ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ក អ៊ុ​ក សុផល ​ត្រូវ​បាន​ប្រកាស​ផ្លាស់​ប្តូរ និង​ទទួលស្គាល់​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ជំនួស​សមាជិក​ម្នាក់ ​ដែល​ទទួលមរណភាព

2 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ផ្លាស់​ប្តូរ និង​ទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ មួយ​រូប គឺ​លោក អ៊ុ​ក សុផល…

រាជធានីភ្នំពេញ ​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ផ្លាស់​ប្តូរ និង​ទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ មួយ​រូប គឺ​លោក អ៊ុ​ក សុផល អតីត​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ត្រូវ​បាន​ប្រកាស​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជំនួស​លោក អ៊ា​ង ស៊ី​ផា​ន សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ដែល​បាន​ទទួលមរណភាព ​។

ពិធី​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៥​ ក្នុង​កិច្ចប្រជុំ​សាមញ្ញ ​លើក​ទី​១២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ ក្រោម​អធិបតីភាព​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ និងលោក កើ​ត ឆែ អភិបាលរង​ និង​ជា​តំណាង​លោក ​ឃួ​ង ស្រេង អភិបាល ​នៃ​គ​ណៈ​អភិបាល​រាជធានី​ភ្នំពេញ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ ។

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​កោតសរសើរ​ថា​ ភ្ញៀវ​ជាតិ ​និង​បរទេស ​ដែលទៅ​ដើរ​លេង​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង ​(Walk Street) ​ច្រើន​កុះករ ​និង​ទទួល​បាន​នូវ​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ អន្តរជាតិ រហូត​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ ​ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ឈ្មោះ​ថា ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី​ ។

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ផង​ដែរ​ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កងកម្លាំង​មាន​សមត្ថកិច្ច​ចំណុះ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ទាំងអស់​ ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ និង​គណៈប្រតិភូ​ជាន់ខ្ពស់ ដឹកនាំ​ដោយ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​លោក​ជំទាវ ផេ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ នាយក​រដ្ឋមន្ត្រី​ថៃ បាន​យ៉ាង​ល្អ​ប្រសើរ​ ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ក៏​បាន​ពិនិត្យ​ និង​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ផ្លាស់​ប្តូរ និង​ទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ មួយ​រូប គឺ​លោក អ៊ុ​ក សុផល អតីត​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ត្រូវ​បាន​ប្រកាស​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជំនួសលោក អ៊ា​ង ស៊ី​ផា​ន សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ ដែល​បាន​ទទួលមរណភាព​។ ក្នុង​នោះ​ដែរ​បាន​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​កំណត់ហេតុ​ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១ របស់​ក្រុមប្រឹក្សា​រាជធានី​-ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥​។ ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ​២០២៥ ស្តី​ពី​ការ​អនុវត្ត​ការងារ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ថ្មី អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ស្រប​តាម​ច្បាប់​ជា​ធរមាន​។ ​បន្ថែម​ពី​នេះ ​ទីចាត់ការ​ធនធានមនុស្ស​ត្រូវ​រៀបចំ​ឯកសារ ដើម្បី​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ថ្មី​បាន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​។

លោក កើ​ត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ​ក្នុង​ឱកាស​នោះ​ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា​ ការ​កោតសរសើរ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជា​ការ​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុះពារ​បន្ថែម​ទៀត ដើម្បី​ឱ្យ​រាជធានី​ភ្នំពេញ មាន​សន្តិសុខ សុវត្ថិភាព កាន់តែ​ល្អ​ប្រសើរ​ជាមួយ​និង​ការ​អភិវឌ្ឍ​រីក​ចំរើន​បន្ថែម​ទៀត​។ ដោយ​ចំពោះ​ការ​ស្នើ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រៀបចំ​ចំណត​បន្ថែម​ទៀត ដើម្បី​ទទួលភ្ញៀវ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង​ (Walk Street) ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អាច​ពង្រីក​បន្ថែម​ចំពោះ​ចំណ​តទៅ​តាម​តម្រូវការ​ភ្ញៀវ​ទេសចរណ៍​បាន​ទេ ព្រោះ​សុទ្ធតែ​ជា​ដី​ឯកជន​។​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវ​ដែល​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង ​(Walk Street) ​ប្រើប្រាស់​មធ្យោបាយ​រួម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ