លោក ត្រាំ ថា ចិនអាចបន្តទិញប្រេងអ៊ីរ៉ង់ តែក៏ជំរុញចិនឱ្យទិញប្រេងអាមេរិកបន្ថែមទៀត
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា ប្រទេសចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់ បន្ទាប់ពីប្រទេសមួយនេះ បានយល់ព្រមលើបទឈប់បាញ់ជាមួយនឹងអ៊ីស្រាអែល ប៉ុន្តែទោះយ៉ាងណា សេតវិមានបានបញ្ជាក់ច្បាស់ថា នេះមិនមានន័យថា អាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់នោះទេ។ នេះបើតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
លោក ត្រាំ បានបញ្ជាក់តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោកដូច្នេះថា «ឥឡូវនេះ ប្រទេសចិនអាចបន្តទិញប្រេងឆៅពីអ៊ីរ៉ង់។ សង្ឃឹមថាពួកគេក៏នឹងទិញប្រេងច្រើនពីសហរដ្ឋអាមេរិកផងដែរ»។ ការបង្ហោះរបស់លោក ត្រាំ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានចេញបញ្ជាឱ្យទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរចំនួន ៣ របស់អ៊ីរ៉ង់។
មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ ក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថា លោក ត្រាំ បានចាប់អារម្មណ៍ឃើញថា រហូតមកទល់ពេលនេះ គ្មានការប៉ុនប៉ងណាមួយពីអ៊ីរ៉ង់ ដើម្បីបិទច្រកសមុទ្រ Hormuz ចំពោះបណ្តានាវាដឹកប្រេង ព្រោះការបិទចក្រសមុទ្រសំខាន់មួយនេះ នឹងហ៊ុចផលពិបាកសម្រាប់ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងកំពូលលំដាប់ពិភពលោករបស់អ៊ីរ៉ង់។ មន្ត្រីរូបនេះនិយាយថា «លោកប្រធានាធិបតី នៅតែបន្តអំពាវនាវឱ្យប្រទេសចិន និងប្រទេសទាំងអស់នាំចូលប្រេងទំនើបរបស់យើង ជាជាងការនាំចូលប្រេងពីអ៊ីរ៉ង់ ដោយបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។
បន្ទាប់ពីការប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ការអត្ថាធិប្បាយរបស់លោក ត្រាំ លើប្រទេសចិន បានបង្ហាញសញ្ញាធ្លាក់ចុះមួយទៀតនៃតម្លៃប្រេងឆៅសកល ពោលបានធ្លាក់ចុះជិត ៦% កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ ខណៈគិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៥ ខែមិថុនា (ម៉ោងនៅកម្ពុជា) តម្លៃប្រេងឆៅ Brent ដែលជាប្រេងស្តងដារពិភពលោក មានតម្លៃ ៦៨,២២ដុល្លារក្នុង១បារ៉ែល។ ចំណែកប្រេងអាមេរិក West Texas Intermediate មានតម្លៃ ៦៥,៤៥ដុល្លារក្នុង១បារ៉ែល។
ប្រភពពី Reuters បានបន្តទៀតថា រាល់ការបន្ធូរបន្ថយការអនុវត្តទណ្ឌកម្មលើអ៊ីរ៉ង់នឹងបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក តែរឿងហាក់ដូចជាពិបាកកើតឡើង ដ្បិតលោក ត្រាំ បានថ្លែងកាលពីខែកុម្ភៈកន្លងទោថា លោកកំពុងដាក់សម្ពាធជាអតិបរមាលើអ៊ីរ៉ង់ឡើងវិញ គោលបំណងឱ្យការនាំចេញប្រេងរបស់អ៊ីរ៉ង់ធ្លាក់ដល់សូន្យ រួមទាំងបញ្ហាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងការផ្តល់មូលនិធិដល់ពួកសកម្មប្រយុទ្ធនៅទូទាំងតំបន់មជ្ឈឹមបូព៌ារបស់ប្រទេសនេះ។ លោក ត្រាំ បានដាក់ទណ្ឌកម្មក្រុមហ៊ុន និងប្រតិបត្តិករស្ថានីយកំពង់ផែមួយចំនួនរបស់ចិន សម្រាប់ការទិញប្រេងអ៊ីរ៉ង់។
ប្រេងអ៊ីរ៉ង់មានចំណែកប្រហែល ១៣,៦% នៃការនាំចូលប្រេងសរុបរបស់ប្រទេសចិននៅឆ្នាំនេះ ខណៈប្រេងអាមេរិកមានត្រឹមតែ ២% ប៉ុណ្ណោះ នៃការនាំចូលរបស់ចិន ហើយពន្ធ ១០% របស់ប្រទេសចិនលើប្រេងរបស់អាមេរិកបានរារាំងការបញ្ជាទិញបន្ថែមទៀត៕
ចែករំលែកព័តមាននេះ