ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​ប្រាប់អ្នក​សារព័ត៌មាន​មិន​ត្រូវសម្ភាស​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​កំពុង​វង្វេងស្មារតី និង​អ្នក​ស្រវឹងគ្រប់គ្រង​អារម្មណ៍​មិន​បាន​ ​នោះ​ទេ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អ្នក​សារព័ត៌មាន​មិន​ត្រូវសម្ភាស​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​កំពុង​វង្វេងស្មារតី និង​សម្ភាស​អ្នក​ស្រវឹង ​ដែល​គ្រប់គ្រង​អារម្មណ៍​មិន​បាន​ផ្សព្វផ្សាយ ​និង​កាត់សេចក្តី​ហេតុការណ៍​ណ​ស​មួយ​ជំនួស​ចៅក្រម​នោះ​ទេ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន…

រាជធានី​ភ្នំពេញ ​៖ អ្នក​សារព័ត៌មាន​មិន​ត្រូវសម្ភាស​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​កំពុង​វង្វេងស្មារតី និង​សម្ភាស​អ្នក​ស្រវឹង ​ដែល​គ្រប់គ្រង​អារម្មណ៍​មិន​បាន​ផ្សព្វផ្សាយ ​និង​កាត់សេចក្តី​ហេតុការណ៍​ណ​ស​មួយ​ជំនួស​ចៅក្រម​នោះ​ទេ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ពិធី​អញ្ជើញ​ជួប​សំណេះសំណាល និង​តម្រង់​ទិស​ការងារ​ផ្សព្វផ្សាយ​ដល់​អង្គភាព​សារព័ត៌មាន និង​អ្នក​អនុវត្ត​សកម្មភាព​ការងារ​លើ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​ទីស្តីការក្រសួង​ព័ត៌មាន ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើការ​រម្លឹក​ដល់​អ្នក​សារព័ត៌មាន សូមកុំ​សម្ភាស​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​កំពុង​វង្វេងស្មារតី​, សម្ភាស​អ្នក​ស្រវឹង​ដែល​គ្រប់គ្រង​អារម្មណ៍​មិន​បាន និង​សម្ភាស​អ្នកមាន​វិបល្លាស​សតិ​ស្មារតី​, ព្រោះ​នេះ​ជា​តម្លៃ​ក្រមសីលធម៌ និង​វិជ្ជាជីវ​សារព័ត៌មាន ហើយ​ក៏​ជា​ការ​ការពារ​សិទ្ធិ​ឯកជន និង​សេចក្តី​ថ្លៃថ្នូរ របស់​បុគ្គល​ម្នាក់​ៗ​ផង​ដែរ។ ដូច្នេះ អ្នក​សារព័ត៌មាន​ មិន​ត្រូវ​សម្ភាស​ពួក​គេ ហើយ​ផ្សាយ​ផ្ទាល់ ឬ​ផ្សព្វផ្សាយ​បន្ត​បែប​លេងសើច​នោះ​ទេ​ ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា ​៖ «​នៅ​ពេល​យើង​កាន់​ក្បាល​មេក្រូ​និយាយ គឺ​ត្រូវ​តែ​ឈរ​នៅ​លើ​មូលដ្ឋាន​ នៃ​ការ​ពិត និង​ប្រភព​ច្បាស់លាស់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ ដែល​កើតឡើង​ពី​ការ​និយាយ​ព័ត៌មាន​ដែល​អត់​ទាន់​ពិត​ផ្ទៀងផ្ទាត់​ប្រភព​ច្បាស់លាស់​។ អាហ្នឹង គឺជា​ចំណុច មួយ​ដែល​យើង​ត្រូវធ្វើ​»​ ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏​បាន​ណែនាំ​បន្ថែម​ដល់​អ្នក​សារព័ត៌មាន ចូលរួម​ទប់ស្កាត់​ការ​ចែកចាយ​រូបភាព​ហិង្សា និង​រូបភាព​អាសអាភាស ព្រមទាំង​វី​ដេ​អូ​ដែល​មាន​លក្ខណៈ​សាហា​ឃោរឃៅ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​ជាដើម​។ ត្រូវ​ចង​ចាំ​ថា ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន មិន​ត្រូវ​តាំងខ្លួន​ជា​ចៅក្រម តុលាការ ឬ​សមត្ថកិច្ច​ជា​ដាច់ខាត​។

បន្ថែម​ពី​នេះ ឯកឧត្តម រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​សា​ជា​ថ្មី មិន​ត្រូវធ្វើ​បទ​សម្ភាស​យក​មក​ផ្សព្វផ្សាយ​សាធារណៈ ចំពោះ​ជន​ណា​ដែល​មាន​វិល្លាស ស្មារតី ស្រវឹងស្រា​បាត់បង់​ស្មារតី​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិន​បាន និង​ជន​ណា​ដែល​សង្ស័យ​លើ​ប្រើប្រាស់​គ្រឿងញៀន និង​បាន​បញ្ជាក់​ពី​ផល វិបាក​មួយ​ចំនួន ដែល​ចេញពី​ការ​ផ្សព្វផ្សាយ​មិន​បាន​ផ្ទៀងផ្ទាត់​ប្រភព​ច្បាស់លាស់​។ អ្នក​សារព័ត៌មាន​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មិនមែន​ជា តុលាការ និង​មិនមែន​ជា​អ្នកមាន​អំណាច​បញ្ជា​ឡើយ អ្នក​សារព័ត៌មាន​ជា​អ្នកនាំពាក្យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប្រកបដោយ​ប្រភព​ច្បាស់លាស់​។

ឯកឧត្តម នេត្រ ភក្ត្រា ក៏​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​បងប្អូន​មួយ​ចំនួន​ដែល​បាន​ខិតខំ​បំពេញការងារ​ដោយ​វិជ្ជាជីវៈ និង​ចូលរួម​ជួយ សង្គម​។ ព្រមទាំង​អំពាវនាវ​ដល់​ម្ចាស់​ផលិតផល​ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សូម​លើកទឹកចិត្ត​ចំពោះ​អ្នក​ដែល​ផលិត​ខ្លឹមសារ​ល្អ ជួយ​សង្គម រិះគន់​ដើម្បី​ស្ថាបនា និង​ទប់ស្កាត់​ការ​ផលិត​ខ្លឹមសារ​ដែល​មិន​មាន​ន័យ និង​ខ្វះ​ក្រមសីលធម៌ ខ្វះ​ការ​ពិត និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។ យើង​ទាំងអស់​គ្នា​រួម​គ្នា​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​លើ​អាជីព​សារព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ