ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីទទួលទេវតាឆ្នាំថ្មី និងបើកព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» យ៉ាងអធិកអធម នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធាននីភ្នំពេញ​ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នា​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធាននីភ្នំពេញ​ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៦​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ទទួល​ទេវតា​ឆ្នាំ​ថ្មី ក្នុង​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត ព​.​ស ២៥៦៩ ឈាន​ចូល​២៥៧០ នៅ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ។

ក្នុង​ពិធី​ប្រពៃណី​ជាតិខ្មែរ ដ៏​មាន​សារៈសំខាន់​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​សហការ​ជាមួយ ស​.​ស​.​យ​.​ក​. ក្នុង​ការ​រៀបចំ​ព្រឹ​ត្កិ​ការណ៍​ប្រវត្តិសាស្ត្រ​នេះ​ឡើង និង​មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម យ៉ាងច្រើន​កុះករ ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី និង​ចូលរួម ថែរក្សា​ការពារ​ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ជា​ពិសេស បង្ហាញ​ពី​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​ផ្សារ​ភ្ជាប់​ពិធី​បុណ្យចូលឆ្នាំ ជាមួយ​វីរ​កងកម្លាំង​ជួរ​មុខ និង​បងប្អូន​ភៀស​សឹក ក្រោម​ស្មារតី​ការ​រួបរួមសាមគ្គី នៃ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​។

ពិធី​ទទួល​ទេវតា ជា​ព្រឹត្តិការណ៍​មួយ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស តែង​គោរព​ប្រ​ណិ​ប​ត្តិ​តាម​ជំនឿ​បុរាណ ដោយ​ហៅ​ថា វារៈ​មហាសង្ក្រាន្ត (​ឬ​ថ្ងៃ​មហាសង្ក្រាន្ត​) ដែល​ជា​ការ​ផ្លាស់​វេន​ទេវតា​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ខណៈ​ការ​ផ្លាស់​ប្តូរ​វេន​នៃ​អង្គ​ទេពធីតា ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​ប្តូរ​តួនាទី​គ្រប់គ្រង រវាង​រាជបុត្រី​ទាំង​៧​អង្គ របស់​កបិល​មហាព្រហ្ម​។

សម្រាប់​ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គឺ​ចំ​ថ្ងៃ​អង្គា​រ៍ ជា​វេន​របស់​រាជបុត្រី​ទី​៣​នៃ​កបិល​មហាព្រហ្ម ព្រះ​នាម “​រា​ក្យ​សា​ទេវី​”  គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​ខ្មៅ ព្រះ​កាណ៌​សៀតផ្កា​បុ​ទុម ( ផ្កាឈូក ) អាភរណៈ​ទ្រង់​ម៉ោ​រា​។ ព្រះ​ហ​ស្ថ​ស្តាំ​ទ្រង់​ត្រីសូល៍​, ព្រះ​ហស្ត​ឆ្វេង​ទ្រង់​កៅទណ្ឌ ( ធ្នូ ), ភក្សាហារ​លោហិត ( ឈាម ) គង់​លើ​អស្សតរ​ជា​ពាហនៈ (​សេះ​) ដោយ​មាន​កិរិយា​ឈរ​បើកព្រះនេត្រ​។ ទ្រង់​យាងចុះ​នៅ​ថ្ងៃ​អង្គា​រ៍ ១២​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០:៤៨ នាទី​ព្រឹក ចំ​ថ្ងៃ​ទី​១ នៃ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ហៅ​ថា វារៈ​មហាសង្ក្រាន្ត (​ឬ​ថ្ងៃ​មហាសង្ក្រាន្ត​)​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ ឆ្នាំមមី ឆ្នាំ​២០២៦ នា​ឱកាស​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩ ខែមេសា​នេះ ដោយ​មានការ​រៀបចំ​កម្មវិធី​បង្ហាញ​ទស្សនីយភាព​តាម​បែប​វប្បធម៌ សិល្បៈ សាសនា ប្រមាណ​ជាង​២០​ទស្សនីយភាព​ធំ​ៗ នៅ​តាម​ទីតាំង​ធំ​ៗ​រួម​មាន​៖ រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ភូមិ​វប្បធម៌​នៅ​ជិត​ផ្សារ​រាត្រី សួនច្បារ​វឌ្ឍនៈ អតីត​សួន​ទីលាន​ធិ​ប​តេ​យ្យ តំបន់​ផ្លូវ​ថ្មើរជើង​ចតុមុខ​ជាដើម ខណៈ​នៅ​តំបន់​ផ្លូវ​ថ្មើរជើង​ចតុមុខ ដែល​លាតសន្ធឹង​ចាប់​ពីមុខ​ផ្សារ​រាត្រី រហូត​មក​ដល់​មុខ​ព្រះ​បរមរាជវាំង គឺ​មាន​រៀបចំ​ស្តង់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ជា​ច្រើន អម​ដោយ​មាន​ឆាក​ប្រគំ​តន្ត្រី​តូច​ធំ ចំនួន​បី​កន្លែង ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​តំបន់​នេះ មាន​ភាព​សប្បាយ​រីករាយ​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ