រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ទឹកប្រាក់ប្រមាណ ២.៥ដល់មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នឹងគាំទ្រគម្រោង នៃកិច្ចសហប្រតិបត្តិការចំនួន១១ នៅកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោង កម្ពុជាសរុបចំនួន ១១ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។ គម្រោងទាំងនោះ នឹងផ្តល់ផលប្រយោជន៍ជា ច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ ទេសចរណ៍ សុខាភិបាល កសិកម្ម ការអភិរក្ស និងការស្តារឡើងវិញ នូវតំបន់វប្បធម៌ ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការលើក កម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងការលុប បំបាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងចំនួន ៩៥ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែក យ៉ាងសំខាន់ដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕



ចែករំលែកព័តមាននេះ