ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ចិន​កើន​លើស​ការ​រំពឹង​ទុក នៅ​ពេល​ដែល​ពន្ធ​លោក ត្រាំ អុកឡុក​ពិភពលោក

4 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​បាន​យកឈ្នះ​លើ​ការ​រំពឹង​ទុក​របស់​បណ្តា​សេដ្ឋវិទូ បើ​ទោះបីជា​ពន្ធគយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ព្រមទាំង​វិបត្តិ​អូស​បន្លាយ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ខ្លួន…

ទីក្រុង​ប៉េ​កាំ​ង ៖ កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​បាន​យកឈ្នះ​លើ​ការ​រំពឹង​ទុក​របស់​បណ្តា​សេដ្ឋវិទូ បើ​ទោះបីជា​ពន្ធគយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ព្រមទាំង​វិបត្តិ​អូស​បន្លាយ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ខ្លួន ដែល​មាន​ទម្ងន់​លើ​កំណើន​យ៉ាងណា​ក៏​ដោយ​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា តួលេខ​ផ្លូវការ​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើនឡើង ៥,២% នៅ​ក្នុង​ត្រីមាស​នៃ​ខែមេសា​ដល់​ខែមិថុនា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដោយ​ធ្លាក់​ចុះ​ពី ៥,៤% ក្នុង​ត្រីមាស​ទី​១ ប៉ុន្តែ​នោះ​ល្អ​ជាង​ការ​ព្យាករណ៍ ៥,១% ដោយ​សេដ្ឋវិទូ​ជា​ច្រើន​។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​២​ពិភពលោក​មួយ​នេះ បាន​ជៀស​ផុត​ពី​ការ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ដែល​មួយ​ផ្នែក​ដោយសារ​វិធានការ​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច និង​ដំណើរការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​។ ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សេដ្ឋកិច្ច​ទប់ទល់​ជាមួយ​សម្ពាធ និង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់ បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​យ៉ាងណា​ក៏​ដោយ​។

ក្រុម​មន្ត្រី​ចិន​អះអាង​ថា កំណើនសេដ្ឋកិច្ច​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ពង្រីក​ផលិតកម្ម​ក្នុង​អត្រា ៦,៤% ជាមួយនឹង​តម្រូវការ​ខ្ពស់​សម្រាប់​ឧបករណ៍​បោះពុម្ព 3D រថយន្ត​អគ្គិសនី និង​មនុស្ស​យន្ត​ឧស្សាហកម្ម​។ ទន្ទឹម​ជាមួយ​គ្នា​នោះ វិស័យ​ផ្តល់​សេវាកម្ម​របស់​ប្រទេស​ចិន ដែល​រួម​មាន​ដូច​ជា ការ​ដឹក​ជញ្ជូន ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា ក៏​បាន​ផល​ចំណេញ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ខែមិថុនា កំណើន​ការ​លក់រាយ​បាន​ថយ​ចុះ​មក​ត្រឹម ៤,៨% ធៀប​នឹង​ឆ្នាំ​មុន និង​ទាប​ជាង​បើ​ធៀប​នឹង​ការ​កើនឡើង ៦,៤% កាលពី​ខែឧសភា​កន្លង​ទៅ​។

តួលេខ​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ក៏​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ផ្ទះ​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​ខែមិថុនា ដោយ​បាន​ធ្លាក់​ចុះ​ក្នុង​អត្រា​ប្រចាំខែ​លឿន​បំផុត​នៅ​ក្នុង​រយៈពេល​៨​ខែ​។ ទិន្នន័យ​នេះ​បង្ហាញ​ថា វិស័យ​អចលនទ្រព្យ​ចិន​កំពុង​បន្ត​ជួប​ការ​លំបាក បើ​ទោះបីជា​មាន​វិធានការ​ជា​ច្រើន ដើម្បី​គាំទ្រ​តម្លៃ​អចលនទ្រព្យ​ក៏​ដោយ​។

សេដ្ឋវិទូ​មក​ពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី​បាន​រំពឹង​ថា នឹង​មាន​ផល​ប៉ះពាល់​កាន់តែ​ធំ​ពី​ពន្ធគយ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ប៉ុន្តែ​ប្រទេស​យក្ស​អាស៊ី​មួយ​នេះ នៅ​តែ​មាន​ភាព​ធន់​ខ្ពស់​ប្រឈម​នឹង​បញ្ហា​នេះ​។ សេដ្ឋវិទូ​បាន​បន្ថែម​ថា កំណើន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​នាំ​ចេញ​ជា​ចម្បង ដោយសារ​បណ្តា​ក្រុមហ៊ុន​ប្រញាប់ប្រញាល់​ដឹក​ជញ្ជូន​ទំនិញ មុន​ពេល​ពន្ធ​ថ្មី​របស់​លោក ត្រាំ ឬ​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​នាំ​ចេញ​របស់​ចិន​ចូល​ជា​ធរមាន​។

គួរ​រំលឹក​ថា សង្គ្រាម​ពន្ធគយ​រវាង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង (Xi Jinping) និង​លោក ត្រាំ បាន​នាំ​ឱ្យ​អា​មេ​រិ​ក​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​របស់​ចិន​រហូត​ដល់ ១៤៥% ហើយ​ជា​ការ​សងសឹក ចិន​បាន​ប្រកាស​ពន្ធ ១២៥% លើ​ទំនិញ​មួយ​ចំនួន​របស់​អា​មេ​រិ​ក​។ ទោះ​យ៉ាងណា​ក៏​ដោយ ពន្ធគយ​ទៅ​វិញ​ទៅ​មករ​វាង​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​ការ​ចរចា​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស និង​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ខណៈ​ដែល​ឥឡូវនេះ ភាគី​ទាំង​ពីរ​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ សម្រាប់​ចរចា​ដើម្បី​ឈាន​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រយៈពេល​វែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ