រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន មួយស្តីពីការចោទប្រកាន់ជនសង្ស័យជាជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងករណីបញ្ញើគ្រឿងញៀនប្រមាណ២គីឡូក្រាម ពីប្រៃសណីយ៍កម្ពុជា(វត្តភ្នំ)ឆ្លោះទៅកាន់ប្រទេសជប៉ុន ។
តាមសេចក្ដីប្រកាសព័ត៌មានថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញប្រចាំ X-Ray នៅប្រៃសណីយ៍កម្ពុជា(វត្តភ្នំ) បានត្រួតពិនិត្យកញ្ចប់បញ្ញើចំនួន២ ដែលផ្ញើចេញពីប្រៃសណីយ៍កម្ពុជាឆ្ពោះទៅប្រទេសជប៉ុន រកឃើញម្សៅក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន ទម្ងន់ ២ ១៦៤ក្រាម ។
ក្រោយមក កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងបន្តចុះធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យដែលជាម្ចាស់បញ្ញើខាងលើ ស្ថិតនៅខុនដូស្កាយទ្រី បន្ទប់លេខ B-2601 ជាន់ទី២៦ ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រកឃើញឧបករណ៍សេពនិងប្រើប្រាស់គ្រឿងញៀន រួមជាមួយសំណាកម្សៅក្រាមពណ៌ ។
បន្ទាប់មក សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នាំយកទៅសាកសួរ ៖
១-ឈ្មោះ YANG JIA XU ហៅ TAOO ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ។
២-ឈ្មោះ LIN CHENG TSUNG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ។
៣-ស្ត្រីជនជាតិខ្មែរ ។
ជនសង្ស័យឈ្មោះ YANG JIA XU ហៅTAOO ឆ្លើយសារភាពថា បានឆ្លងដែនដោយខុសច្បាប់ពីកោះតៃវ៉ាន់ ចូលមកដែនដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០២៤មកម៉្លេះ ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត ។
ក្រោយពីទទួលបាននិងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន២នាក់ និងបក្ខពួក ពីបទសមគំនិតក្នុងអំពើដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឆ្លងដែនខុសច្បាប់ ប្រព្រឹត្តនៅប្រៃសណីយ៍កម្ពុជា(វត្តភ្នំ)សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងខុនដូស្កាយទ្រី បន្ទប់លេខ B-2601 ជាន់ទី២៦ ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ។
ចំណែកស្ត្រីជនជាតិខ្មែរម្នាក់ ត្រូវបានតំណាងអយ្យការសម្រេចដោះលែងឲ្យមានសេរីភាពវិញ ដោយមូលហេតុថា ពុំមានភ័ស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ដើម្បីឲ្យតំណាងអយ្យការធ្វើការចោទប្រកាន់ឡើយ ៕
ចែករំលែកព័តមាននេះ