមការងារ​រង់ចាំ​ទទួល​ស្វាគមន៍​ពួក​គាត់ ដោយ​មាន​ភាព​កក់ក្តៅ ហើយ​ថែម​ទាំង​ជួយ​សង្គ្រោះ​ពួក​គាត់​ដែល​មាន​បញ្ហា​ជំងឺ​ទាន់​ពេលវេលា​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ក្រោយ​ពេលធ្វើការ​វះកាត់​អ្នកជំងឺ​រលាក​ខ្នែងពោះវៀន និង​ស្ត្រី​សម្រាលកូន​រួច ក៏​បន្ត​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន រហូត​ដល់​ជា​សះស្បើយ ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ