ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីថ្លែងថាខ្លួនចង់ឱ្យអាមេរិកបញ្ជាក់ឱ្យបានច្បាស់ទៅលើអ្វីដែលលោកដូណាល់ត្រាំទើបតែបានថ្លែងកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងការចាប់ផ្ដើមធ្វើតេស្តអាវុធនុយក្លេអ៊ែឡើងវិញបន្ទាប់ពីខកខានធ្វើតេស្តរយៈពេល៣៣ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២។ ពោលគឺបន្ទាប់ពីសង្គ្រាមត្រជាក់បានបិទបញ្ចប់ ហើយសហភាពសូវៀតក៏បានដួលរលំ។
រុស្ស៊ីបញ្ជាក់ថាមូលហេតុដែលខ្លួនចង់បានការស្រាយបំភ្លឺត្រង់ចំណុចនេះព្រោះបើសិនអាមេរិកចាប់ផ្ដើមធ្វើតេស្តនុយក្លេអ៊ែមែន រុស្ស៊ីជឿជាក់ថាប្រទេសដទៃដែលមាននុយក្លេអ៊ែនៅក្នុងដៃប្រាកដជាមិននៅស្ងៀមទេ ហើយប្រាកដជាចាត់វិធានការឆ្លើយតបដោយម៉ឺងម៉ាត់។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា ថ្លែងដូចខាងលើនេះនៅក្នុងការធ្វើសន្និសីទសារព័ត៌មាន។
សូមរំលឹកថាលោកត្រាំកាលពីសប្ដាហ៍មុនបានបញ្ជាឱ្យក្រសួងការពារ (ឬក្រសួងសង្គ្រាម) ចាប់ផ្ដើមធ្វើតេស្តអាវុធនុយក្លេអ៊ែជាបន្ទាន់ដើម្បីរត់ឱ្យទាន់សភាពការណ៍វិវត្តថ្មីៗនៅលើពិភពលោក។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើការធ្វើតេស្តដែលលោកត្រាំនិយាយនេះចង់សំដៅទៅលើនុយក្លេអ៊ែផ្ទុះ ឬការធ្វើតេស្តមីស៊ីលដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ។ ការធ្វើតេស្តនុយក្លេអ៊ែផ្ទុះលុះត្រាតែ «គណៈកម្មការជាតិសន្តិសុខនុយក្លេអ៊ែ» ទើបមានសិទ្ធិធ្វើកិច្ចការនេះ។
ដោយសារមិនទាន់ដឹងច្បាស់ថាតើអាមេរិកមានផែនការធ្វើតេស្តតាមទម្រង់បែបណានេះហើយទើបបានជាលោកពូទីនកាលពីថ្ងៃពុធបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទចាប់ផ្ដើមត្រៀមលក្ខណៈសម្បត្តិទុកឱ្យហើយ។ បើអាមេរិកធ្វើតេស្តអាវុធនេះពេលណា រុស្ស៊ីត្រូវតែចាប់ផ្ដើមធ្វើតេស្តតាមក្រោយ។ រុស្ស៊ីខានធ្វើតេស្តនុយក្លេអ៊ែចាប់តាំងពីឆ្នាំ១៩៩១ក្រោយការដួលរលំសហភាពសូវៀត។
សព្វថ្ងៃនេះរុស្ស៊ី និងអាមេរិកមានអាវុធនុយក្លេអ៊ែច្រើនជាងគេនៅលើពិភពលោក។ លោកពូទីនអះអាងថារុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែច្រើនជាងគេ។ ចំណែកលោកត្រាំអះអាងថាគឺអាមេរិកទេដែលមានអាវុធនេះច្រើនជាងគេ។ ប្រទេសចិនឈរនៅលំដាប់ទីបី។ ប៉ុន្តែលោកយល់ថាមិនយូរទេ ចិននឹងខិតខំផលិតនុយក្លេអ៊ែរហូតដល់ស្មើនឹងអាមេរិក និងរុស្ស៊ីនៅក្នុងពេលឆាប់ៗនេះ៕
ចែករំលែកព័តមាននេះ