ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ចិន​អស់​ចំណាប់អារម្មណ៍​លើ​អចលនទ្រព្យ​អា​មេ​រិ​ក ខណៈ​ប្រទេស​អាស៊ាន​ពីរ​កំពុង​ត្រូវប៉ាន់

4 ម៉ោង មុន

ប្រទេស​ចិន ៖ បណ្តា​សេដ្ឋី និង​មហាសេដ្ឋី​ចិន​កំពុង​បង្វែរ​ការ​ផ្តោតអារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​អចលនទ្រព្យ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​អូស្ត្រាលី​កាន់តែ​ខ្លាំង​ឡើង ខណៈ​ដែល​ចំណាប់អារម្មណ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​ខ្លាំង ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កើនឡើង​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress…

ប្រទេស​ចិន ៖ បណ្តា​សេដ្ឋី និង​មហាសេដ្ឋី​ចិន​កំពុង​បង្វែរ​ការ​ផ្តោតអារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​អចលនទ្រព្យ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​អូស្ត្រាលី​កាន់តែ​ខ្លាំង​ឡើង ខណៈ​ដែល​ចំណាប់អារម្មណ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​ខ្លាំង ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កើនឡើង​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​មុន ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Juwai IQI បាន​បង្ហាញ​ថា សហរដ្ឋអាមេរិក​បាន​ធ្លាក់​ពី​តំណែង​កំពូល​របស់​ខ្លួន​មក​ចំណាត់ថ្នាក់​ទី​៤ កាលពី​ឆ្នាំ​២០២៤ ក្នុង​ចំណោម​គោលដៅ​ដ៏​ពេញចិត្ត​សម្រាប់​អ្នកទិញ​ជនជាតិ​ចិន ដែល​កំពុង​ស្វែង​រក​អចលនទ្រព្យ​មាន​តម្លៃ​ចាប់ពី​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើង ខណៈ​ប្រទេស​ថៃ គឺជា​អ្នក​ដណ្តើម​បាន​ចំណាត់ថ្នាក់​កំពូល និង​តាម​ពីក្រោយ​ដោយ​អូស្ត្រាលី កា​ណា​ដា ម៉ា​ឡេ​ស៊ី និង​ចក្រភព​អង់គ្លេស​។

ការ​ស្ទង់​មតិ​បង្ហាញ​ថា ៩៤% នៃ​អ្នកទិញ​កាលពី​ឆ្នាំ​មុន កំពុង​ស្វែងរក​ផ្ទះ​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ​ដូច​ជា ផ្ទះ​វិស្សមកាល ឬ​ផ្ទះ​សម្រាប់​កូន​ពួក​គេ​ស្នាក់​នៅ​អំឡុង​ពេល​សិក្សា​។ ៦,៥% កំពុង​ទិញ​សម្រាប់​គោលបំណង​វិនិយោគ ខណៈ​មាន​ត្រឹមតែ ៣% ប៉ុណ្ណោះ ដែល​បាន​លើក​ឡើង​ពី​ការ​ធ្វើ​ចំណាកស្រុក​។

អ្នកជំនាញ​បាន​កត់សម្គាល់​ឃើញ​ថា ការ​វិនិយោគ​របស់​ចិន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ពី​កម្រិត​កំពូល​ក្នុង​ឆ្នាំ ២០១៧ ដោយសារ​បញ្ហា​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ជាតិនិយម និង​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​កើនឡើង​នៃ​កិច្ចព្រមព្រៀង​អចលនទ្រព្យ​។

នៅ​ពេល​ដែល​អ្នកទិញ​ជនជាតិ​ចិន​បាន​ងាក​ចេញពី​ទីផ្សារ​សហរដ្ឋអាមេរិក​នោះ ប្រទេស​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​បាន​លេច​ចេញ​ជា​ជម្រើស​ដ៏​សំខាន់​របស់​ពួក​គេ​។ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ វិនិយោគិន​ចិន​បាន​ទិញ​លំនៅ​ដ្ឋា​ន​ចំនួន​៣០១​ខ្នង នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី កើនឡើង ៤២% បើ​ធៀប​នឹង​ចំនួន ២១២​ខ្នង ដែល​វិនិយោគិន​ចិន​បាន​ទិញ​កាលពី​ឆ្នាំ​មុន​។

នៅ​ម៉ា​ឡេ​ស៊ី​ជិតខាង​គ្នា​ឯណោះ​វិញ ការ​កែប្រែ​កម្មវិធី Malaysia My Second Home (MM2H) ដែល​ជា​គម្រោង​លំនៅ​ដ្ឋា​ន​ផ្តល់​ជូន​ជនបរទេស​នូវ​ឱកាស​រស់នៅ​ម៉ា​ឡេ​ស៊ី ក្រោម​គំនិត​ផ្តួចផ្តើម​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល ជាមួយ​អត្ថប្រយោជន៍​សំខាន់​ៗ កាន់តែ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ជនបរទេស​មានទ្រព្យ​សម្បត្តិ​ច្រើន​ក្នុង​ការ​តាំង​លំនៅ និង​ទិញ​អចលនទ្រព្យ​ដោយ​ប្រើ​ប្រាក់​បញ្ញើ​មាន​កាលកំណត់​។ អ្នកជំនាញ​បាន​លើក​ឡើង​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​រីក​ចម្រើន​ក្នុង​ការ​ទាក់ទាញ​បរទេស​ជា​ទិស​ដៅ ដែល​ផ្តល់​ជូន​នូវ​របៀប​រស់នៅ​ដ៏​ប្រណិត​ក្នុង​តម្លៃ​សមរម្យ​។ បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​បាងកក ឬ​សិង្ហ​បុរី​នោះ ផ្ទះ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ឬ​ទីតាំង​តាម​ឆ្នេរសមុទ្រ​មាន​តម្លៃ​ថោក​ជាង ៨៧% ជាមួយនឹង​ការ​ផ្តល់​សំខាន់​ៗ​ជា​ច្រើន​ផ្សេង​ទៀត​។

លើស​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ការ​ចាប់អារម្មណ៍​របស់​សេដ្ឋី និង​មហាសេដ្ឋី​ចិន​លើ​អចលនទ្រព្យ​ក៏​បាន​កើនឡើង​នៅ​ប្រទេស​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​ផង​ដែរ​។ លោក David Johnson នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ Inhous ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ឡុ​ង​ដ៍ បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ​ក្រុមហ៊ុន​របស់​លោក​បាន​ជួយ​អតិថិជន​ចិន​មួយ​ចំនួន ដែល​ត្រូវ​បាន​ចាត់ទុកជា​អតិថិជន​របស់​សហរដ្ឋអាមេរិក​។

លោក​បាន​កត់​សម្គាល់ថា ចក្រភព​អង់គ្លេស ពិសេស​ទីក្រុង​ឡុ​ង​ដ៍ គឺជា​គោលដៅ​ដ៏​ទាក់ទាញ​ដោយសារ​តែ​បណ្តា​សាកលវិទ្យាល័យ​ដ៏​ល្អ ទិដ្ឋភាព​វប្បធម៌​ដ៏​គួរ​ឱ្យ​គោរព និង​ឱកាស​ការងារ ក៏​ដូច​ជា​កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​រហ័ស​ទៅ​កាន់​តំបន់​អឺរ៉ុប​។

នៅ​ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ លោក Peter Li អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ Plus Agency បាន​លើក​ឡើង​ថា នាយក​ប្រតិបត្តិ​ជនជាតិ​ចិន និង​សហការី​របស់​លោក ដែល​តែងតែ​ធ្វើ​ដំណើរ​ញឹកញាប់​រវាង​ទីក្រុង​សៀង​ហៃ និង​សិង្ហ​បុរី ដើម្បី​ស្វែងរក​អាជីវកម្ម បាន​ចាប់ផ្តើម​ស្វែងរក​អចលនទ្រព្យ​នៅ​ទីក្រុង​ស៊ី​ដ​នី ដែល​មាន​តម្លៃ​ប្រហែល ៦,៤​លាន​ដុល្លារ កាលពី​ខែ​មុន បន្ទាប់​ពី​បោះបង់​គម្រោង​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក​។ លោក​ថា អូស្ត្រាលី​មិន​ត្រឹមតែ​ផ្តល់​បរិយាកាស​ស្ថិរភាព​ជាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​តំបន់​ដ៏​ងាយស្រួល​សម្រាប់​អ្នកទិញ​ដែល​មាន​មូលដ្ឋាន​នៅ​អាស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ