ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បរិស្ថាន ​បាន​ទប់ស្កាត់​ការ​បំពុលបរិស្ថាន តាម​រយៈ​ការ​បញ្ចេញ​សំណល់​រាវ​ពី​សហគ្រាស និង​រោងចក្រ​នានា បាន​​ជិត​១៦​លាន​ម៉ែត្រគូប

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១០​ខែ ​ក្នុង​ឆ្នាំ​២០២៥ គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥ ក្រសួងបរិស្ថាន បាន​ធ្វើការ​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​បំពុលបរិស្ថាន​ពី​រោងចក្រ សហគ្រាស​…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១០​ខែ ​ក្នុង​ឆ្នាំ​២០២៥ គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥ ក្រសួងបរិស្ថាន បាន​ធ្វើការ​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​បំពុលបរិស្ថាន​ពី​រោងចក្រ សហគ្រាស​ និង​ក្រុមហ៊ុន​នានា ស្រប​តាម​វិធានការ​ច្បាប់ បាន​ចំនួន​១៥ ៨៩៤ ៤៥០ម៉ែត្រគូប​។ ដោយឡែក​គ្រាន់តែ​ក្នុង​ខែតុលា ឆ្នាំ​២០២៥ ក្រសួងបរិស្ថាន​ បាន​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​មិន​ឱ្យ​មានការ​បំពុលបរិស្ថាន បាន​ចំនួន​ប្រមាណ​២​លាន​ម៉ែត្រគូប​ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា បាន​បញ្ជាក់​ថា លទ្ធផល​សម្រេច​បាន​នេះ គឺ​ស្រប​តាម​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់​ស​ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ទប់ស្កាត់ ​និង​កាត់​បន្ថយ​ការ​បំពុល​ទឹក​សាធារណៈ​។ ជាមួយ​គ្នា​នេះ យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​បាន​ដាក់​ចេញ ដោយ​អនុលោម​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក៏​បាន​ដាក់​ចេញ​សសរស្តម្ភ​ចំនួន​៣ គឺ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​ភាព​ស្អាត គឺ​ក្រសួងបរិស្ថាន បាន​ធ្វើការ​ផ្សព្វផ្សាយ ដាក់​ចេញ​ជា​យុទ្ធនាការ និង​អនុវត្ត​សកម្មភាព ដើ​ម្ប​ឱ្យ​កម្ពុជា​មាន​ភាព​ស្អាត​ទាំង​នៅ​លើ​ផ្ទៃដី ភាព​ស្អាត​ក្នុង​ទឹក និង​ភាព​ស្អាត​លើ​មេឃ​។ ចំពោះ​ភាព​ស្អាត​ក្នុង​ទឹក​នេះ ក្រសួងបរិស្ថាន​បាន​រួម​បញ្ចូល​យុទ្ធនាការ​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​បំពុល​តំបន់​ទឹក​សាធារណៈ និង​បរិស្ថាន​។ កន្លង​មកនេះ ម្ចាស់​រោងចក្រ សហគ្រាស​ និង​ក្រុមហ៊ុន​នានា បាន​ចូលរួម​ជា​បន្តបន្ទាប់​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការ​បញ្ចេញ​សំណល់​រាវ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​មិន​ត្រឹមត្រូវ នាំ​ឱ្យ​មានការ​បំពុល​តំបន់​ទឹក​សាធារណៈ ប៉ះពាល់​ដល់​បរិស្ថាន​ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ​។

ជាមួយ​គ្នា​នេះ លោក ខ្វៃ អាទិ​ត្យា បាន​ថ្លែង​ថា ការ​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​ដែល​នាំ​ឱ្យ​មានការ​បំពុលបរិស្ថាន បាន​ចែង​តាម​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា ក្នុង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ត្រង់​មាត្រា​១៧៨ មាត្រា​២៨៧ មាត្រា​២៨៨ មាត្រា​៨២៩ ទាក់ទង​នឹង ការ​បញ្ចេញ​សំណល់ ឬ​សារធាតុបំពុល​ទៅ​ក្នុង​បរិស្ថាន មិន​ស្រប​តាម​ស្តង់ដារ​បញ្ចេញ​សំណល់​រាវ ត្រង់​មាត្រា​៨៤៥ ការ​មិន​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​គ្រប់គ្រង​សំណល់​រាវ និង​ទឹក​កខ្វក់​។ លើស​ពី​នេះ ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក ការ​កាត់​បន្ថយ​និង​ទប់ស្កាត់​ការ​បំពុល​តំបន់​ទឹក​សារ​ធារ​ណៈ ក៏​មាន​ចែង​ក្នុង​បទដ្ឋាន​គត្តិ​យុ​ត្ត​មួយ​ចំនួន​ផ្សេង​ទៀត ដែល​បាន​ចូល​ជា​ធរមាន របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៥​នេះ​ដែរ រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ចំ​នួ​៦១ ទីតាំង បាន​ចុះ​កិច្ចសន្យា ក្នុង​នោះ​មាន​៤៨​ទីតាំង បាន​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការ​បញ្ចេញ​សំណល់​រាវ នៅ​តាម​ទីតាំង​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ