រាជធានីភ្នំពេញ ៖ ជាការចូលរួមជួយប្រជាកសិករខ្មែរមួយផ្នែកទៀត តារាសម្តែងអ្នកនាង នៅ សូនីតា បានប្រកាសចែកជូននូវល្ហុងចំនួន៣តោន សម្រាប់ប្រជាពលរដ្ឋដែលត្រូវការ ដោយឥតគិតថ្លៃ ក្នុងពេលដែលល្ហុងទាំងអស់នេះ គឺដាំដុះដោយប្រជាកសិករខ្មែរ និងមិនមានជាតិគីមី ។

នេះជាទឹកចិត្តដ៏ប្រពៃមួយទៀតពីតារាសម្តែងរូបនេះ បន្ទាប់ពីកន្លងមកនាងក៏ធ្លាប់បានប្រកាសពីការចូលរួមផ្សព្វផ្សាយពីបន្លែ ផ្លែឈើរបស់កសិករខ្មែរ ដោយមិនយកកម្រៃ បន្ទាប់ពីកម្ពុជាសម្រេចបិទការនាំចូលពីប្រទេសថៃ ក្រោយមានជម្លោះព្រំដែន ។
នៅ សូនីតា បានបង្ហោះសំណេរលើបណ្តាញសង្គមថា ខ្ញុំមានល្ហុងធម្មជាតិមិនមានជាតិគីមីជូនបងប្អូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃចំនួន3តោន. នៅបុរីប៉េងហួតបឹងស្នោរ ផ្លូវប៉ូឡារីស ផ្លូវធំ 96 98. អតីតហាង. «ម្ទេស» ម៉ោង3:30រសៀលចាប់ផ្តើម ។

តាមរយៈកាយសកម្មភាពមួយនេះ នៅ សូនីតា បានទទួលការការគាំទ្រ និងលើកសរសើរពីសំណាក់មហាជន និងអ្នកសិល្បៈមួយចំនួន ក្នុងពេលដែលគេចាត់ទុកថា នេះគឺទឹកចិត្តដ៏ថ្លៃថ្លាដែលបានចូលរួមជួយដល់កសិករខ្មែរយើង ដែលកំពុងជួបទុក្ខលំបាក ។
ជាការកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទការនាំចូលបន្លែពីប្រទេសថៃនោះ តារាសម្តែងអ្នកនាង នៅ សូនីតា បានប្រកាសជាសាធារណៈថា នាងនឹងស្ម័គ្រចិត្តជួយផ្សព្វផ្សាយពីដំណាំកសិកម្មរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិនយកកម្លៃឡើយ ។

តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គម នៅ សូនីតា បានលើកឡើងថា បើមានបងប្អូនណា មានផលិតផលខ្មែរចង់បានអ្នកប្រម៉ូត ជាពិសេស ដំណាំកសិកម្ម ខ្ញុំសូមចូលរួមដោយឥតគិតថ្លៃ ព្រោះខ្ញុំក៏លក់ផលិតផលខ្មែរដែរ យើងគាំទ្រគ្នាឯង ។
បន្ទាប់ពីការប្រកាសខាងលើនេះ គេឃើញនៅលើបណ្តាញសង្គមរបស់អ្នកនាង នៅ សូនីតា តែងតែបង្ហោះពីការលក់ និងផ្សព្វផ្សាយពីផ្លែឈើ និងបន្លែផ្សេងៗជាបន្តបន្ទាប់ ខណៈពេលការលក់របស់នាងនាពេលនេះ ក៏មានការគាំទ្រច្រើនផងដែរ ។

នៅ សូនីតា បានបញ្ជាក់ថា ខ្ញុំជាអ្នកជួយផ្សព្វផ្សាយដោយឥតគិតថ្លៃ ដើម្បីអោយដំណឹងមួយនេះកាន់តែទូលំទូលាយ ខ្ញុំនឹងបន្តសកម្មភាពបែបនេះតទៀត ព្រោះខ្ញុំចង់ធ្វើជាផ្នែកតូចមួយសំរាប់ប្រទេសជាតិខ្ញុំ បងប្អូនណាចង់ចូលរួមជាមួយខ្ញុំ នាងខ្ញុំស្វាគមន៍ជានិច្ច ៕




ចែករំលែកព័តមាននេះ