រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា ចុះពិនិត្យទីតាំងមួយកន្លែង ដែលបានសាងសង់បិទផ្លូវសាធារណៈ ក្នុងនោះមានគ្រួសារបានយល់ព្រមរុះរើ ប៉ុន្តែនៅតែសាលាជ័យថាវី មួយតែប៉ុណ្ណោះ មិនបានចូលរួមសហការ ជាមួយក្រសួង និងអាជ្ញាធរ ។
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាលនៃគណៈ អភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារចុះទៅពិនិត្យនៅទីតាំង ដែលបានសាងសង់លើចំណីផ្លូវសាធារណៈ នៅត្រង់ចំណុចសាលាជ័យថាវី បណ្តោយផ្លូវកេខ ១៤៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានអោយដឹងថា មុនឈានដល់ការចុះអនុវត្តនេះដែរ រដ្ឋបាលខណ្ឌ ក៏បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ទៅកាន់ បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការសង់រោងលើដងផ្លូវសាធារណៈខាងលើ ជាពិសេសសាលាបង្រៀនគួរ «ជ័យថាវី» ដោយការងារនេះ ក៏ទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា មានការរំលោភបំពានដងផ្លូវខាងលើទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់ដល់លំហូរចរាចរណ៍ និងសោភ័ណ្ឌភាពដងផ្លូវសាធារណៈ ក្នុងតំបន់នោះ ។
អភិបាលរងខណ្ឌ៧មករា បញ្ជាក់ថា កំឡុងការអនុវត្តការចុះរុះរើរនេះដែរ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូន ដែលនៅបន្តការរំលោភបំពានហើយមិនចូលរួមសហការក្នុងការរុះរើជាមួយអាជ្ញាធរនោះឡើយ ។
សូមបញ្ជាក់ថា ទីតាំងខាងលើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេក្ដីជូនដំណឹងអោយម្ចាស់ទីតាំងម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា ៖
១. សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី ។
២. សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ ។
៣. សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្គ្រោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ ៕













ចែករំលែកព័តមាននេះ