ទីក្រុងម៉ូស្គូ៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូហើយកាលពីយប់មិញ។ លោកអញ្ជើញទៅដល់អាកាសយានដ្ឋាននូកូវ៉ូពីរ (Vnukono-2) នៃទីក្រុងម៉ូស្គូត្រឹមតែបន្តិចប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធររុស្ស៊ីអះអាងថាពួកគេបាញ់ទម្លាក់យន្តហោះដ្រូនដែលហោះសំដៅទៅម៉ូស្គូដើម្បីធ្វើសកម្មភាពអ្វីម៉្យាង។ បីម៉ោងមុនការអញ្ជើញទៅដល់របស់ថ្នាក់ដឹកនាំចិន រុស្ស៊ីត្រូវបង្ខំចិត្តបិទព្រលានយន្តហោះដ៏សំខាន់១នៅម៉ូស្គូដោយសារការរំខានពីសំណាក់ដ្រូនរបស់អ៊ុយក្រែន។
វិមានក្រឹមឡាំងថ្លែងថាការដែលអ៊ុយក្រែនបន្តវាយប្រហារទីក្រុងម៉ូស្គូបែបនេះឆ្លុះបញ្ចាំងឱ្យឃើញថាពួកគេមានទំនោរទៅរកការប្រព្រឹត្តអំពើភេរវកម្ម។ ប៉ុន្តែទីភ្នាក់ងារសម្ងាត់ និងយោធារុស្ស៊ីនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីការពារសន្តិសុខនៅអំឡុងពេលរៀបចំខួប៨០ឆ្នាំនៃទិវាជ័យជម្នះនៅថ្ងៃទៅ៩ ខែឧសភា។ កាលពីយប់មិញ រុស្ស៊ីក៏វាយប្រហារតាមអាកាសចូលទីក្រុងកៀវផងដែរបណ្ដាលឱ្យស្លាប់ស្ត្រីជាម្ដាយ និងកូនប្រុសម្នាក់។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរអ៊ុយក្រែន។
នៅក្នុងការរំលឹកទិវាជ័យជម្នះលើកនេះ រុស្ស៊ីបានអញ្ជើញថ្នាក់ដឹកនាំសំខាន់ៗដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីយ៉ាងតិច២៨រូបរួមទាំងគណៈប្រតិភូ និងឥស្សរជននយោបាយជាន់ខ្ពស់បរទេសជាច្រើនទៀត។ ហេតុនេះ រុស្ស៊ីប្រកាសថាបទឈប់បាញ់បីថ្ងៃចាប់ពីថ្ងៃទី៨-១០ ខែឧសភាត្រូវ ចូលជាធរមានចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍នេះតទៅ។ រុស្ស៊ីរៀបចំទិវារំលឹកខួបលើកនេះប្រឈមនឹងការវាយប្រហារពីអ៊ុយក្រែន។ កាលពីយប់មិញ រុស្ស៊ីបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនយ៉ាងតិច១៤គ្រឿងដែលហោះសំដៅទៅទីក្រុងម៉ូស្គូ។ ក្រោយមក បាញ់ធ្លាក់២គ្រឿងថែមទៀត។ នេះបើតាមការអះអាងរបស់អភិបាលក្រុងម៉ូស្គូ។
នៅថ្ងៃព្រហស្បតិ៍ គេរំពឹងថាលោកស៊ីជីនពីង និងលោកពូទីននឹងជួបពិភាក្សាការងារមុនពេលចូលរួមទិវាជ័យជម្នះនៅថ្ងៃស្អែក។ នៅអំឡុងទស្សនកិច្ចនេះ គេរំពឹងថាប្រទេសចិន និងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង១ចំនួនដើម្បីពង្រឹងទំនាក់ទំនងដែលមានស្រាប់។ គេរំពឹងថាលោកពូទីននឹងរំលេចឱ្យឃើញពីភាពចាំបាច់ដែលពិភពលោកត្រូវមានពហុប៉ូល។
នៅក្នុងអត្ថបទដែលចុះផ្សាយនៅលើទំព័រសារព័ត៌មានរុស្ស៊ី លោកស៊ីជីនពីងបានរំលេចឱ្យឃើញថាចិន និងរុស្ស៊ីត្រូវតែរួមកម្លាំងគ្នាថែរក្សាសណ្ដាប់ធ្នាប់ពិភពលោក។ សារព័ត៌មានជាផ្លូវការរបស់ចិនផ្សាយថាប្រទេសទាំង២គួររួមគ្នាទប់ទល់នឹងការប៉ុនប៉ងណាមួយដើម្បីបន្ទច់បង្អាក់ និងធ្វើឱ្យចុះខ្សោយចំណងមិត្តភាព និងជំនឿទុកចិត្តគ្នារវាងប្រទេសចិន និងរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova) ចាត់ទុកទស្សនកិច្ចរបស់លោកស៊ីជីនពីងទៅម៉ូស្គូលើកនេះជាព្រឹត្តិការណ៍សំខាន់នៅក្នុងទំនាក់ទំនងចិន-រុស្ស៊ី។ លោកយុនស៊ុន (Yun Sun) ជាអ្នកវិភាគជើងចាស់ខាងបញ្ហានយោបាយចិនយល់ថាក្រោយសង្គ្រាមលោកលើកទី២ គេគិតសំខាន់ទៅលើការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកឱ្យបានល្អឡើងវិញ។
ដូច្នេះ នៅពេលពិភពលោកចាប់ផ្ដើមរញ៉េរញ៉ៃបាត់សណ្ដាប់ធ្នាប់ ចិន និងរុស្ស៊ីជាអ្នកជំហរធំជាងគេក្នុងការការពារសណ្ដាប់ធ្នាប់, របៀបធ្វើការរបស់អង្គការសហប្រជាជាតិ ដើម្បីទប់ទល់នឹងនយោបាយឯកតោភាគីនិយម និងអនុត្តរភាពនិយម។ លោកយូរី អ៊ូសាកូស (Yuri Ushakov) ជាជំនួយការរបស់លោកពូទីនថ្លែងថានៅក្នុងគម្រោងជួបគ្នារវាងថ្នាក់ដឹកនាំចិន និងរុស្ស៊ីលើកនេះ លោកទាំង២នឹងពិភាក្សាអំពីវិស័យសំខាន់ៗដូចជាកិច្ចសហការខាងថាមពល និងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នចេញពីតំបន់ស៊ីបេរីទៅប្រទេសចិន។ ប្រភពខ្លះថានេះជាគម្រោងដ៏ធំដែលអាចនឹងពង្រីកការចែកចាយឧស្ម័នរុស្ស៊ីរហូតដល់ប្រទេសដទៃទៀតនៅទូទាំងទ្វីបអាស៊ី។ នេះបើតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ