ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានថៃបានបញ្ចេញចរិតពិសពុលដោយបានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងប្រាសាទតាមាន់ធំ នៅខេត្តឧត្តរមានជ័យ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតឡើងកម្តៅឈានដល់ការប៉ះទង្គិចគ្នាដោយសម្ដីនឹងកម្លាំងមួយប្រាវ តែមិនមានការផ្ទុះអាវុ.ធណាមួយកើតឡើងនោះទេ តាមរយៈវីដេអូជាច្រើនឃ្លីប ដែលត្រូវបានចែកចាយពេញបណ្តាញសង្គម បានឱ្យដឹងថា ក្រុមទាហានប៉ារ៉ាថៃមួយក្រុម បានចេញមករារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ភ្លាមៗនោះកងកម្លាំងកម្ពុជាក៏បានចេញមុខការពារពលរដ្ឋខ្មែរ រហូតមានការប៉ះទង្កិចគ្នា ដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុ.ធដាក់គ្នានោះទេ ។

បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនានៅប្រាសាទតាមាន់ធំ ដែលទេសចរកម្ពុជាមានបង់ក្រមាខ្មែរមានទង់ជាតិខ្មែរ ។ ពេលនោះ បានធ្វើឲ្យប៉ះទង្គិចគ្នា ដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជាជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍ពីសំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើងការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរស្ថានការណ៍ ។

យ៉ាងណាមិញ ក្រោយការប៉ះទង្គិចដោយពាក្យសម្តីមួយប្រាវ និងមានការរុញច្រានផងនោះ ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញ ក្រោយការជួយសម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ ។

សូមបញ្ជាក់ថា នេះមិនមែនជាការប៉ះទង្គិចសម្តីលើកទី១នោះទេ ព្រោះថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទាហានថៃ តែងតែបង្កបញ្ហា អុកឡុកជាបន្តបន្ទាប់ ។ ហេតុការណ៍ដ៏អាក្រក់មួយដែរនោះ គឺ ទាហានឈុតខ្មៅថៃម្នាក់ដែលបន្លំជាភ្ញៀវទេសចរមកទស្សនាប្រាសាទតាមាន់ធំ ហើយបានធ្វើសកម្មភាពចាប់ដៃ រួចបានទះកំផ្លៀងទាហានកម្ពុជាម្នាក់ ដែលឈរជើងនៅតំបន់នោះ រួចរត់គេចចូលទឹកដីថៃបាត់ ។ ដែលសកម្មភាពនេះ ត្រូវបានថ្កោសយ៉ាងខ្លាំងក្លាពីសំណាក់មតិជាតិនិងអន្តរជាតិ ។
យ៉ាងណាមិញ រឿងរ៉ាវ ជនជាតិថៃដែលលួចវៃទាហានខ្មែរ ត្រូវបានកងទព័ជើងគោកថៃ ចេញសេចក្តីប្រកាសថា អតីតទាហានឈុតខ្មៅថៃដែលលបវៃទាហានខ្មែរ ត្រូវបានប្រគល់ប៉ូលិស ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ ៕


ចែករំលែកព័តមាននេះ