ទីក្រុងប៉េកាំង៖ ប្រទេសចិនទើបតែដាក់ឱ្យដំណើរការនាវាដឹកយន្តហោះទីបីរបស់ខ្លួនឈ្មោះហ្វ៊ូជៀនដែលដាក់តាមឈ្មោះរបស់ទីក្រុងហ្វ៊ូជៀន (Fujian) នៃខេត្តហាយណាន (Hainan)។ នេះជានាវាដែលឌីហ្សាញ និងបំពាក់បច្ចេកវិទ្យាដោយស្នាដៃរបស់ជនជាតិចិនសុទ្ធសាធ។ ការសម្ពោធនាវាដឹកយន្តហោះនេះជាការបើកទំព័រសករាជថ្មីនៃការធ្វើទំនើបកម្មវិស័យយោធារបស់ចិន។ ក្រុមអ្នកការទូតនៅក្នុងតំបន់យល់ថានាវានេះត្រូវការកែសម្រួលបន្ថែមទៀតមុននឹងដាក់ឱ្យដំណើរការពេញលេញ។
ប្រធានាធិបតីចិនបានចូលរួមពិធីដាក់ឱ្យប្រើប្រាស់នាវានោះ។ លោកបានឡើងទៅពិនិត្យមើលនាវានោះដោយផ្ទាល់តែម្ដង។ នេះជានាវាដែលមានផ្ទៃខាងលើរាបស្មើ និងប្រើប្រព័ន្ធអេឡិចត្រូវម៉ាញ៉េទិចសម្រាប់គ្រប់គ្រង និងបញ្ជាការឡើងចុះរបស់យន្តហោះ។ ដូច្នេះវាមានថាមពលខ្លាំងក្លាជាងនាវាដឹកយន្តហោះ២គ្រឿងដែលផលិតមុននាវានេះ។ ក្នុងនោះ មួយគ្រឿងឈ្មោះលាវនីង និងមួយគ្រឿងទៀតឈ្មោះសានទុង។
មុននឹងដាក់ឱ្យដំណើរការនាវានេះ កងទ័ពជើងទឹកចិនបានបង្ហាញយន្តហោះស៊េរីទំនើបម៉ាកជេ៣៥ (J-35) ដែលជាប្រភេទយន្តហោះគេចផុតពីរ៉ាដា (stealth), យន្តហោះខេជេ៦០០ (KJ-600) និងជេ១៥ (J-15)។ មន្ត្រីក្រសួងការពារជាតិ និងសារព័ត៌មានរបស់រដ្ឋសុទ្ធតែអះអាងដូចៗគ្នាតាំងពីប៉ុន្មានអាទិត្យមុនថានាវាហ្វ៊ូជៀនគឺជាកាលានុវត្តដ៏សំខាន់មួយនៃយុគសម័យថ្មី។
ក្រុមសេនានុព័ន្ធយោធា (ប្រចាំការនៅតាមស្ថានទូតបរទេស) និងក្រុមអ្នកវិភាគកំពុងរង់ចាំតាមដានសមត្ថភាពរបស់នាវានេះដើម្បីចង់ដឹងថាតើវាអាចនឹងត្រៀមខ្លួនរួចរាល់សម្រាប់ចេញប្រតិបត្តិការសឹកនៅពេលណា។ ជាពិសេស តាមដានសមត្ថភាពក្នុងការបើកដំណើរការឡើង-ចុះនៃយន្តហោះ និងការបើកប្រតិបត្តិការរួមគ្នាជាមួយនាវាចម្បាំង និងនាវាមុជទឹករបស់ចិន។ លោកបេនលេវីស (Ben Lewis) ជាអ្នកវិភាគម្នាក់យល់ថាហ្វ៊ូជៀនត្រូវពេលយ៉ាងតិចមួយឆ្នាំទៀតដើម្បីដកពិសោធ និងប្រើប្រាស់សាកល្បងមុនពេលឈានដល់ការបើកប្រតិបត្តិការពេញលេញ។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ