ខេត្តកោះកុង ៖ ចាប់ពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ទៅ ភាគីថៃបានបិទទ្វារព្រំដែនអន្តរជាតិរបស់ខ្លួន(ហាតលិក-ចាំយាម)ត្រាត-កោះកុង ជាឯកតោភាគី ដោយគ្មានការជូនដំណឹងមកកាន់ភាគីកម្ពុជាឡើយ ។

លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែមិថុនា២០២៥ថា ចាប់ពីថ្ងៃទី២៤ និងទី២៥ ខែមិថុនា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនខាងភាគីកម្ពុជាក៏ត្រូវបានបិទទាំងស្រុងដែរ បន្ទាប់ពីភាគីថៃបានបិទជាឯកតោភាគីមុន ។

លោកប្រធានស្នាក់ការបានឲ្យដឹងទៀតថា មានករណីពិសេសចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ សិស្សសាលា និងពលករកម្ពុជាដែលត្រូវវិលត្រឡប់មកមាតុប្រទេសវិញ ភាគីថៃនៅបើកច្រកឱ្យចេញ-ចូលបាន ។ នៅថ្ងៃទី២៤ ខែមិថុនា ២០២៥ មានពលករកម្ពុជាវិលចូលមកមាតុភូមិវិញចំនួន៨៦នាក់ ហើយត្រូវបានអាជ្ញាធរខេត្ត មកទទួលយកទៅ ដោយមានរៀបចំកន្លែងស្នាក់នៅនិងអាហារហូបចុកយ៉ាងយកចិត្តទុកដាក់បំផុត ។

ចំណែកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅមិនទាន់ដឹងអំពីចំនួនពលករចាកចេញពីប្រទេសថៃនៅឡើយទេ ហើយរហូតដល់ម៉ោង៥ល្ងាច ទើបសមត្ថកិច្ចយើងដែលប្រចាំការនៅច្រកទ្វារព្រំដែនធ្វើការបូកសរុប និងរាយការណ៍ ៕
ចែករំលែកព័តមាននេះ